
ប្រទេសនេប៉ាល់បានលុបចោលបម្រាមប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីវានាំឱ្យមានការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងប៉ូលីស ដែលបានបណ្តាលឲ្យមនុស្សយ៉ាងតិច ១៩ នាក់ស្លាប់។
យុវជនរាប់ពាន់នាក់ បានបង្ខំខ្លួនចូលទៅក្នុងអគារសភាក្នុងរដ្ឋធានី Kathmandu(កាត់ម៉ាឌូ) កាលពីថ្ងៃច័ន្ទ ដោយស្នើរឱ្យរដ្ឋាភិបាលលុបចោល ការហាមឃាត់លើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមចំនួន 26 រួមទាំង Facebook និង YouTube ហើយថែមទាំងបានអំពាវនាវឱ្យដោះស្រាយអំពើពុករលួយផងដែរ។
ការសម្រេចចិត្តដកបម្រាមនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីល្ងាចថ្ងៃចន្ទ ដើម្បី "ដោះស្រាយការទាមទាររបស់ប្រជាជន Gen Z" រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងព័ត៌មាន Prithvi Subba Gurung បាននិយាយថា យោងតាមរបាយការណ៍មានមនុស្សជាង 100 នាក់បានរងរបួសនៅក្នុងការតវ៉ា ដែលបានកើតឡើង នៅក្នុងទីប្រជុំជននៅខាងក្រៅរដ្ឋធានី។
វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Instagram មានអ្នកប្រើប្រាស់រាប់លាននាក់នៅក្នុងប្រទេសនេប៉ាល់ ដែលពឹងផ្អែកលើពួកគេសម្រាប់ការកម្សាន្ត ព័ត៌មាន និងអាជីវកម្ម។ ប៉ុន្តែរដ្ឋាភិបាលបានដាក់ការហាមប្រាម ដែលបានអនុវត្តកាលពីសប្តាហ៍មុន ក្នុងនាមការដោះស្រាយព័ត៌មានក្លែងក្លាយ ការនិយាយស្អប់ខ្ពើម និងការក្លែងបន្លំតាមអ៊ីនធឺណិត។

កាលពីថ្ងៃចន្ទ ប៉ូលិសក្នុងក្រុង Kathmandu បានបាញ់កាំភ្លើងបាញ់ទឹក ដំបង និងបាញ់គ្រាប់កៅស៊ូ ដើម្បីបំបែកក្រុមបាតុករ។ នាយករដ្ឋមន្ត្រី KP Sharma Oli បាននិយាយថា លោកមានការសោកស្ដាយជាខ្លាំងចំពោះអំពើហិង្សា និងចំនួនអ្នកស្លាប់ និងរបួស ដោយបានស្តីបន្ទោសព្រឹត្តិការណ៍ប្រចាំថ្ងៃលើ "ការជ្រៀតចូលដោយក្រុមផលប្រយោជន៍ផ្សេងៗ"។


លោកបាននិយាយថា រដ្ឋាភិបាលនឹងបង្កើតក្រុមមួយដើម្បីស៊ើបអង្កេតការតវ៉ានេះ ដោយលោកបានបន្ថែមថា រដ្ឋាភិបាលនឹងផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់ជនរងគ្រោះ និងផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់អ្នករងរបួស។
កាលពីសប្តាហ៍មុន អាជ្ញាធរបានបញ្ជាឱ្យបិទប្រព័ន្ធផ្សព្វផ្សាយសង្គមចំនួន 26 សម្រាប់ការមិនគោរពតាមកាលបរិច្ឆេទកំណត់ក្នុងការចុះឈ្មោះជាមួយក្រសួងទំនាក់ទំនង និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសនេប៉ាល់។
រដ្ឋាភិបាលនេប៉ាល់បានអះអាងថា ខ្លួនមិនហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមទេ ប៉ុន្តែកំពុងព្យាយាមនាំពួកគេឱ្យស្របតាមច្បាប់នេប៉ាល់។
ប្រភព៖ BBC