ជាធម្មតា នៅពេលដែលយើងនិយាយអំពីសេចក្ដីស្រឡាញ់ យើងតែងតែគិតអំពីសេចក្ដីស្រឡាញ់ដែលយើងមានចំពោះអ្នកដទៃ ឬសេចក្ដីស្រឡាញ់ដែលយើងទទួលបានពីអ្នកដទៃ ដូចជាពីឪពុកម្តាយ សាច់ញាតិ មិត្តភក្តិ និងមនុស្សជាទីស្រលាញ់ជាដើម ដែលស្ទើរតែគ្មានអ្នកណានិយាយអំពីក្តីស្រលាញ់ដែលមានចំពោះខ្លួនឯង។

ពាក្យថា «សេចក្ដីស្រឡាញ់ដែលមានចំពោះខ្លួនឯង» នៅទីនេះមិនសំដៅទៅលើភាពអាត្មានិយម ឬការបំពេញចិត្តខ្លួនឯងនោះទេព្រោះសេចក្តីស្រលាញ់បែបហ្នឹងទទួលបានត្រឹមតែសេចក្តីសុខរយៈពេលខ្លី ឬបណ្តោះអាសន្នតែប៉ុណ្ណេះ តែសេចក្តីស្រលាញ់ដែលខ្ញុំនិយាយនៅទីនេះគឺសំដៅលើ សេចក្ដីមេត្តាដែលយើងមានចំពោះខ្លួនឯង (Self-compassion)។

មានមនុស្សជាច្រើនធ្លាប់បានឮឃ្លាមួយដែលគេនិយាយថា «បើអ្នកមិនទាន់ចេះស្រឡាញ់ខ្លួនឯងទេ តើអ្នកអាចស្រឡាញ់អ្នកដទៃដោយរបៀបណា?» ចុះហេតុអ្វីបានជាការស្រឡាញ់ខ្លួនឯងទាក់ទងនឹងការស្រឡាញ់អ្នកដទៃ?

នេះគឺពីព្រោះសេចក្តីស្រលាញ់ដែលយើងមានចំពោះខ្លួនឯង នឹងធ្វើឱ្យយើងយល់ដឹងពីខ្លួនឯង ចេះមើលថែខ្លួនឯង អាចទទួលយកភាពមិនល្អឥតខ្ចោះរបស់ខ្លួនឯងបាន ហើយលើសពីហ្នឹងយើងនឹងមានក្តីមេត្តាចំពោះខ្លួនឯង ហើយអ្វីទាំងអស់នេះហើយដែលដើរតួជួយឱ្យយើងយល់ពីដៃគូររបស់យើងដូចគ្នា យល់ពីដៃគូរយើង យល់ពីអារម្មណ៍ដៃគូរយើង និងអាចទទួលយកនូវភាពមិនល្អឥតខ្ចោះរបស់ដៃគូរយើងបានកាន់តែប្រសើរថែមទៀតនោះ។

ដូច្នេះការដែលចេះស្រលាញ់ខ្លួនឯង ជាការផ្ដល់នូវតម្លៃមួយសម្រាប់ខ្លួនឯង ការស្រឡាញ់ខ្លួនឯងធ្វើឱ្យយើងមិន "រំពឹង" ឬ "ទាមទារ" ក្ដីសុខពីអ្នកដទៃមកបំពេញចន្លោះប្រហោងក្នុងចិត្តហួសហេតុពេក ដែលវាកាត់បន្ថយសម្ពាធក្នុងទំនាក់ទំនង និងធ្វើឱ្យក្ដីស្រឡាញ់នោះមានភាពស្រស់បំព្រងដោយធម្មជាតិ។