លោក Nelson Rolihlahla Mandela គឺជាសកម្មជន និងជាអ្នកនយោបាយប្រឆាំងនឹងការរើសអើងជាតិសាសន៍នៅអាហ្វ្រិកខាងត្បូង ដែលជាប្រធានាធិបតីដំបូងគេនៃប្រទេសអាហ្វ្រិកខាងត្បូងចាប់ពីឆ្នាំ 1994 ដល់ឆ្នាំ 1999។ លោកគឺជាប្រមុខរដ្ឋស្បែកខ្មៅដំបូងគេរបស់ប្រទេស និងជាជនជាតិដើមដំបូងគេដែលត្រូវបានជ្រើសតាំងនៅក្នុងការបោះឆ្នោតប្រជាធិបតេយ្យដែលមានតំណាងពេញលេញ។

តួយ៉ាងលោក ណែលសុន ម៉ាន់ដេឡា បានចំណាយពេល ២៧ ឆ្នាំនៅក្នុងពន្ធនាគារ ពីបទប្រឆាំងនឹងប្រព័ន្ធអាផាថេត(Apartheid System)របស់អាហ្វ្រិកខាងត្បូង។  បើទោះបីជាមានការចំណាយដ៏គួរឱ្យភ័យខ្លាចនៃការជាប់ពន្ធនាគារក៏ដោយ លោក Mandela នៅតែបន្តដើរតួជាអ្នកដឹកនាំ និងបានប្រមូលផ្តុំអ្នកទោសនយោបាយដទៃទៀតរបស់គាត់។ បន្ទាប់ពីលោកត្រូវបានដោះលែង លោក Mandela បានជួយចរចាបញ្ចប់ការរើសអើងពូជសាសន៍ ហើយបានក្លាយជាប្រធានាធិបតីដំបូងគេដែលត្រូវបានជ្រើសរើសតាមបែបប្រជាធិបតេយ្យនៃប្រទេសអាហ្វ្រិកខាងត្បូង។

No photo description available.

លោកបានចែករំលែករឿងមួយថា” ក្រោយ​ពី​ខ្ញុំ​បាន​ក្លាយ​ទៅ​​ជា​ប្រធានាធិបតី​រួច​មក​ ខ្ញុំ​បាន​នាំ​ក្រុម​អង្គរក្ស​របស់​ខ្ញុំ​ ទៅ​ទទួល​ទាន​អាហារ​ល្ងាច​នៅ​ភោជនីយដ្ឋាន​មួយ​។ យើង​ម្នាក់​ៗ​បាន​អង្គុយ​ចុះ​ ហើយ​យើង​ហៅ​អាហារ​សម្រាប់​ទទួលទាន​រៀងៗខ្លួន​។ 

នៅតុទល់មុខរបស់យើង​ វាមាន​បុរស​ម្នាក់​កំពុង​អង្គុយ​រង់​ចាំ​ អ្នក​បម្រើ​លើកអាហារយកមកឲ្យ។ បន្ទាប់​ពី​អ្នក​បម្រើ​លើកអាហារយកមកឲ្យបុរសម្នាក់នោះហើយ​ ខ្ញុំបាន​ប្រាប់​អង្គរក្ស​ម្នាក់​ ឲ្យ​ទៅអញ្ជើញបុរសម្នាក់នោះ មក​ចូល​រួម​តុជាមួយនឹងខ្ញុំ។ បុរស​ម្នាក់​នោះ​ក៏​លើកចានអាហារមកតាមការអញ្ជើញ។ 

បុរស​ឈ្ងោកមុខទៅនឹងចាន​ ហើយ​គាត់​ទទួលទានអាហារ​ ដោយដៃទាំងគូរបស់គាត់ញ័រញាក់មិនឈប់ឈរសោះ។ បន្ទាប់​ពី​គាត់​ទទួល​ទាន​រួច​ហើយ​ គាត់​ងើប​ឈរ​ ហើយគាត់​បាន​​និយាយ​លាខ្ញុំ​ ដោយ​មិន​ទាំង​ហ៊ាន​ងើបមុខ​សម្លឹង​មើល​មុខ​របស់​ខ្ញុំ​ឡើយ​។ ខ្ញុំ​លូក​ដៃ​ចាប់​ដៃ​របស់​គាត់​ ជា​ការគួរសម​ ហើយ​គាត់​ក៏​ដើរ​ចេញ​បាត់​ទៅ​។ 

