ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងឆ្នាំ ២០២៥ នេះ យុវជនជំនាន់ Gen Z នៅក្នុងបណ្តាប្រទេសនានានៅតំបន់អាស៊ី បានក្លាយជា កម្លាំងនយោបាយដែលមិនអាចមើលរំលងបាន។ ពួកគេមិនត្រឹមតែជាអ្នកប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែពួកគេជា អ្នកដឹកនាំចលនាបដិវត្តន៍ ដែលទាមទារការផ្លាស់ប្តូរមូលដ្ឋាន និងគណនេយ្យភាពពីរដ្ឋាភិបាល។ ក្នុងនោះមានប្រទេសចំនួន៤បានរងផលប៉ះពាល់ និងបង្ករជាភាពចលាចលស្ទើរពេញផ្ទៃប្រទេសមានដូចជា៖

- បាតុកម្មដែលដឹកនាំដោយយុវជនជំនាន់ Gen Z នៅក្នុងប្រទេសនេប៉ាល់ កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៥ បាតុកម្មនេះត្រូវបានគេហៅថា "បដិវត្តន៍ Gen Z" ដែលមានយុវជនរាប់ម៉ឺននាក់ បានជួបជុំគ្នានៅទីក្រុង Kathmandu ដែលជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់បំផុតមួយ ដែលបានបណ្តាលឱ្យមានការផ្លាស់ប្តូរនយោបាយយ៉ាងធំ និងបង្ហូរឈាមខ្លាំងបំផុតចាប់តាំងពីចលនាលទ្ធិប្រជាធិបតេយ្យចាប់តាំងពីឆ្នាំ ២០០៦ មក។ កងកម្លាំងសន្តិសុខបានប្រើ កាំភ្លើងបាញ់គ្រាប់កៅស៊ូ និង គ្រាប់ពិត ដើម្បីបង្រ្កាប ដែលបណ្តាលឱ្យមានមនុស្ស ស្លាប់ជាង ៧០ នាក់ និង របួសជាង ២.១០០ នាក់។ កត្តាជំរុញ និងមូលហេតុនៃការបះបោរនេះបានផ្ទុះឡើងយ៉ាងឆាប់រហ័ស កើតចេញពីកំហឹងដែលកកកុញជាច្រើនឆ្នាំរបស់ប្រជាជនរួមមាន ការហាមឃាត់បណ្ដាញសង្គមរបស់រដ្ឋាភិបាលនេប៉ាល់បានប្រកាសបិទ បណ្ដាញសង្គមចំនួន ២៦ (រួមមាន Facebook, X/Twitter, YouTube, WhatsApp, និង Instagram) កាលពីថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៥ ដោយលើកហេតុផលថា វេទិកាទាំងនេះមិនបានចុះឈ្មោះតាមច្បាប់ថ្មីរបស់ក្រសួងព័ត៌មាន។ ទោះជាយ៉ាងណា យុវជនបានមើលឃើញថា ការហាមឃាត់នេះ គឺជាការប៉ុនប៉ង បិទមាត់អ្នករិះគន់រដ្ឋាភិបាល និង រឹតត្បិតសេរីភាពបញ្ចេញមតិ។


- ចំណែកបាតុភាពយុវជននៅ ប្រទេសឥណ្ឌូនេស៊ី មានការតវ៉ាទ្រង់ទ្រាយធំប្រឆាំងនឹង អំពើពុករលួយ និងការចំណាយខ្ជះខ្ជាយរបស់មន្ត្រីរដ្ឋាភិបាល ដែលផ្ទុះឡើងខ្លាំងនៅចុងខែសីហា ឆ្នាំ ២០២៥។ យុវជនបានប្រើប្រាស់និមិត្តសញ្ញា ដូចជាទង់ One Piece ដើម្បីបង្ហាញពីការតស៊ូប្រឆាំងនឹងការគៀបសង្កត់។ ចំពោះបញ្ហាដែលបណ្តាលឲ្យមានបាតុកម្មនេះកើតឡើងគឺបណ្តាលមកពី មានករណីដ៏គួរឱ្យរន្ធត់មួយដែល ប៉ូលិសបើករថយន្តបុកតាក់ស៊ី ហើយសម្លាប់អ្នកបើកបរវ័យក្មេង និងការខឹងសម្បារយ៉ាងខ្លាំងនៅពេលដែលដឹងថា សមាជិកសភាទាំង ៥៨០ រូប បានទទួល អត្ថប្រយោជន៍លំនៅឋាន ដ៏ខ្ពស់ហួសហេតុ ខណៈដែលប្រជាជនទូទៅកំពុងជួបការលំបាកដោយសារតែថ្លៃរស់នៅឡើងខ្ពស់។

