មានបុរសម្នាក់ឈ្មោះ ចេះឆ្ងល់ ដែលល្បីល្បាញពេញភូមិថាជា បុរសកំពូលឆ្ងល់ គាត់ឆ្ងល់អ្វីៗគ្រប់យ៉ាងដែលរំកិលបាននិងរំកិលមិនបាន! អ្នកណាក៏ដឹងថាបើបានជួបគាត់គឺដូចបានចូលរួមកម្មវិធីឆ្លើយសំណួររាប់ពាន់ដែរ មិនថានរណាទេឲ្យតែគាត់សួរហើយគឺត្រូវតាមសួររហូត។
ថ្ងៃមួយ ចេះឆ្ងល់ បានឃើញបុរសម្នាក់កំពុងអង្គុយយំនៅមាត់ទន្លេហើយដូចជាចង់លោតទឹកសម្លាប់ខ្លួន គាត់ក៏ដើរទៅជិតដោយទឹកមុខចាប់អារម្មណ៍យ៉ាងខ្លាំង៖
ចេះឆ្ងល់: បងៗ! ហេតុអីបងយំ? យំដោយសារអ្វី? ទឹកទន្លេហ្នឹងត្រជាក់ទេ? បើលោតទៅស្លាប់មែនទៅឋាននរក ឬឋានសួគ៌? ឋាននរកក្តៅប៉ុណ្ណា? បើស្លាប់បាត់ទៅ ទៅកើតជាអ្វីវិញ? ទៅជាសត្វ? ជាមនុស្ស? ជាដើមឈើ? ហើយដើមឈើហ្នឹងដុះនៅណា?
បុរសដែលកំពុងអស់សង្ឃឹមនោះពេលឮសំនួរច្រើនដូចភ្លៀងធ្លាក់អ៊ីចឹងក៏ឈប់យំងើបឈរព្រឺសម្បុរហើយគិតក្នុងចិត្តថា៖ “អូយ! ស្លាប់ក៏មិនរួចដែរ! ទៅឋាននរកក៏មិនសុខដែរ! គេដឹងតែតាមសួរដល់ឋាននរកទៀត!”
គិតហើយ បុរសនោះក៏រត់សំដៅទៅផ្ទះវិញទាំងភ័យផង ទាំងសើចផងព្រោះអីគាត់រកឃើញថាមានអ្វីដែលគួរឲ្យខ្លាចជាងសេចក្តីស្លាប់គឺបុរសកំពូលឆ្ងល់ នេះឯង! គាត់ស៊ូទ្រាំរស់នៅតទៅទៀតដើម្បីកុំឲ្យជាប់ឆ្ងល់រហូតដល់ឋាននរក។

ចំណែក ចេះឆ្ងល់ វិញក៏បន្តដំណើរទៅមុខដោយភាពសប្បាយរីករាយព្រោះគាត់បានជួយសង្គ្រោះជីវិតមនុស្សម្នាក់ដោយមិនដឹងខ្លួន(តាមរយៈការសួរសំណួរច្រើនជ្រុលរហូតគេខ្លាចមិនហ៊ានស្លាប់)ប៉ុន្តែមិនយូរប៉ុន្មានគាត់ក៏ដើរធ្លាក់ផ្លូវហើយត្រូវបានយមបាលចាប់យកទៅឋាននរក។
យមបាល: "ឯងនៅទីនេះ ៦.០០០ ឆ្នាំ! ព្រោះឯងដើរសួរមនុស្សក្នុងលោកទាំងមូលយ៉ាងតិចក៏ ៦.០០០ សំណួរក្នុងមួយថ្ងៃដែរ! ដល់ពេលឯងទទួលកម្មហើយ!"
ចេះឆ្ងល់: (ធ្វើមុខឆ្ងល់) "លោកយមបាល! ហេតុអីបាន ៦.០០០ ឆ្នាំ? តើ ៦.០០០ ឆ្នាំហ្នឹងស្មើប៉ុន្មានវិនាទី? តើនៅឋាននរកមានម៉ោងទេ? កម្មហ្នឹងជាអ្វី? តើអ្នកណាជាអ្នកបង្កើតច្បាប់ ៦.០០០ សំណួរនេះ?.... "
យមបាលទប់កំហឹងលែងបានក៏ស្រែកថា៖ "ឈប់! ឲ្យវាទៅឋានសួគ៌ទៅ! ខ្ញុំទ្រាំលែងបានទៀតហើយ! ខ្ញុំសុខចិត្តឲ្យវាទៅរំខានទេវតាឯឋានសួគ៌វិញម្តង!"
អត្ថបទ៖ ជួន សុធា