អង្គរក្ស​ម្នាក់​បាន​និយាយ​ថា​៖

-ដៃ​ទាំង​គូ​របស់​បុរស​ម្នាក់​នេះ​ ចេះតែញាក់​ញ័រ​រហូត​ដល់​គាត់​ទទួល​ទាន​រួច​ហើយ​។ គាត់​ប្រាកដ​ជា​មាន​ជំងឺ​ធ្ងន់​ហើយ​។ 

-មិនមែន​ទេ! មូលហេតុ​នៃ​ការ​ញាក់​ញ័រ​ដៃ​របស់​គាត់​គឺ​មិនមែន​ជា​ជំងឺ​ឡើយ​។ បុរស​ម្នាក់​នេះ​គឺ​ជា​មេគុកមួយ​ ដែល​ខ្ញុំ​ត្រូវ​បាន​គេ​យកទៅឃុំឃាំង​ខ្លួន។ គាត់​បាន​វាយ​ធ្វើ​ទារុណកម្ម​យ៉ាង​ខ្លាំង​ មក​លើរាងកាយរបស់ខ្ញុំ​ ហើយ​នៅ​ពេល​ដែល​ខ្ញុំ​ស្រេក​ទឹក​ ខ្ញុំ​បាន​សូមទឹកផឹក​ តែគាត់​បែរជាប្រមាថមើលងាយខ្ញុំ​ ដោយគាត់បាន​នោមដាក់លើក្បាលរបស់ខ្ញុំ​ ឲ្យ​ខ្ញុំ​ផឹក​ទឹក​នោម​របស់​គាត់​ទៀត​ផង​។ 

ដៃ​របស់​គាត់​ញាក់​ញ័រ​ ព្រោះ​តែគាត់​ខ្លាច​ខ្ញុំ​សងសឹក​នឹង​គាត់​ ដោយ​ខ្ញុំ​អាចចាប់​បញ្ជូន​គាត់​ទៅ​ដាក់​គុក​ ហើយ​ធ្វើ​ទារុណកម្ម​លើ​គាត់​វិញ​ ព្រោះ​ឥឡូវ​នេះ​ ខ្ញុំ​គឺ​ជា​ប្រធានាធិបតី​របស់​សាធារណរដ្ឋ​អាហ្វ្រិកខាងត្បូង​ ប៉ុន្តែ​ខ្ញុំ​មិន​ធ្វើ​ដូច​នេះ​ឡើយ​ ព្រោះ​ការ​សងសឹក​គ្នា​បង្ក​នូវ​ការ​បែក​បាក់​ជាតិ​ តែ​ការ​ផ្សះផ្សា​ជាតិ​ ទើប​អាចធ្វើ​ឲ្យ​ជាតិ​រឹងមាំ​។ ខ្ញុំ​ដឹង​ថា​ ប្រសិន​បើ​ខ្ញុំ​នៅគុំកួន​ នោះ​គឺ​វា​មាន​ន័យ​ថា​ ខ្ញុំ​នៅតែស្ថិត​នៅ​ក្នុង​គុក​(គំនុំ)ជា​រៀង​រហូត។ “

លោកម៉ាន់ដេឡា ក៏បានបញ្ជាក់ដែរថា គំនុំគឺ​សម្រាប់​មនុស្ស​ទន់​ខ្សោយ​ រីការ​ឲ្យ​អភ័យ​ ការអធ្យាស្រ័យ​ និង​ការ​បំភ្លេច​គំនុំ​ គឺ​ជា​ការ​បញ្ចេញ​នូវ​ភាព​ឈឺចាប់​ចេញ​ពី​បេះដូង​របស់​មនុស្ស​។ថ្នាក់​ដឹកនាំ​មិន​ត្រូវ​យក​គំនុំ​ផ្ទាល់​ខ្លួន​យក​មក​ធ្វើ​ជា​ការ​សម្រេច​ចិត្ត​ដើម្បី​សងសឹក​ឡើយ​ ទោះបីជា​យុត្តិធម៌​តម្រូវ​ឲ្យ​ថ្នាក់​ដឹក​នាំ​ អាចមានសិទ្ធិសងសឹកក៏ដោយចុះ។  នៅ​ពេល​ដែល​យើង​ឲ្យអភ័យទៅលើមនុស្ស​ណា​ម្នាក់​ វា​មិនមែន​យើង​បំភ្លេច​អតីតកាល​ចោល​ឡើយ​ គឺ​យើង​បាន​រៀប​ចំ​មាគ៌ា​ជោគ​ជ័យ​ ឆ្ពោះ​ទៅ​រក​អនាគត​របស់​យើង​៕

 

អត្ថបទ៖ កណ្ណិការ