រហូតមកដល់ពេលនេះគេឃើញ ផ្សារផលិតផលខ្មែរ បានបង្កើតនៅខេត្តកណ្តាល កំពត តាកែវ ពោធិសាត់ បាត់ដំបង ប៉ៃលិន កំពង់ចាម បន្ទាយមានជ័យ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគីរី និង រតនៈគីរី ជាដើម ដែលដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ ខ្មែរយើង។ 

ផ្សារផលិតផលខ្មែរនេះ ដំបូងឡើយមានប្រភពពីគម្រោងជំរុញទីផ្សារសម្រាប់ កសិកម្មខ្នាតតូច ដែលក្រសួងពាណិជ្ជកម្មនិងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្មបានបង្កើតឡើង។ផ្សារផលិតផលខ្មែរនេះ បើកដំណើរការជារៀងរាល់ថ្ងៃសុក្រ-សៅរ៍ និង ថ្ងៃអាទិត្យ ចាប់ពីម៉ោង ០៦៖០០ នាទីព្រឹក -៦៖០០ នាទីល្ងាច។ 

គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចនេះមានគោលបំណងផ្តល់ឱកាសទីផ្សារបន្ថែម ដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករ ផលិត និងជាការតភ្ជាប់ទំនាក់ទំនង ទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុង ស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និង ជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។

គម្រោងនេះមានរយៈពេលប្រាំមួយឆ្នាំ និងមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ហើយរំពឹងថានឹងបញ្ចប់គម្រោងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ ទោះបីជាគម្រោងនេះបានបញ្ជប់ ប៉ុន្តែផ្សារផលិតផលខ្មែរនេះ បានបន្តដំណើរដោយទទួលបាន ការគាំទ្រពីអ្នកប្រើប្រាស់។ ពិសេសផ្សារផលិតផលខ្មែរនេះកាន់តែទទួលបានការគាំទ្រថែមទៀតបន្ទាប់ ពីប្រជាពលរដ្ឋខ្មែរបានធ្វើពហិការទំនិញនាំចូលពីប្រទេសថៃ។ 

ការគាំទ្រនេះ កើតមានឡើងដោយសារទំនិញទាំងនោះជា បន្លែសុវត្ថិភាព ផ្លែឈើ មាន់ស្រែ អង្ករ ស្រូវ ជាផលិតផលរបស់កសិករក្នុងស្រុក ធានាបាននូវសុវត្ថិភាព មិនមានសារធាតុគីមី។ 

សូមបញ្ជាក់ថា បច្ចុប្បន្ន ផ្សារផលិតផលខ្មែរនេះ កាន់តែទទួលបានការគាំទ្របន្ថែមទៀត បន្ទាប់ពីកម្ពុជាបានរៀបចំពិព័រណ៍ផលិតផលខ្មែរជាបន្តបន្ទាប់ ដូចជា ពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ ដែលបានរៀបចំរយះពេល,ចំនួន ៣ថ្ងៃ ចាប់ពីថ្ងៃទី ១១ ដល់ទី ១៣ ខែកញ្ញា ឆ្នាំ ២០២៥ ដោយសមាគមមូលនិធិសម្តេចតេជោ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដែលជាការរួមចំណែកដល់ ការពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក និងកម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រ ផលិតផលក្នុងស្រុក»រយៈពេល ៣ ថ្ងៃពេញ (២៦-២៨ ខែកញ្ញា ឆ្នាំ២០២៥)ដោយ សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយ និងបង្ហាញផលិតផលកម្ពុជា និងជំរុញសេដ្ឋកិច្ច ក៏ដូចជាការលើកទឹកចិត្តដល់អាជីវកម្មក្នុងស្រុក។ ខណៈផលិតផលខ្មែរកាន់តែទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ នោះជាឱកាសដើម្បីអោយអ្នកផលិតកាន់តែបង្កើនគុណភាព និងសុវត្តិភាពផលិតផលផងដែរ៕ 

ប្រភព៖ក្រសួងព័ត៌មាន