ជីវិតជាសិស្សឬនិស្សិតមិនមែនមានតែភាពសប្បាយរីករាយនោះទេ ជួនកាលការសិក្សាបានក្លាយទៅជាបន្ទុកដ៏ធ្ងន់មួយនាំឲ្យអ្នកមានអារម្មណ៍ធុញទ្រាន់ ហត់នឿយអស់សង្ឃឹមនិងចង់បោះបង់ចោលគ្រប់យ៉ាង។ ប្រសិនបើអ្នកកំពុងមានអារម្មណ៍បែបនេះសូមដឹងថាអ្នកមិនមែននៅម្នាក់ឯងទេហើយនេះជារឿងធម្មតាដែលមនុស្សគ្រប់រូបអាចឆ្លងកាត់បាន។
១. ទទួលស្គាល់ការឈឺចាប់ហើយអនុញ្ញាតឲ្យខ្លួនឯងសម្រាក
រឿងដំបូងដែលអ្នកត្រូវធ្វើគឺ ទទួលស្គាល់អារម្មណ៍របស់ខ្លួនឯង កុំបង្ខំចិត្តថាត្រូវតែរឹងមាំគ្រប់ពេលការនឿយហត់ផ្លូវចិត្តពិតជាមានមែន។ សូមដកឃ្លាមួយពេលខ្លីទុកឲ្យខ្លួនឯងបានសម្រាកពេញលេញមិនមែនគ្រាន់តែសម្រាកពីសៀវភៅប៉ុណ្ណោះទេតែសម្រាកពីសម្ពាធទាំងអស់ផងដែលពេលដែលរាងកាយនិងផ្លូវចិត្តបានស្រស់ស្រាយ អ្នកនឹងចាប់ផ្តើមមានថាមពលឡើងវិញ។
២. ពិនិត្យមើលមូលហេតុពិតប្រាកដ
ការបាក់ទឹកចិត្តមិនមែនកើតឡើងដោយគ្មានមូលហេតុទេ។ តើអ្នកអស់កម្លាំងដោយសារ៖
• លទ្ធផលមិនល្អ? (កុំឲ្យពិន្ទុកំណត់តម្លៃអ្នក)
• ភាពតានតឹងពីការប្រឡង? (រៀនដើម្បីចំណេះ មិនមែនដើម្បីការប្រឡងតែមួយមុខ)
• ការរៀបចំផែនការរៀនច្រើនជ្រុល? (កាត់បន្ថយទម្ងន់ការងារ ហើយរៀបចំរបៀបវារៈឲ្យមានតុល្យភាពរវាងការរៀន និងការលេង)
• បញ្ហាផ្ទាល់ខ្លួន? (សូមស្វែងរកជំនួយពីអ្នកទុកចិត្ត)
ពេលអ្នកដឹងមូលហេតុច្បាស់លាស់ អ្នកនឹងអាចដោះស្រាយបញ្ហាបានចំចំណុច។
៣. បំបែកគោលដៅធំទៅជាចំណុចតូចៗ
ក្តីស្រមៃរបស់អ្នកធំធេងតែកុំឲ្យវាក្លាយជាកម្លាំងសង្កត់អ្នកឲ្យលិច។សូមចាប់ផ្តើមពីជំហានតូចៗសិន៖
• ថ្ងៃនេះ: គ្រាន់តែអានចំណុចថ្មីមួយដែលអ្នកមិនទាន់យល់ឲ្យបានច្បាស់ប៉ុណ្ណោះ។
• សប្តាហ៍នេះ: ផ្តោតតែលើការធ្វើលំហាត់មួយប្រភេទឲ្យស្ទាត់។
រាល់ជោគជ័យតូចៗនេះនឹងបន្ថែមទំនុកចិត្តដល់អ្នក ហើយជំរុញអ្នកឲ្យបោះជំហានទៅមុខដោយមិនដឹងខ្លួនកុំខ្វល់ពីល្បឿនឲ្យតែអ្នកមិនឈប់ដើរ។
៤. ចងចាំពីអត្ថន័យនៃការសិក្សា
ការសិក្សាមិនមែនត្រឹមតែជាការទន្ទេញមេរៀននោះទេ៖
• វាជាស្ពានភ្ជាប់ទៅអនាគត៖ ចំណេះដឹងជាអាវុធដ៏មុតស្រួចតែមួយគត់ដែលគ្មាននរណាអាចលួចយកពីអ្នកបាន ហើយវាជាគន្លឹះបើកទ្វារឱកាសក្នុងជីវិត។
• វាជាការអភិវឌ្ឍខ្លួនឯង៖ ដំណើរការសិក្សាបានបង្រៀនអ្នកឲ្យចេះដោះស្រាយបញ្ហាចេះគិតវិភាគនិងចេះគ្រប់គ្រងខ្លួនឯងជំនាញទាំងនេះសំខាន់ជាងពិន្ទុទៅទៀត។
៥. កម្លាំងចិត្តនៅជុំវិញអ្នក
សូមកុំនៅម្នាក់ឯងទៅនិយាយជាមួយមនុស្សដែលអ្នកទុកចិត្តបំផុតឪពុកម្តាយ គ្រូបង្រៀន ឬមិត្តភក្តិ ពួកគេអាចផ្តល់ដំបូន្មានល្អៗឬគ្រាន់តែជាអ្នកស្តាប់ដ៏ល្អម្នាក់ការមានអ្នកគាំទ្រពិតជាជួយឲ្យផ្លូវចិត្តរបស់អ្នកប្រសើរឡើងវិញបាន។
ពេលអ្នកមានអារម្មណ៍ថាបាក់ខ្លាំងបំផុតសូមខ្សឹបប្រាប់ខ្លួនឯងថា៖ "ខ្ញុំនឹងព្យាយាមបន្ថែមមួយថ្ងៃទៀតខ្ញុំនឹងព្យាយាមម្ដងទៀត"។
កម្លាំងដែលអ្នកកំពុងស្វែងរកគឺមាននៅក្នុងខ្លួនអ្នកស្រាប់ចូរងើបឈរឡើងវិញហើយចាប់ផ្តើមបន្តិចម្ដងៗ។ ដំណើរផ្លូវមួយពាន់ម៉ាយក៏ត្រូវចាប់ផ្តើមពីជំហានដំបូងដែរ!
អត្ថបទ៖ ជួន សុធា