ទំនាក់ទំនងឆ្លងច្រកសមុទ្រតៃវ៉ាន់នៅតែជាចំណុចក្តៅបំផុតមួយក្នុងភូមិសាស្ត្រនយោបាយពិភពលោកស្ថានភាពបច្ចុប្បន្នត្រូវបានកំណត់ដោយភាពតានតឹងយោធាដែលកើនឡើងឥតឈប់ឈរការគាបសង្កត់ផ្នែកការទូតរបស់ចិននិងការប្រឹងប្រែងរបស់តៃវ៉ាន់ក្នុងការរក្សាអធិបតេយ្យភាពរបស់ខ្លួនដោយមានការគាំទ្រពីសម្ព័ន្ធមិត្តបរទេសជាពិសេសសហរដ្ឋអាមេរិកនិងជប៉ុន។

ទំនាក់ទំនងរវាងចិនដីគោក និងតៃវ៉ាន់ គឺស្ថិតនៅក្រោមទស្សនៈតែមួយរបស់ទីក្រុងប៉េកាំង ចិនចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួនហើយប្រកាសថានឹងមិនអត់ឱនចំពោះការប្រកាសឯករាជ្យជាផ្លូវការណាមួយឡើយ។ គោលដៅចុងក្រោយរបស់ចិនគឺ "ការបង្រួបបង្រួមជាតិ" ដោយសន្តិវិធី ឬដោយការប្រើកម្លាំងបើសិនជាចាំបាច់។ ក្រោមការដឹកនាំរបស់លោក ស៊ី ជីនពីង ចិនបានប្រើប្រាស់យុទ្ធសាស្ត្របង្កើនសម្ពាធបន្តិចម្តងៗដើម្បីឲ្យតៃវ៉ាន់ចុះចាញ់ដោយគ្មានសង្គ្រាមទ្រង់ទ្រាយធំ។ ការឡោមព័ទ្ធនិងលុកលុយផ្លូវអាកាសនឹងសមុទ្រគឺ បង្កើនការលុកលុយចូលតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសនិងការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ (ដូចជាការធ្វើសមយុទ្ធឡោមព័ទ្ធតៃវ៉ាន់កាលពីឆ្នាំ ២០២២ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី)។

ចិនបានចេញគោលការណ៍តុលាការថ្មីដើម្បីកាត់ទោសអ្នកនយោបាយតៃវ៉ាន់ដែលចោទថាជា "អ្នកផ្តាច់ខ្លួន" ក្នុងគោលបំណងបំភិតបំភ័យមេដឹកនាំនយោបាយស៊ីវិលតៃវ៉ាន់។ ចិនបន្តប្រើប្រាស់ជំនួយហិរញ្ញវត្ថុដើម្បីទាក់ទាញប្រទេសដែលនៅសល់ (ភាគច្រើនជាប្រទេសកោះតូចៗ) ឱ្យកាត់ផ្តាច់ទំនាក់ទំនងការទូត ជាមួយតៃវ៉ាន់ ហើយទទួលស្គាល់ចិនដីគោកវិញ (ករណីកោះណូរូ កាលពីខែមករា ឆ្នាំ ២០២៤)។ ក្រោមការដឹកនាំរបស់ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតេ ដែលជាសមាជិកបក្សប្រជាធិបតេយ្យរីកចម្រើនដែលមានទំនោរឯករាជ្យភាព កំពុងតែប្រឈមមុខនឹងសម្ពាធទាំងនេះ។ តៃវ៉ាន់បានប្តេជ្ញាបង្កើនថវិកាការពារជាតិនិងពង្រឹងសមត្ថភាពយោធាដូចជាការទិញអាវុធថ្មីៗពីសហរដ្ឋអាមេរិកនិងការពង្រឹងប្រព័ន្ធការពារដែនអាកាស។ តៃវ៉ាន់កំពុងវិនិយោគលើមូលដ្ឋានបណ្តុះបណ្តាលផ្កាយរណបគន្លងទាបដើម្បីបង្កើនភាពធន់នៃប្រព័ន្ទទំនាក់ទំនងក្នុងករណីដែលចិនគំរាមកាត់ផ្តាច់ខ្សែកាបក្រោមសមុទ្រ។ តៃវ៉ាន់ខិតខំជំរុញកិច្ចសហប្រតិបត្តិការការពារជាតិជាមួយបណ្តាប្រទេសប្រជាធិបតេយ្យនៅអឺរ៉ុបនិងអាស៊ីប៉ាស៊ីហ្វិកដើម្បីទទួលបានការគាំទ្រផ្នែកនយោបាយនិងបច្ចេកវិទ្យា។

