
ក្រុមហ៊ុន Spotify បានប្រកាសកាលពីថ្ងៃអង្គារ ទី៣០ ខែកញ្ញាថា ស្ថាបនិក និងជានាយកប្រតិបត្តិ ដ៏យូរអង្វែងរបស់ខ្លួនគឺលោក Daniel Ek នឹងចុះចេញពីតំណែង CEO នៅក្នុងខែមករា ដើម្បីក្លាយជា ប្រធានប្រតិបត្តិ Executive Chairman វិញ។ ការផ្លាស់ប្តូរនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រថ្មីរបស់ក្រុមហ៊ុនក្នុងការអនុម័ត រចនាសម្ព័ន្ធ Co-CEO ដើម្បីពង្រឹងការប្រកួតប្រជែងជាមួយគូប្រជែងធំៗ និងបង្កើនប្រាក់ចំណេញ។
មហាសេដ្ឋី Daniel Ek ដែលបានកសាង Spotify ឱ្យក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេមួយរបស់ពិភពលោកពីតំបន់អឺរ៉ុប នឹងលះបង់ការគ្រប់គ្រងអាជីវកម្មប្រចាំថ្ងៃ។ ក្នុងនាមជាប្រធានប្រតិបត្តិ លោក Ek នឹងផ្តោតសំខាន់លើ ការបែងចែកដើមទុន និង យុទ្ធសាស្ត្ររយៈពេលវែង របស់ក្រុមហ៊ុន ដែលជាតួនាទីដែលក្រុមហ៊ុនហៅថាមានលក្ខណៈបែបអឺរ៉ុប។

ក្រុមហ៊ុន Spotify បានតែងតាំងអ្នកដឹកនាំពីររូបឱ្យមកកាន់តំណែង Co-CEO ថ្មី ដែលជាបុគ្គលិកដ៏សំខាន់ដែលបានធ្វើការជាមួយលោក Ek អស់រយៈពេលជាងមួយទសវត្សរ៍កន្លះគឺលោក Gustav Soderstrom ដែលបច្ចុប្បន្នជាប្រធានផ្នែកផលិតផល និងបច្ចេកវិទ្យា នឹងគ្រប់គ្រងយុទ្ធសាស្ត្របច្ចេកវិទ្យាសកល និងការអភិវឌ្ឍន៍ផលិតផល និងលោកAlex Norstrom ជាប្រធានផ្នែកពាណិជ្ជកម្ម នឹងគ្រប់គ្រងអាជីវកម្មអតិថិជន និងពាណិជ្ជកម្ម រួមជាមួយនឹងប្រតិបត្តិការតន្ត្រី ផតឃែស្ថ និងសៀវភៅអូឌីយ៉ូ។ ពួកគេទាំងពីរនឹងរាយការណ៍ជូនលោក Ek ដែលជាសមាជិកក្រុមប្រឹក្សាភិបាលផងដែរ។

ទោះបីជា Spotify នៅតែជាអ្នកដឹកនាំមុខទីផ្សារ ដោយមានអ្នកប្រើប្រាស់ប្រចាំខែជិត ៧០០ លាននាក់ និងបទចម្រៀងជាង ១០០ លានបទ ដែលនាំមុខ Apple Music ដែលមានប្រមាណ ៩០ លាននាក់ ក៏ដោយ ក៏ក្រុមហ៊ុននៅតែប្រឈមមុខនឹងសម្ពាធធំៗ៖ ការប្រកួតប្រជែង: ក្រុមហ៊ុនត្រូវរក្សានូវការផ្តល់ជូនតន្ត្រីដើម្បីទប់ទល់នឹង YouTube Music និង Amazon Music ។ ម្យ៉ាងទៀតលើសម្ពាធលើប្រាក់ចំណេញ បើទោះបីជាឧស្សាហកម្មតន្ត្រីសកលមានការកើនឡើងក៏ដោយ សម្ពាធលើប្រាក់ចំណេញរបស់ Spotify នៅតែបន្ត ដោយសារតម្រូវការបង់ប្រាក់ខ្ពស់ពីសិល្បករ។ Spotify ទើបតែរាយការណ៍ពី ប្រាក់ចំណេញប្រចាំឆ្នាំដំបូងបំផុត របស់ខ្លួននៅក្នុងឆ្នាំ ២០២៤ បន្ទាប់ពីការដំឡើងថ្លៃបន្តិចបន្តួច និងការខិតខំកាត់ប ន្ថយការចំណាយ។
ក្រោយការប្រកាស ភាគហ៊ុនរបស់ Spotify នៅសហរដ្ឋអាមេរិកបានធ្លាក់ចុះប្រហែល ៥% បើទោះបីជាបានកើនឡើង ៦៣% រួចមកហើយក្នុងឆ្នាំនេះក៏ដោយ។ អ្នកវិភាគបានលើកឡើងថា លោក Ek បានលាឈប់ពីតួនាទី CEO ក្នុងន័យល្អ ប៉ុន្តែបន្សល់ទុកនូវតួនាទីដ៏ធំសម្រាប់សហ-CEO ថ្មីត្រូវបំពេញ។
ប្រភេទ៖ Reuters