ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសថា នឹងដាក់ពន្ធបន្ថែម 100% លើការនាំចូលទំនិញពីប្រទេសចិន ចាប់ពីខែក្រោយនេះទៅ។ ក្នុងការសម្រេចនេះ ត្រូវបានគេដឹងតាមការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក Trump ដែលបាននិយាយថា សហរដ្ឋអាមេរិកក៏នឹងអនុវត្តន៍ ការត្រួតពិនិត្យការនាំចេញ ទៅលើកម្មវិធីនិងបច្ចេកវិទ្យាសំខាន់ៗផងដែរ។

ការប្រកាសថ្មីនេះ បានកើតឡើងបន្ទាប់ពីប្រទេសចិនបានអនុវត្តន៍ ច្បាប់រឹតបន្តឹងការនាំចេញរ៉ែកម្រ និងសម្ភារៈកម្រ ដែលជាវត្ថុធាតុសំខាន់សម្រាប់ផលិតផលបច្ចេកវិទ្យា ដូចជា ស្មាតហ្វូន កុំព្យូទ័រ និងរថយន្តអគ្គិសនី។ ចិនជាប្រទេសដែលគ្រប់គ្រងផលិតកម្មរ៉ែកម្រ និងសម្ភារៈសំខាន់ៗមួយចំនួន ដោយមានឥទ្ធិពលធំលើឧស្សាហកម្មពិភពលោក។
លោក Trump បានចោទប្រកាន់ប្រទេសចិនថា កំពុងមានអរិភាពខ្លាំង និងព្យាយាមធ្វើឱ្យពិភពលោក ក្នុងកណ្តាប់ដៃខ្លួន។ លោកក៏បានគំរាមថា ប្រសិនបើទីក្រុងប៉េកាំងបន្តមានអាកប្បកិរិយាទាំងនេះ អាមេរិកនឹងពិចារណា ដកខ្លួនចេញពីកិច្ចប្រជុំជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ ទោះបីជាបាននិយាយបែបនោះក៏ដោយ លោក Trump ក្រោយមកបានបញ្ជាក់ជាថី្មថា គាត់មិនបានលុបចោលការជួបនេះទេ ប៉ុន្តែមិនប្រាកដថា វានឹងកើតមានឡើងដូចគ្រាមុននោះឡើយ។

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៅសេតវិមាន លោក Trump បាននិយាយថា៖ “ខ្ញុំនឹងទៅទីនោះដោយមិនគិតពីអ្វីនោះទេ។” ការបញ្ជាក់នេះបានបង្ហាញថា ទោះមានភាពតានតឹងខ្លាំងក៏ដោយ សហរដ្ឋអាមេរិកនៅតែបន្តរក្សាទំនាក់ទំនងជាមួយប្រទេសចិន។
បន្ទាប់ពីការប្រកាសរបស់លោក Trump ទីផ្សារហិរញ្ញវត្ថុអាមេរិកបានធ្លាក់ចុះយ៉ាងច្រើន ដោយសន្ទស្សន៍ S&P 500 បានធ្លាក់ចុះ 2.7% ដែលជាការធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីខែមេសា។ នេះបង្ហាញថា អ្នកវិនិយោគកំពុងមានការព្រួយបារម្ភអំពីបញ្ហាសង្គ្រាមពាណិជ្ជកម្មជាថ្មីរវាងអាមេរិក និងចិន។
បញ្ហានេះក៏បានប៉ះពាល់ដល់ក្រុមហ៊ុនអាមេរិកជាច្រើន ដែលពឹងផ្អែកលើវត្ថុធាតុដើមពីប្រទេសចិន ដែល ក្រុមហ៊ុនផលិតរថយន្ត Ford ត្រូវបានបង្ខំឱ្យ ផ្អាកការផលិតជាបណ្តោះអាសន្ន ដោយសារកង្វះខាតសម្ភារៈ។ ចំណែកឯប្រទេសចិនវិញ ក៏បានចាប់ផ្តើម ស៊ើបអង្កេតផ្តាច់មុខលើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Qualcomm ដែលអាចប៉ះពាល់ដល់ការទិញយក និងផលិតបន្ទះឈីបនៅទីផ្សារផ្សេងទៀត។
ទោះបីជាក្រុមហ៊ុន Qualcomm មានមូលដ្ឋាននៅសហរដ្ឋអាមេរិកក៏ដោយ ក៏ប៉ុន្តែ អាជីវកម្មសំខាន់មួយផ្នែក របស់ក្រុមហ៊ុននេះគឺប្រមូលផ្តុំនៅក្នុងប្រទេសចិន។ ដូច្នេះ ការស៊ើបអង្កេតរបស់ចិនអាចបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ការប្រតិបត្តិការរបស់ក្រុមហ៊ុននេះ។
អ្នកស្រាវជ្រាវ Jonathan Czin ពីវិទ្យាស្ថាន Brookings បានពិភាក្សាថា សកម្មភាពថ្មីៗរបស់ប្រធានាធិបតីចិន លោក Xi ជាវិធានការន៍មួយក្នុងការរៀបចំកិច្ចពិភាក្សាផ្លូវការនាពេលខាងមុខ។ លោកបានបញ្ជាក់ថា ការណែនាំច្បាប់ថ្មីអំពីដីកម្រ មិនទាន់មានប្រសិទ្ធភាពភ្លាមៗទេ ហើយក៏អាចជាយុទ្ធសាស្ត្រដើម្បីចាប់យកអត្ថប្រយោជន៍ក្នុងការចរចាជាមួយអាមេរិក។
ក្នុងពេលដូចគ្នា ទីក្រុងប៉េកាំងក៏បានប្រកាសថា នឹងដាក់ ថ្លៃសេវាកំពង់ផែថ្មី ចំពោះកប៉ាល់ដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងក្រុមហ៊ុនដែលដំណើរការដោយអាមេរិកផងដែរ។

បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក និងប្រទេសចិននៅស្ថិតក្នុង ភាពតានតឹងពាណិជ្ជកម្មខ្លាំងបំផុត ចាប់តាំងពីខែឧសភា ដែលទាំងពីរបានដាក់ពន្ធលើទំនិញរបស់គ្នាទៅវិញទៅមក។ ដោយសារតែភាពតានតឹងកើតឡើងជាបន្តបន្ទាប់ អ្នកវិភាគជាច្រើនព្យាករណ៍ថា សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិនអាចនឹងធ្វើឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ទាំងក្នុងផ្នែកផលិតកម្ម បច្ចេកវិទ្យា និងទីផ្សារហិរញ្ញវត្ថុ៕
ប្រភព៖ BBC