
ទសជាតក គឺជាប្រវត្តិរឿងរ៉ាវអតីតជាតិ របស់ព្រះសក្យមុនីគោតម បរមសម្ពុទ្ធក្នុង ១០ ព្រះជាតិ មុនព្រះជាតិ ដែលបានត្រាស់។ រឿងនេះប្រភពដើមជាភាសាបាលី មាននៅក្នុងគម្ពីរខុទ្ទកនិកាយជាតក មហានិបាត ដែលពុទ្ធសាសនិកទាំងបព្វជិត និងគ្រហស្ថមានជំនឿថាជាព្រះពុទ្ធវចនៈ ពិតប្រាកដ ដែលមានមកជាងពីរពាន់ឆ្នាំហើយ។
សេចក្ដីនៃព្រះពុទ្ធវចនៈគ្រប់តែជាតក សុទ្ធតែជាគាថាខ្លី លំបាកប្រែ ពិបាកយល់ ។ ឯសេចក្ដីក្នុងអដ្ឋកថា ដែលជាការពន្យល់នូវពាក្យជាព្រះពុទ្ធវចនៈ នោះទើបងាយយល់ ហើយជារបៀបចងក្រងរឿងជាតកយ៉ាងក្បោះក្បាយផង។ អ្នកប្រាជ្ញបុរាណក្នុងកម្ពុជរដ្ឋបានប្រែជាសម្រាយ យ៉ាងពិស្ដារតាមអដ្ឋកថា ចែកចេញជា ១០ គម្ពីស្លឹករឹតដែលរួមគ្នាហៅថា "គម្ពីរទសជាតក" ផ្ទុកទៅដោយឧត្ដមគតិ ដំបូន្មាន និង ភាសិតដ៏សំខាន់ៗ។
ទសជាតកឬ ក៏អក្សរសិល្ប៍ពុទ្ធនិយមសុទ្ធ គឺជាប្រភេទអក្សរសិល្ប៍ ក្នុងអក្សរសិល្ប៍ពុទ្ធនិយម ដែលមានក្នុងព្រះត្រ័យបិដក មានរឿងទសជាតក និងរឿងសតជាតក ។ ដែលរួមមាន ១០រឿង ហៅថា ទសជាតក ។
ព្រះពោធិសត្វ កាលទ្រង់ចាប់ជាតិទាំង ១០ (ដែលហៅថា ទសជាតិ) ក្នុងជាតិនីមួយៗ ទ្រង់ខំកសាងបំពេញបារមី ដោយតឹងរ៉ឹងហ្មឺងហ្មាត់ មិនដែលបន្ធូរបន្ថយ ឬបណ្តែតបណ្តោយសោះឡើយ។
"ទសបារមី" គឺជាការសាងបារមីទាំង ១០ ក្នុងជាតិទាំង ១០ របស់ព្រះពោធិសត្វ ដោយត្រឹមត្រូវមុនពេលបានត្រាស់ជាព្រះពុទ្ធ។ បារមីទាំង ១០ នោះគឺ ៖
១. ទានបារមី វេស្សន្តរជាតក ជាតកទី ១០: នៅក្នុងរឿងព្រះវេស្សន្តរជាតក គឺជាការធ្វើអំណោយ ប្រាសចាកពីការកំណាញ់។ ធ្វើ អំណោយជាទ្រព្យសម្បត្តិ ការផ្តល់ អភ័យ ការផ្តល់ឱកាស... ។
២. សីលបារមី ភិរិទត្តជាតក ជាតកទី ៧: ការរក្សាកាយវាចាចិត្តឲ្យល្អបរិសុទ្ធប្រពៃ ។ ឧហរណ៍អ្នកជាប់សីល៥ សីល៨ និងសីល១០ តែងជា មនុស្សរស់នៅស្លូតបូតមានចិត្តល្អប្រសើរ។
៣. នេក្ខម្មបារមី តេមិយជាតក ជាតកទី ១: ការចេញបួសលះបង់ កាមគុណ ។ ជាការផ្តាច់ចិត្តមិនឲ្យជាប់ ជំពាក់នឹងទ្រព្យសម្បត្តិ រូបសម្បត្តិ ដែលជា របស់មិនទៀងទាត់ក្នុងលោកនេះ។
៤. បញ្ញាបារមី មហោសថជាតក ជាតកទី ៥: ការដឹងច្បាស់នូវសភាវៈ ប្រែប្រួលឆ្ពោះទៅរកការរីក ចំរើន ឬការវិនាសទៅ។ ជាពិសេស ដឹងច្បាស់នូវគំនិត ដើម្បីចោទ និងដោះស្រាយបញ្អា ។
៥. វិរយបារមី មហោជនកជាតក ជាតកទី ២: ឧស្សាហ៍ព្យាយាមធ្វើការដោយមិនបោះបង់ចោល កណ្តាលផ្លូវ ។
៦. ខន្តីបារមី ចន្ទកុមារជាតក ជាតកទី ៦: ការអត់ធន់នឹងសេចក្តីទុក្ខ ។
៧. សច្ចបារមី វិធុរជាតក ជាតកទី ៩: កាន់ពាក្យពិតមិនរើរុះ ។
៨. អធិដ្ឋានបារមី នេមិរាជជាតក ជាតកទី ៤: តាំងចិត្តមាំដើម្បីឲ្យបានសំរេច ។
៩. មេត្តាបារមី សុវណ្ណសាមជាតក ជាតកទី ៣: ផ្សព្វផ្សាយសេចក្តីរាប់អានចំពោះសត្វមិនរើសមុខ ។
១០.ឧបេក្ខាបារមី នារទព្រហ្មជាតក ជាតកទី ៨: តាំងចិត្តជាកណ្តាល មិនល្អៀងទៅខាងណា ។
អត្ថបទដោយ៖ កណ្ណិការ