គណៈកម្មាធិការសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន បានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងលើសក្ដានុពលវិនិយោគក្នុងប្រទេសកម្ពុជា ជាពិសេសគឺវិស័យទេសចរណ៍ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៥។

ឯកឧត្តម ហ៊ួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលស្វាគមន៍ លោក DATO Sohaimi Shahadan ប្រធានគណៈកម្មាធិការសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន រួមជាមួយគណៈប្រតិភូ ដើម្បីពិភាក្សាការងារ និងសម្តែងការគួរសម។

ក្នុងជំនួបនោះ វិស័យឯកជនកម្ពុជានៅក្នុងឧស្សាហកម្មទេសចរណ៍ និងគណៈកម្មាធិការសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន បានផ្លាស់ប្តូរគំនិត និងគំនិតផ្តួចផ្តើមដែលដើរតួយ៉ាងសំខាន់ក្នុងការជំរុញទេសចរណ៍មូស្លីម ក៏ដូចជាស្វែងរកឱកាសវិនិយោគក្នុងវិស័យទេសចរណ៍នៅកម្ពុជា។

លក្ខខណ្ឌអំណោយផល និងលទ្ធផលផ្លែផ្កា៖

ឯកឧត្តមរដ្ឋមន្ត្រី ហ៊ួត ហាក់ បានគូសបញ្ជាក់អំពីកត្តាអំណោយផលសំខាន់ៗរបស់កម្ពុជា រួមមាន៖

-សន្តិភាព

-ស្ថិរភាពនយោបាយ

-សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈរឹងមាំ

-បរិយាកាសម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព

-លក្ខខណ្ឌអំណោយផលជាមួយនឹងការលើកទឹកចិត្តជាច្រើន ដល់វិស័យឯកជន ជាពិសេសសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស។

ជាលទ្ធផលផ្លែផ្កានៃជំនួបនេះ ក្រោមការសម្របសម្រួលរបស់ក្រសួងទេសចរណ៍ គណៈកម្មាធិការសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន បានយល់ព្រមនាំយកក្រុមហ៊ុនជាសមាជិកប្រមាណ ៥០ ទៅ ១០០ ក្រុមហ៊ុន ដែលប្រកបអាជីវកម្មពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ដូចជា សណ្ឋាគារ ភោជនីយដ្ឋាន បច្ចេកវិទ្យា ម៉ូដសម្លៀកបំពាក់ និងសេវាកម្មផ្សេងៗទៀត មកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ដើម្បីចាប់យកឱកាសវិនិយោគថ្មីៗ។

កិច្ចសហប្រតិបត្តិការជំរុញការវិនិយោ៖

សមាគមទេសចរណ៍កម្ពុជា (CATA), សហព័ន្ធទេសចរណ៍កម្ពុជា (CTF), និង សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក សាខាកម្ពុជា (PATA) នឹងផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន ដើម្បីបន្តជំរុញការវិនិយោគនៅក្នុងវិស័យទេសចរណ៍របស់កម្ពុជា។

អត្តបទ៖ តុប ឡៃហៀង