រឿង“ភូមិគ្រឹះអាគម”ជាខ្សែភាពយន្ដដំបូងរបស់លោក PeyPey Dey ក្នុងនាមសហផលិតករ និងជាចាងហ្វាង Film Corner​ បានដាក់សម្ភោធកាលពីថ្ងៃទី​ ២៥ ខែសីហា​កន្លង​ ដែលជាខ្សែភាពយន្ដបែបភ័យរន្ធត់ លាយឡំនឹងឈុតឆាកកំប្លែង។

ការបញ្ចេញខ្សែភាពយន្ដដែលជាស្នាដៃកូនខ្មែរមួយនេះ គឺលោកចង់ប្រាប់ទៅប្រទេសជិតខាងដែលតែងតែមើលស្រាលខ្មែរនោះថា ខ្មែរក៏មានលទ្ធភាព និងសមត្ថភាពផលិតភាពយន្ដខ្នាតធំល្អៗដែរ។រឿងកុនមួយនេះបានចំណាយទឹកប្រាក់ប្រមាណ១០ម៉ឺនដុល្លា។

គូរបញ្ជាក់ដែរថា ខ្សែភាពយន្ដ រឿង“ភូមិគ្រឹះអាគម” ចាប់ផ្ដើមចាក់បញ្ចាំងជាផ្លូវការពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ តទៅ នៅគ្រប់រោងភាពយន្ដ Legion និងរោងកុន Prime ព្រមទាំងរោងកុនល្បីៗនៅតាមបណ្ដាខេត្ដមួយចំនួនថែមទៀត។

ក្រោយចាក់បញ្ជាំងចំនួន៥ថ្ងៃកន្លងមកពិតជាមានការគាំទ្រខ្លាំងពីសំណាក់បងប្អូនជនរួមជាតិដោយបានកោតសរសើរ ពីសមត្ថភាពសំដែងរបស់តួអង្គនិងសាច់រឿងដែលមានលក្ខណៈខុសប្លែកពីគេដែលជួយលើកមុខមាត់ថ្មីដល់ស្នាដៃផលិតកុនដំបូងរបស់លោក PeyPey Dy រួមសហការជាមួយលោកទ្រី សក្កដា និងជាផលិតកម្មចុងក្រោយរបស់លោកកៅសីហា។

ជាមួយគ្នានេះដែរមានមតិមហាជនមួយចំនួនបានបញ្ចេញមតិមិនពេញចិត្តចំពោះអ្នកដឹកនាំ និង​តួអង្គមួយចំនួន​ តែទោះជាយ៉ាងណាក្តីលោក PeyPey Dy បាននិយាយក្នុងពិធីសម្ភោធរឿងជាមុនរួចហើយថា ខ្ញុំមិនរំពឹងថាអាចនឹងចំណេញមកវិញ ឬយ៉ាងណាទេ តែនិយាយមួយ គឺខ្ញុំចង់ឲ្យបងប្អូនបានស្គាល់ពីស្នាដៃរបស់ពួកខ្ញុំ។ យើងចេញទៅនេះ អាចនឹងមានចន្លោះប្រហោង តែយើងរីករាយនឹងទទួលយកពីមហាជន ដើម្បីកែលំរឿងរបស់យើងក្រោយៗទៀត”៕
 

អត្ថបទដោយ៖ កណ្ណិការ