ដើមក្រញូងមានដើមកំណើតនៅបណ្តាប្រទេសឥណ្ឌូចិន ដូចជា កម្ពុជា វៀតណាម ឡាវ និងប្រទេសដែលនៅជិតខាង ។ ដើមឈើនេះវាច្រើនដុះនៅក្នុងតំបន់ព្រៃដីទំនាបដែលមានរបបទឹកភ្លៀងប្រចាំឆ្នាំពី ១២០០-១៦៥០ម.ម ហើយនឹងមានសីតុណ្ឌភាពប្រចាំឆ្នាំពី២០-៣២អង្សាសេនិងមានសីតុណ្ហភាពទាបបំផុតត្រឹម ១០ អង្សាសេ។មិបត្រឹមតែប៉ុណ្ណោះដើមក្រញូងត្រូវការសំណើមមធ្យមចូលចិត្តពន្លឺថ្ងៃដែលហើយវាក៏អាចធន់នឹងរដូវរាំងស្ងួតបានរយៈពេលយូរទៀតផង។ ឈើប្រភេទនេះមិនអាចទាមទារលក្ខខណ្ឌដីល្អប៉ុន្មាននោះទេ ក៏ប៉ុន្តែវាចូលចិត្តដុះនៅលើតំបន់ដីឥដ្ឋ ល្បាយខ្សាច់និងដីដែលមានជាតិកំបោរផងដែរ។

ឈើក្រញូងដុះអាចលូតលាស់នៅក្នុងព្រៃល្បោះនិងព្រៃពាក់កណ្តាលស្រាងហើយជារឿយៗដែលគេក៏ជួបប្រទះប្រភេទនេះដុះជាជ្រុំៗហើយប្រមូលផ្តុំជាច្រើននៅរយៈកំពស់ពី៤០០-៥០០ម ធៀបទៅនឹងនីវ៉ូសមុទ្រ។ តាមផែនទីរបាយដំណុះឈើអាទិភាពដែលរៀបចំដោយគំរោងគ្រាប់ពូជឈើកម្ពុជាគេសង្កេតឃើញថានៅប្រទេសកម្ពុជាឈើក្រញូងដុះនៅក្នុងខេត្តមួយចំនួន ដូចជា រតនគិរី ក្រចេះ មណ្ឌលគីរី ស្ទឹងត្រែង ព្រះវិហារ សៀមរាប កំពង់ធំ ពោធិ៍សាត់ និងកោះកុង។

បើក្រឡេកមកមើលនៅក្នុងខេត្តសៀមរាបវិញគំរោងគ្រាប់ពូជឈើកម្ពុជាបានបង្កើតប្រភពគ្រាប់ពូជឈើក្រញូងក្នុងព្រៃធម្មជាតិមួយកន្លែងមានទីតាំងស្ថិតនៅ ឃុំស្រែណូយ ស្រុកវ៉ារិន ដែលមានផ្ទៃដី ទំហំ៥០ ហ.ត និងមានដើមមេដែលបានជ្រើសរើសសំរាប់បេះប្រមូលគ្រាប់ពូជចំនួន ១២១ដើម ។ឈើក្រញូងនេះជាប្រភេទឈើមានទំហំធំដែលអាចទាក់ទាញក្នុងការដាំដុះ។
បើនិយាយពីសាច់ឈើវិញមានសរសៃល្អណាស់នឹងមានស្រាយពណ៌ប្រផេះព្រឿងៗខ្លឹមហើយរឹងមានពណ៌ក្រហមត្នោតស្ទើរតែពណ៌ខ្មៅសាច់ឈើមានសភាពហាប់ម៉ដ្ឋល្អជាប់រឹងធ្ងន់។ ប្រភេទនេះមានដង់ស៊ីតេស្មើនឹង១.០៩ ងាយស្រួលកែច្នៃ ជាប់មាំមិនប្រះបែកនៅពេលវាស្ងួតប្រើបានយូរលើសពីនេះទៀតវាក៍ធន់នឹងពពួកសត្វល្អិតនិងកណ្ដៀរជាដើម។
ដើមឈើមានទម្រង់មិនសូវត្រង់នោះទេនិងមាននិន្នាការផលិតនៅពកឈើ។ដោយឋិតនៅក្នុងអំបូរសិម្ភិកូលដើមក្រញូងមានលទ្ធភាពផ្តល់ជាតិអាសូតទៅដល់ដីដូច្នេះគេអាចដាំតាមរបៀបកសិ-រុក្ខកម្មនិងដាំសំរាប់កែប្រែដីឱ្យប្រសើរឡើង។

គេនិយមប្រើឈើក្រញូងធ្វើជាគ្រឿងសំណង់ គ្រឿងចម្លាក់ គ្រឿងសង្ហារឹមដែល មានគុណភាពប្រណីតក៏ដូចជា តុ ទូ ឧបករណ៍ភ្លេង វត្ថុសិល្បៈ ម៉ាស៊ីនដេរ កាំរទេះជាដើម។ ជាឈើមានតម្លៃសេដ្ឋកិច្ចខ្ពស់ខ្លាំងទាំងទីផ្សារក្នុងស្រុកក៏ដូចជាសំរាប់នាំចេញផងដែរ។ក្រៅពីសាច់ឈើ ឬស របស់វាក៏អាចប្រើប្រាស់ធ្វើជាគ្រឿងចម្លាក់ដោយដៃបានល្អដែរ។ បច្ចុប្បន្នប្រភេទនេះកំពុងស្ថិតក្នុងស្ថានភាពរងការគំរាមកំហែងយ៉ាងខ្លាំងហើយអាចឈានទៅរកការបាត់បង់អស់ពីព្រៃធម្មជាតិបើយើងពុំមានវិធានការសង្គ្រោះអោយទាន់ពេលវេលាទេ។
អត្ថបទ៖ ជួន សុធា