វេជ្ជបណ្ឌិតមកពីស្កុតឡែន និងសហរដ្ឋអាមេរិក បានបង្កើតប្រវត្តិសាស្ត្រក្នុងវិស័យវេជ្ជសាស្ត្រថ្មីមួយ ដោយបញ្ចប់ការវះកាត់ការដាច់សរសៃឈាមខួរក្បាលជាលើកដំបូងបង្អស់លើពិភពលោក ដែលប្រើ មនុស្សយន្តឆ្លាតវៃ។ នេះជាជំហានដ៏អស្ចារ្យមួយ ដែលបង្ហាញពីអនាគតនៃការព្យាបាលពីចម្ងាយ (remote surgery) ដែលអាចជួយសង្គ្រោះជីវិតអ្នកជំងឺរាប់ម៉ឺននាក់នៅតំបន់ជនបទឆ្ងាយៗ។

សាស្ត្រាចារ្យ Iris Grunwald មកពីសាកលវិទ្យាល័យ Dundee(ដុនឌី) បានធ្វើការវះកាត់យកកំណកឈាមចេញពីខួរក្បាលលើសាកសពមនុស្សដែលបានបរិច្ចាគដល់វិទ្យាសាស្ត្រវេជ្ជសាស្ត្រ។ ការវះកាត់នេះត្រូវបានអនុវត្តនៅមន្ទីរពេទ្យ Ninewells(នីនវែល) នៅក្នុងទីក្រុង Dundee ខណៈពេលដែលសាកសពស្ថិតនៅមន្ទីរពេទ្យសាកលវិទ្យាល័យមួយផ្សេងទៀត។
វេជ្ជបណ្ឌិត Ricardo Hanel នៅរដ្ឋ Florida បានធ្វើការវះកាត់ឆ្លងមហាសមុទ្រអាត្លង់ទិកជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដោយគ្រប់គ្រងមនុស្សយន្តពីចម្ងាយជាង ៦,៤០០ គីឡូម៉ែត្រ។

សាកលវិទ្យាល័យ Dundee គឺជាមជ្ឈមណ្ឌលបណ្តុះបណ្តាលសកលនៃសហព័ន្ធពិភពលោកសម្រាប់ការព្យាបាលជំងឺដាច់សរសៃឈាមខួរក្បាល ហើយជាកន្លែងតែមួយគត់នៅក្នុងចក្រភពអង់គ្លេសដែលវេជ្ជបណ្ឌិតអាចវះកាត់លើសាកសពជាមួយនឹងសារធាតុរាវដែលមានលក្ខណៈដូចឈាមរបស់មនុស្សពិតៗដែលដំណើរការនៅក្នុងសរសៃឈាម។
សាស្ត្រាចារ្យ Grunwald(គូវ៉ល) បាននិយាយថា "នេះជាលើកដំបូងដែលយើងអាចអនុវត្តនីតិវិធីវះកាត់យកកំណកឈាមមេកានិចទាំងមូលនៅក្នុងរាងកាយមនុស្សពិតប្រាកដ ដើម្បីបង្ហាញថាជំហានទាំងអស់នៃនីតិវិធីអាចធ្វើទៅបានពិតប្រាកដ"។
នៅក្នុងការពិសោធន៍នេះ សារធាតុរាវដែលធ្វើដូចឈាមមនុស្សត្រូវបានប្រើប្រាស់នៅក្នុងសាកសពចំនួនបួនផ្សេងគ្នា។ អ្នកចូលរួមដែលបានបរិច្ចាគរាងកាយរបស់ពួកគេដល់វិទ្យាសាស្ត្រ បានស្លាប់ក្នុងរយៈពេលបីឆ្នាំកន្លងមកហើយ ។ នីតិវិធីនេះ ត្រូវបានអនុវត្តកាលពីខែតុលាដោយប្រើមនុស្សយន្តពីក្រុមហ៊ុន Sentante របស់ប្រទេសលីទុយអានី។ ខណៈពេលដែលមានការវះកាត់យកកំណកឈាមពីចម្ងាយដែលបានអនុវត្តពីមុនលើគំរូស៊ីលីកុន បោះពុម្ពជា 3D និងលើសត្វ ដែលនេះជានីតិវិធីដំបូងលើរាងកាយមនុស្ស។

