
នំចេកបុក គឺជាបង្អែមខ្មែរមួយប្រភេទដែលគេនិយមចូលចិត្តបរិភោគតាំងពីយូរលង់ណាស់មកហើយដោយសារតែរសជាតិផ្អែមឈ្ងុយខ្លាញ់ដូងរាងប្រៃតិចៗ ជាមួយក្លិនស្លឹកចេកក្រអូបសាយផ្សារភ្ជាប់ទៅនឹងការចងចាំដ៏កក់ក្តៅរបស់កូនខ្មែរគ្រប់រូប។ នំដ៏សាមញ្ញនេះ មិនត្រឹមតែបង្ហាញពីភាពប៉ិនប្រសប់ក្នុងការកែច្នៃរបស់ជនជាតិខ្មែរប៉ុណ្ណោះទេថែមទាំងលាក់ទុកនូវប្រវត្តិនិងអត្ថន័យវប្បធម៌យ៉ាងជ្រាលជ្រៅទៀតផង។
*ដើមកំណើតនៃនំចេកបុកត្រូវបានចាក់ឫសយ៉ាងរឹងមាំនៅក្នុងរបៀបរស់នៅបែបកសិកម្មរបស់ប្រជាជនខ្មែរ នំនេះកើតចេញពីតម្រូវការក្នុងការកែច្នៃផ្លែចេកទុំហួសកម្រិតដែលមានច្រើនហូរហៀរនៅក្នុងភូមិដ្ឋាននីមួយៗ។ នំនេះប្រើប្រាស់វត្ថុធាតុដើមធម្មតាៗដូចជា ចេកទុំ (ជាទូទៅប្រើចេកណាំវ៉ា ឬចេកពងមាន់) ម្សៅអង្ករដំណើប ខ្ទិះដូង អំបិល និង ស្ករ។ ឈ្មោះ "នំចេកបុក" សំដៅលើដំណើរការដ៏សំខាន់គឺ ការបុក ឬច្របាច់ សាច់ចេកទុំឱ្យម៉ដ្ឋហើយច្របល់ចូលជាមួយម្សៅនិងគ្រឿងផ្សំផ្សេងៗរហូតដល់សព្វល្អ។ ដំណើរការនេះតម្រូវឱ្យមានការអត់ធ្មត់និងបង្ហាញពីវិធីសាស្ត្រធ្វើម្ហូបបុរាណដែលពឹងផ្អែកលើកម្លាំងដៃ។ ការវេចដោយស្លឹកចេកហើយយកទៅចំហុយគឺជាក្បួនដើម ដែលមិនត្រឹមតែជួយឱ្យនំឆ្អិនស្អាតប៉ុណ្ណោះទេ ថែមទាំងបន្ថែមក្លិនក្រអូបឈ្ងុយឈ្ងប់ដែលជាលក្ខណៈពិសេសរបស់នំខ្មែរ។
*ទោះបីជានំចេកបុកជាបង្អែមក៏ដោយក៏វាផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពមួយចំនួនផងដែរដោយសារធាតុផ្សំសំខាន់ៗរបស់វា៖
-ចេកជាប្រភពប៉ូតាស្យូមដ៏ល្អដែលជួយដល់ការកន្ត្រាក់សាច់ដុំប្រព័ន្ធប្រសាទនិងគ្រប់គ្រងសម្ពាធឈាមវាក៏ផ្ទុកវីតាមីន B6 និងវីតាមីន C ផងដែរ។ ជាតិសរសៃដែលមាននៅក្នុងចេកនិងម្សៅអង្ករជួយទ្រទ្រង់ដល់ប្រព័ន្ធរំលាយអាហារនិងជួយឱ្យមានអារម្មណ៍ឆ្អែតបានយូរ។ នំចេកបុកមានជាតិកាបូអ៊ីដ្រាតដែលជួយផ្តល់ថាមពលភ្លាមៗដល់រាងកាយធ្វើឱ្យវាស័ក្តិសមសម្រាប់បរិភោគជាអាហារសម្រន់ខ្ទិះដូងបានផ្ដល់នូវខ្លាញ់ឆ្អែតល្អដែលអាចប្រើជាប្រភពថាមពលយ៉ាងឆាប់រហ័ស។
*នំចេកបុកមានសារៈសំខាន់លើសពីអាហារគឺវាជាផ្នែកមួយនៃអត្តសញ្ញាណវប្បធម៌ខ្មែរ៖
-ការប្រើប្រាស់ចេកទុំច្រើនឆ្លុះបញ្ចាំងពីភាពសំបូរសប្បាយនៃផលិតផលកសិកម្មកម្ពុជានិងការច្នៃប្រឌិតពីភាពសាមញ្ញ។ នំនេះតែងត្រូវបានយកមកធ្វើជាចង្ហាន់ប្រគេនព្រះសង្ឃជាភស្តុភាឬជាចំណីចែករំលែកនៅក្នុងពិធីបុណ្យទាននានាដូចជា បុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំ និងជាម្ហូបទទួលភ្ញៀវ។
-នំចេកបុកគឺជាមុខរបរមួយសម្រាប់ស្ត្រីមេផ្ទះនៅតាមជនបទនិងទីក្រុងដែលជួយទ្រទ្រង់ដល់សេដ្ឋកិច្ចគ្រួសារនិងជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក។ នំនេះបានក្លាយជាបង្អែមតំណាងជាតិមួយដែលភ្ញៀវទេសចរជាតិនិងអន្តរជាតិចាប់អារម្មណ៍ចង់ភ្លក្សនៅពេលមកដល់ប្រទេសកម្ពុជា។
សរុបមក នំចេកបុកគឺជាការរួមបញ្ចូលគ្នាយ៉ាងចុះសម្រុងគ្នារវាងរសជាតិផ្អែមនៃចេកភាពស្អិតនៃម្សៅដំណើបនិងភាពក្រអូបនៃដូងនិងស្លឹកចេក វាជានំដែលប្រាប់រឿងរ៉ាវអំពីប្រវត្តិសាស្ត្រធ្វើម្ហូបដ៏យូរលង់និងភាពប៉ិនប្រសប់របស់ប្រជាជនខ្មែរក្នុងការបង្កើតអ្វីដែលអស្ចារ្យពីវត្ថុធាតុដើមដែលនៅជិតដៃ។
អត្ថបទ៖ ជួន សុធា