
វិនិយោគិននៅទូទាំងពិភពលោកកំពុងផ្តោតចិត្តលើកិច្ចចរចាពាណិជ្ជកម្មដ៏សំខាន់មួយក្នុងសប្ដាហ៍នេះ រវាងមេដឹកនាំសហរដ្ឋអាមេរិក និងចិន ។ នៅថ្ងៃចន្ទទីផ្សារភាគហ៊ុនសកលបានបង្ហាញនូវភាពរស់រវើក បន្ទាប់ពីមន្ត្រីសហរដ្ឋអាមេរិកបញ្ជាក់ថា ភាគីទាំងពីរកំពុងពិភាក្សាអំពីក្របខណ្ឌសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ដែលអាចនាំឲ្យមានការកាត់បន្ថយពន្ធគយលើការនាំចូលផលិតផលចិន និងការបន្ធូរបន្ថយនៃការរឹតបន្តឹងនាំចេញរ៉ែដ៏កម្ររបស់ចិន។
ការរំពឹងទុកកាន់តែខ្លាំងឡើងសម្រាប់ការជួបជុំរវាងប្រធានាធិបតី ដូណាល់ ត្រាំ និងស៊ី ជីនពីង នៅថ្ងៃព្រហស្បតិ៍ ខណៈដែលវិនិយោគិនសង្ឃឹមថាកិច្ចព្រមព្រៀងនេះនឹងជួយស្ដារភាពស្ងប់ស្ងាត់ក្នុងទំនាក់ទំនងសេដ្ឋកិច្ចរយៈពេលវែងរវាងអំណាចធំទាំងពីរ។ សន្ទស្សន៍ S&P 500 (.SPX) កើនឡើងដល់កម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្រ ខណៈដែលទីផ្សារកូរ៉េខាងត្បូង តៃវ៉ាន់ និងជប៉ុន ក៏បង្ហាញនូវសញ្ញាវិជ្ជមានដូចគ្នា។ ទ្រព្យសម្បត្តិប្រពៃណីដូចជាមាសវិញ ត្រូវបានលក់ចេញ បង្ហាញថាវិនិយោគិនកំពុងផ្លាស់ប្តូរទៅរកការវិនិយោគដែលមានហានិភ័យខ្ពស់ជាងមុន។

អង្គភាពវិនិយោគជាច្រើនបានប្រៀបធៀបស្ថានការណ៍បច្ចុប្បន្នជាមួយឆ្នាំ 2019 ពេលសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនក្តៅជាប់គ្នា។ នៅពេលកន្លងមក ការគំរាមដាក់ពន្ធបន្ថែម 100% លើផលិតផលចិនបានបង្កឱ្យភាគហ៊ុនធ្លាក់ចុះយ៉ាងខ្លាំង ប៉ុន្តែពេលនេះវិនិយោគិនចាប់ផ្តើមជឿថាការចរចា Xi–Trump អាចនាំឲ្យមានភាពបន្ធូរបន្ថយតានតឹង។ ភាគហ៊ុនចិនកើនឡើងជាបន្តបន្ទាប់ បង្ហាញពីការរស់ឡើងវិញនៃសេចក្តីសង្ឃឹមនៅក្នុងទីផ្សារ។
ស្ថានភាពនេះកាន់តែស្មុគស្មាញឡើង ពេលធនាគារកណ្តាលសហរដ្ឋអាមេរិកកំពុងពិចារណាកាត់បន្ថយអត្រាការប្រាក់ម្តងទៀត ដើម្បីជំរុញសេដ្ឋកិច្ច។ ទោះបីជាវាអាចជួយលើកទីផ្សារឡើងវិញក៏ដោយ ប៉ុន្តែការវិនិយោគយ៉ាងពេញលេញក្នុងភាគហ៊ុនដែលទាក់ទងនឹងបច្ចេកវិទ្យា AI ក៏នាំឱ្យមានហានិភ័យខ្ពស់ដែរ ប្រសិនបើប្រាក់ចំណូលមិនដល់តាមការរំពឹងទុក្ខ។
ប្រភព៖ Reuters