ការហាត់ប្រាណមិនត្រឹមតែជាទម្លាប់ដ៏ល្អប៉ុណ្ណោះទេ ថែមទាំងជាគន្លឹះដ៏សំខាន់ក្នុងការលើកកម្ពស់សុខភាពផ្លូវកាយ ផ្លូវចិត្ត និងផលិតភាពការងារពេញមួយថ្ងៃ។ ទោះបីជាការហាត់ប្រាណនៅពេលល្ងាចឬពេលរសៀលក៏ផ្ដល់ផលល្អក៏ដោយក៏ការហាត់ប្រាណនៅពេលព្រឹកព្រលឹមនាំមកនូវអត្ថប្រយោជន៍ពិសេសៗមួយចំនួនដែលមិនអាចមើលរំលងបាន។

១. បង្កើនកម្រិតថាមពល និងអារម្មណ៍វិជ្ជមាន
• ជំរុញថាមពលរាងកាយ: ការហាត់ប្រាណពេលព្រឹកជួយបង្កើនចលនាឈាមរត់និងបញ្ចេញអង់ដូហ្វីនដែលជាអ័រម៉ូនធម្មជាតិធ្វើឱ្យមានអារម្មណ៍ល្អ នេះធ្វើឱ្យអ្នកមានអារម្មណ៍ថាភ្ញាក់រលឹកនិងមានថាមពលជាងការផឹកកាហ្វេទៅទៀត។
• កាត់បន្ថយភាពតានតឹង: ការហាត់ប្រាណជួយកាត់បន្ថយអ័រម៉ូនស្ត្រេសដូច្នេះអ្នកអាចចាប់ផ្ដើមថ្ងៃរបស់អ្នកដោយចិត្តស្ងប់និងត្រៀមខ្លួនដោះស្រាយបញ្ហាប្រឈមបានល្អ។
• បង្កើនអារម្មណ៍ល្អពេញមួយថ្ងៃ: តាមរយៈការធ្វើសកម្មភាពវិជ្ជមានតាំងពីព្រលឹមវានឹងកំណត់ទិសដៅនៃអារម្មណ៍របស់អ្នកឱ្យនៅតែរីករាយនិងវិជ្ជមានពេញមួយថ្ងៃ។
២. ជួយសម្រកទម្ងន់ និងគ្រប់គ្រងចំណង់អាហារ
• ការដុតបំផ្លាញជាតិខ្លាញ់ប្រសើរជាងមុន: ការសិក្សាខ្លះបានបង្ហាញថាការហាត់ប្រាណនៅពេលព្រឹកមុនពេលទទួលទានអាហារ (ពេលពោះទទេ) អាចជួយឱ្យរាងកាយដុតបំផ្លាញជាតិខ្លាញ់ដែលស្តុកទុកជាថាមពលបានកាន់តែមានប្រសិទ្ធភាព។
• គ្រប់គ្រងចំណង់អាហារ: ការហាត់ប្រាណអាចជួយគ្រប់គ្រងអ័រម៉ូនដែលទាក់ទងនឹងចំណង់អាហារធ្វើឱ្យអ្នកមានទំនោរជ្រើសរើសអាហារដែលមានសុខភាពល្អ និងកាត់បន្ថយការញ៉ាំច្រើនហួសហេតុពេញមួយថ្ងៃ។
៣. លើកកម្ពស់ផលិតភាពនិងការផ្ដោតអារម្មណ៍
• បង្កើនសមត្ថភាពខួរក្បាល: ការហាត់ប្រាណពេលព្រឹកជួយបង្កើនលំហូរអុកស៊ីសែនទៅកាន់ខួរក្បាលដែលធ្វើឱ្យមុខងារនៃការយល់ដឹងកាន់តែប្រសើរឡើងដូចជាការផ្ដោតអារម្មណ៍ការចងចាំនិងសមត្ថភាពដោះស្រាយបញ្ហា។
• ធានាឱ្យមានការអនុវត្តន៍ជាប់លាប់: នៅពេលអ្នកហាត់ប្រាណពេលព្រឹកការងារនេះនឹងត្រូវបានសម្រេចរួចរាល់មុនពេលមានការរំខានផ្សេងៗកើតឡើង (ដូចជាការងារបន្ទាន់ឬការណាត់ជួបពេលល្ងាច)។ នេះជួយរក្សាទម្លាប់ហាត់ប្រាណឱ្យមានភាពទៀងទាត់និងស្ថិតស្ថេរ។
• បង្កើតវិន័យជីវិត: ភាពជោគជ័យនៃការបញ្ចប់ការហាត់ប្រាណតាំងពីព្រឹកព្រលឹមផ្ដល់អារម្មណ៍នៃភាពជោគជ័យតូចមួយដែលជួយជំរុញឱ្យអ្នកមានវិន័យកាន់តែខ្លាំងក្នុងការធ្វើកិច្ចការផ្សេងទៀតពេញមួយថ្ងៃ។
៤. ជួយដល់ការគេងលក់ស្រួល
ការហាត់ប្រាណពេលព្រឹកអាចជួយកំណត់ចង្វាក់ជីវសាស្ត្ររបស់រាងកាយ អ្នកដែលហាត់ប្រាណពេលព្រឹកមានទំនោរគេងលក់ស្រួលជាងនិងភ្ញាក់ដោយមានអារម្មណ៍ស្រស់ស្រាយ។ ផ្ទុយទៅវិញការហាត់ប្រាណខ្លាំងពេកមុនពេលចូលគេងអាចធ្វើឱ្យរាងកាយមានភាពសកម្មពេកហើយពិបាកគេងលក់។
សរុបមមការហាត់ប្រាណពេលព្រឹក គឺជាការវិនិយោគដ៏ល្អបំផុតសម្រាប់ខ្លួនឯង វាមិនត្រឹមតែជាវិធីដ៏មានប្រសិទ្ធភាពក្នុងការថែរក្សារាងកាយឱ្យរឹងមាំប៉ុណ្ណោះទេថែមទាំងជាទម្លាប់ដ៏មានឥទ្ធិពលដែលអាចជួយឱ្យសុខភាពផ្លូវចិត្តនិងផលិតភាពការងារប្រចាំថ្ងៃរបស់អ្នកកាន់តែប្រសើរឡើងថែមទៀតផង។ គ្រាន់តែចំណាយពេលខ្លីពី ២០ ទៅ ៣០ នាទីនៅពេលព្រឹកដើម្បីធ្វើចលនានោះអ្នកនឹងឃើញពីការផ្លាស់ប្តូរដ៏ធំធេងនៅក្នុងជីវិតរបស់អ្នក។
អត្ថបទ៖ ជួន សុធា