សហរដ្ឋអាមេរិកប្រកាន់ខ្ជាប់នូវច្បាប់ទំនាក់ទំនងតៃវ៉ាន់ ដែលចែងថាខ្លួននឹងផ្តល់មធ្យោបាយដល់តៃវ៉ាន់ដើម្បីការពារខ្លួន។ ភាពមិនច្បាស់លាស់នៅតែមានថាតើអាមេរិកនឹងបញ្ជូនកងទ័ពចូលអន្តរាគមន៍ដោយផ្ទាល់ឬយ៉ាងណា។ ទោះជាយ៉ាងណាក៏ដោយ លោក ដូណាល់ ត្រាំ (ក្នុងនាមជាអតីតប្រធានាធិបតី) ត្រូវបានគេមើលឃើញថាមានភាពស្ទាក់ស្ទើរក្នុងការផ្តល់ការគាំទ្រច្បាស់លាស់ដល់តៃវ៉ាន់ហើយថែមទាំងបានដាក់ពន្ធគយលើតៃវ៉ាន់មួយរយៈផងដែរ។ ជប៉ុនិងសម្ព័ន្ធមិត្តបានបង្កើនការយកចិត្តទុកដាក់លើបញ្ហាតៃវ៉ាន់ដោយមន្ត្រីជប៉ុនមួយចំនួនបានចាត់ទុកជម្លោះតៃវ៉ាន់ថាជាការគំរាមកំហែងដល់សន្តិសុខជប៉ុន។ ចិនបានឆ្លើយតបដោយការគាបសង្កត់ការទូតយ៉ាងខ្លាំងក្លាប្រឆាំងនឹងមេដឹកនាំជប៉ុនដែលគាំទ្រតៃវ៉ាន់។ សហភាពអឺរ៉ុបត្រូវបានជំរុញឱ្យជួយពង្រឹងសមត្ថភាពការពារជាតិរបស់តៃវ៉ាន់ (ផ្ទេរបច្ចេកវិទ្យា) ដើម្បីបង្ខំចិនឲ្យគិតឡើងវិញអំពីហានិភ័យនៃការឈ្លានពាន ឬការបិទផ្លូវ។

ហានិភ័យទំនាក់ទំនងនេះស្ថិតក្នុង ភាពតានតឹងខ្ពស់ បំផុតមួយក្នុងប្រវត្តិសាស្ត្រ ហានិភ័យនៃជម្លោះមិនមែនស្ថិតនៅលើការឈ្លានពានទ្រង់ទ្រាយធំ (ដែលទាមទារកងទ័ពរាប់សែននាក់និងប្រឈមនឹងអាកាសធាតុមិនអំណោយផល)នោះទេប៉ុន្តែវាស្ថិតនឹងចិនអាចនឹងប្រើការបិទផ្លូវសមុទ្រដើម្បីកាត់ផ្តាច់ការនាំចូលសំខាន់ៗ ដោយបង្ខំឱ្យតៃវ៉ាន់ចុះចាញ់ដោយមិនចាំបាច់មានការវាយលុកពេញទំហឹង។ សកម្មភាពយោធារបស់ចិននៅជុំវិញតៃវ៉ាន់ ដូចជាការបាញ់មីស៊ីលឆ្លងកោះអាចបង្កឱ្យមានគ្រោះថ្នាក់ដោយចៃដន្យដែលនាំឱ្យមានការកើនឡើងជាយថាហេតុ។ទំនាក់ទំនងចិន-តៃវ៉ាន់ក្នុងឆ្នាំ ២០២៥ គឺជាការប្រកួតប្រជែងគ្នារវាង យុទ្ធសាស្ត្របង្ខិតបង្ខំឥតឈប់ឈរ របស់ទីក្រុងប៉េកាំងនិងការកសាងភាពធន់និងការគាំទ្រអន្តរជាតិរបស់តៃវ៉ាន់។

 

 

អត្ថបទ៖ ជួន សុធា