- យ៉ាងណាមិញការតវ៉ារបស់យុវជននៅតំបន់ Ladakh ទាក់ទងនឹងដែនដីសហភាពឥណ្ឌាជាប់នឹងព្រំដែនចិន ដែលបានផ្ទុះឡើងយ៉ាងហិង្សានៅខែកញ្ញា ឆ្នាំ ២០២៥ ដោយក្រុមអ្នកតវ៉ាដែលភាគច្រើនជាយុវជនជំនាន់ Gen Z។ បាតុកម្មនេះខុសពីបាតុកម្មនៅនេប៉ាល់ត្រង់ថា វាមិនមែនទាក់ទងនឹងអំពើពុករលួយសុទ្ធសាធទេ តែជាការទាមទារអធិបតេយ្យភាពដែនដី និងការការពារធនធាន។ ការដាក់បញ្ចូលក្នុងតារាងទីប្រាំមួយនៃរដ្ឋធម្មនុញ្ញនឹងផ្តល់នូវ ស្វ័យភាពរដ្ឋបាល និង ការគ្រប់គ្រងលើដីធ្លី, ព្រៃឈើ និង ធនធាន ដល់ក្រុមប្រឹក្សាតំបន់ស្វយ័ត ដើម្បីការពារវប្បធម៌ និងប្រព័ន្ធអេកូឡូស៊ីផុយស្រួយរបស់តំបន់នេះពីការឈ្លានពានពីខាងក្រៅ។ ក្រុមអ្នកតវ៉ាបាន ដុតបំផ្លាញការិយាល័យកណ្តាលរបស់គណបក្សកាន់អំណាច (BJP) និង អគារក្រុមប្រឹក្សាតំបន់ នៅទីក្រុង Leh ព្រមទាំងដុតរថយន្តផងដែរ។ ថ្ងៃទី ២៤ ខែកញ្ញា ត្រូវបានគេហៅថា "ថ្ងៃបង្ហូរឈាមបំផុត" ក្នុងប្រវត្តិសាស្ត្រនយោបាយថ្មីៗរបស់ Ladakh ដោយសារមានអ្នកតវ៉ា យ៉ាងតិច ៤ នាក់បានស្លាប់ និង រាប់សិបនាក់បានរងរបួស រួមទាំងក្រុមប៉ូលិសផងដែរ។

- ជាមួយគ្នានេះដែរ បាតុកម្មដ៏ធំបំផុតនៅក្នុងប្រទេស ហ្វីលីពីន នៅទីក្រុងម៉ានីល កាលពី ថ្ងៃអាទិត្យ ទី២១ កញ្ញា ត្រូវបានដឹកនាំដោយយុវជនជំនាន់ Gen Z ដែលមានការខឹងសម្បារយ៉ាងខ្លាំងចំពោះ អំពើពុករលួយ ពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងទឹកជំនន់ក្លែងក្លាយ ដែល ធ្វើឲ្យខាតបង់លុយរដ្ឋរាប់ពាន់លានដុល្លារ។ មូលហេតុចម្បងដែលធ្វើឱ្យកំហឹងផ្ទុះឡើងគឺការលាតត្រដាងពី ករណីពុករលួយដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ។ គេបានរកឃើញថា គម្រោងគ្រប់គ្រងទឹកជំនន់មានតម្លៃជាង $៩.៥ ពាន់លានដុល្លារ ដែលជាគម្រោងដ៏ចាំបាច់បំផុតសម្រាប់ប្រទេសដែលរងគ្រោះដោយព្យុះស៊ីក្លូនជាប្រចាំ រួមជាមួយកំហឹងសាធារណៈបានកើនឡើងនៅពេលដែលបណ្តាញសង្គមបានលាតត្រដាង ជីវិតដ៏ស៊ីវីល័យ របស់ក្រុមមន្ត្រីរដ្ឋាភិបាល អ្នកនយោបាយ និងកូនចៅរបស់ពួកគេ បង្ហាញពីភាពហ៊ឺហារជាមួយនឹងរថយន្តទំនើប និងការធ្វើដំណើរទៅក្រៅប្រទេស ផ្ទុយស្រឡះពីជីវភាពប្រជាជនទូទៅ។ ក្រុមអ្នកតវ៉ាវ័យក្មេងមួយក្រុមបានប៉ះទង្គិចជាមួយប៉ូលិសនៅក្បែរលំនៅដ្ឋានផ្លូវការរបស់ប្រធានាធិបតី ដោយបានគប់ដុំថ្ម និងដុតរថយន្តដឹកទំនិញ ។នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នានេះ ប៉ូលីសបានប្រើកាណុងបាញ់ទឹក ដើម្បីបំបែកក្រុមបាតុករ ហើយប៉ូលិសបានចាប់ខ្លួនមនុស្សជាង ២០០ នាក់។
ការបះបោររបស់ក្រុម Gen Z បានបង្ហាញយ៉ាងច្បាស់ថា យុវជនជំនាន់នេះលែងអត់ឱនចំពោះ អំពើពុករលួយ ពីសំណាក់ឥស្សរជននយោបាយដែលមានឫសគល់ជ្រៅ ហើយពួកគេក៏មិនពេញចិត្តនឹង វិសមភាពសេដ្ឋកិច្ច និង ឱកាសការងារមានកម្រិត នៅក្នុងប្រទេសរបស់ពួកគេដែរ។ ចាប់ពីការផ្តួលរំលំរដ្ឋាភិបាលនៅ នេប៉ាល់ ដោយសារកំហឹងប្រឆាំងនឹងការហាមឃាត់បណ្តាញសង្គម និងរឿង "កូននាម៉ឺន" (Nepo Kids) រហូតដល់ការតវ៉ាប្រឆាំងនឹងការលួចថវិកាជំនួយទឹកជំនន់នៅ ហ្វីលីពីន និងការទាមទារអធិបតេយ្យភាពដែនដីនៅ Ladakh ចលនាទាំងនេះមានគោលដៅរួមមួយ៖ ការទាមទារយកអនាគតរបស់ពួកគេមកវិញ។
អត្ថបទដោយ៖ កណ្ណិការ