តើបច្ចេកវិទ្យានេះដំណើរការយ៉ាងដូចម្តេច?
ជំងឺដាច់សរសៃឈាមខួរក្បាល ischaemic(អ៊ីសស្គីមិច) កើតឡើងនៅពេលដែលសរសៃឈាមត្រូវបានស្ទះដោយកំណកឈាម។ វាកាត់ផ្តាច់ការផ្គត់ផ្គង់ឈាម និងអុកស៊ីសែនទៅកាន់ខួរក្បាល ហើយកោសិកាខួរក្បាលបាត់បង់មុខងារ និងស្លាប់។ ការព្យាបាលដ៏ល្អបំផុតគឺការវះកាត់យកកំណកឈាមចេញ ដែលអ្នកឯកទេសប្រើបំពង់បូម និងខ្សែដើម្បីយកកំណកឈាម។
ប៉ុន្តែតើមានអ្វីកើតឡើងនៅពេលដែលអ្នកជំងឺមិនអាចទៅជួបអ្នកឯកទេសដែលព្យាបាលនេះបាន?
សាស្ត្រាចារ្យ Grunwald បាននិយាយថា ការពិសោធន៍បានបង្ហាញថា មនុស្សយន្តមួយអាចភ្ជាប់ទៅនឹងបំពង់បូមឈាម និងខ្សែដូចគ្នាដែលគ្រូពេទ្យវះកាត់ប្រើជាធម្មតា ហើយគ្រូពេទ្យដែលនៅជាមួយអ្នកជំងឺអាចភ្ជាប់ខ្សែទាំងនោះបានយ៉ាងងាយស្រួល។ គ្រូពេទ្យវះកាត់នៅទីតាំងមួយផ្សេងទៀត អាចកាន់ និងផ្លាស់ទីខ្សែរបស់វា ហើយមនុស្សយន្តអនុវត្តចលនាដូចគ្នានេះក្នុងពេលវេលាជាក់ស្តែងទៅលើអ្នកជំងឺ ។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Nvidia និង Ericsson បានចូលរួមក្នុងគម្រោងនេះ ដើម្បីធានាបាននូវការតភ្ជាប់រវាងមនុស្សនឹងមនុស្សយន្ត។
ការវះកាត់ឆ្លងមហាសមុទ្រត្រឹមតែ 120 មិល្លីវិនាទី ដូចជាប៉ះភ្នែកមួយប៉ុណ្ណោះ។

សាស្ត្រាចារ្យ Grunwald បាននិយាយថា មានបញ្ហាសំខាន់ពីរជាមួយនឹងការវះកាត់យកកំណកឈាមចេញតាមបែបនេះគឺ កង្វះខាតគ្រូពេទ្យទូទាំងពិភពលោកដែលអាចធ្វើវាបាន ហើយការព្យាបាលអាស្រ័យលើទីតាំងរបស់អ្នកស្ថិតនៅ។
នៅប្រទេសស្កុតឡែន មានតែបីកន្លែងប៉ុណ្ណោះដែលអ្នកជំងឺអាចទទួលបាននីតិវិធីនេះ - Dundee, Glasgow និង Edinburgh។
មានជំងឺដាច់សរសៃឈាមខួរក្បាលចំនួន 9,625 ករណីនៅក្នុងប្រទេសស្កុតឡែនកាលពីឆ្នាំមុន ហើយមានតែ 212 នាក់ ឬ 2.2% នៃអ្នកជំងឺទាំងអស់ប៉ុណ្ណោះ បានទទួលការវះកាត់យកកំណកឈាមចេញ ខណៈដែលមនុស្ស 1,045 នាក់បានទទួលថ្នាំដើម្បីរំលាយកំណកឈាម។
សម្រាប់ប្រទេសដទៃទៀតនៃចក្រភពអង់គ្លេស មានតែ 3.9% នៃអ្នកជំងឺដាច់សរសៃឈាមខួរក្បាលទាំងអស់ប៉ុណ្ណោះ ដែលទទួលបានការវះកាត់យកកំណកឈាមចេញ ក្នុងឆ្នាំរហូតដល់ខែមីនា ឆ្នាំ 2024។
ប្រភព៖ BBC