អគ្គិសនី ជាថាមពលមួយប្រភេទដែលសំខាន់បំផុតសម្រាប់ជីវិតមនុស្សសម័យបច្ចុប្បន្ន។ វាកើតចេញពីចលនារបស់អេឡិចត្រុង តាមសារធាតុដឹកអគ្គិសនី ដូចជាខ្សែដែក ឬខ្សែទង់ដែង។ អគ្គិសនីអាចបានពីប្រភពផ្សេងៗដូចជា ថាមពលទឹក ថាមពលខ្យល់ ថាមពលព្រះអាទិត្យ ថាមពលជីវសាស្ត្រ ឬឧស្ម័នធម្មជាតិ ថាមពលរលកសមុទ្រ។ អគ្គិសនីពិតជាមានសារៈសំខាន់សម្រាប់បំភ្លឺផ្ទះ និងតំបន់សាធារណៈ ធ្វើឲ្យម៉ាស៊ីន ឬឧបករណ៍ដំណើរការ ជួយក្នុងឧស្សាហកម្ម និងរោងចក្រ និងគាំទ្របច្ចេកវិទ្យា និងប្រព័ន្ធទំនាក់ទំនង។

ផ្នត់គំនិតអគ្គិសនីនេះ គឹត្រូវបានទស្សនៈវិទូជនជាតិក្រិចម្នាក់លើកឡើងមុនគេបង្អស់ គឺតាំងពី៥០០ទៅ៦០០ឆ្នាំមុនគ.សមកម្ល៉េះ ហើយគាត់ឈ្មោះថា ថាលេស នៅពេលនោះប្រទេសគ្រិចអភិវឌ្ឍន៍រីកចម្រើនខ្លាំង អ្នកមូលធនជាច្រើនចូលចិត្តស្លៀកពាក់សូត្រ តុបតែងលម្អខ្លួនដោយគ្រឿងអលង្ការធ្វើពីគ្រាប់គុជថ្លា។ ទោះបីជាមុនចេញទៅក្រៅជូនគ្រាប់គុជទាំងនោះស្អាតយ៉ាងណាក៏ដោយ ក្រោយពេលចេញក្រៅមួយសន្ទុះនឹងប្រែពណ៌ជាស្រអាប់ជាមិនខាន ។ មានមនុស្សជាច្រើនដែលសង្កេតឃើញនូវបញ្ហានេះ តែមិនដឹងដោះស្រាយយ៉ាងណា ។ លោកថាលេសក៏ចាប់ផ្ដើមស្រាវជ្រាវអំពីបញ្ហាដ៏ចម្លែកមួយនេះ ដោយឆ្លងកាត់ការអង្កេតដ៏ម៉ត់ចត់និងការវិភាគដោយហេតុផល គាត់រកឃើញថាគ្រាប់គុជដែលពាក់លើ ក នឹងមានការកកិតជាមួយនឹងអាវ ឬស្បែក បណ្ដាលឲ្យមានភាពស្រអាប់ទៅលើគ្រាប់គុជទាំងនោះ។ ដូច្នេះហើយទើបបានជាក្រោយមក កម្លាំងកកិតប្រភេទនេះ ត្រូវបានអ្នកជំនាន់ក្រោយមកទៀតហៅថា “អគ្គិសនី” ។

អស់រយៈពេលជាង២០០០ឆ្នាំក្រោយមកទៀត គ្រូពេទ្យរាជវាំងរបស់ម្ចាស់ក្សត្រីអេលីហ្សាបែតទី១នៃចក្រភពអង់គ្លេស បានរកឃើញថា អគ្គិសនី និងម៉ាញេទិចគឺជារឿងពីរផ្សេងគ្នា។ នៅក្នុងសៀវភៅដែលបានបោះពុម្ពផ្សាយនៅឆ្នាំ១៦០០ មួយក្បាលមានឈ្មោះថា “អំពីម៉ាញេទិច” ។ សៀវភៅនោះបានបញ្ជាក់ថា ក្រៅពីពពួកគ្រាប់គុជថ្លាទាំងនោះ នៅមានវត្ថុជាច្រើនទៀតដែលក្រោយពេលទទួលរងភាពកកិត សុទ្ធតែអាចឆក់យករូបធាតុតូចល្អិតៗ ហើយក៏ធ្វើឲ្យយើងមើលទៅរៀងស្រអាប់។ ឯដែកម៉ាញេទិចវិញមិនចាំបាច់កកិត ក៏ទាញឆក់បានដែរ ដូច្នេះម៉ាញេទិចនិងអគ្គិសនីគឺជារឿងពីរផ្សេងគ្នា ។
នៅឆ្នាំ ១៨២១ លោកម៉ៃឃើល ហ្វារ៉ាដេ បានរកឃើញម៉ូទ័រអគ្គិសនី។ ម៉ៃឃើល ហ្វារ៉ាដេចាប់កំណើតឡើងប្រមាណជា១ឆ្នាំក្រោយមរណភាពរបស់បេនយ៉ាមីន ហ្រ្វែងឃ្លីន ហើយក្នុងចន្លោះពេលចាប់ពីបេនយ៉ាមីនហ្រ្វែងឃ្លីនរកឃើញថាមពលអគ្គិសនីក្នុងបាតុភូតធម្មជាតិគឺរន្ទះ រហូតមកដល់សម័យហ្វារ៉ាដេ ការយល់ដឹងរបស់មនុស្សទៅលើអគ្គិសនីមានភាពជឿនលឿន សម្បូរអ្នកវិទ្យាសាស្រ្ដណាស់នាសម័យប្រហាក់ប្រហែលនឹងហ្វារ៉ាដេ។ នៅឆ្នាំ១៨៣១ លោកហ្វារ៉ាដេបានរកឃើញ អាំងឌុចស្យុងអេឡិចត្រូម៉ាញេទិច ហើយក៏បង្កើតនូវ ម៉ាស៊ីនថាមពលអគ្គិសនីមុនគេបង្អស់លើពិភពលោក ។

នៅឆ្នាំ១៨៧៨ ទើបមានអ្នកវិទ្យាសាស្រ្ដម្នាក់ឈ្មោះ ថូម៉ាស អេឌីសុន ចេញមកស្រាវជ្រាវ និងពិសោធន៍លើសារធាតុគ្រប់ប្រភេទ ដើម្បីធ្វើឲ្យអំពូលភ្លើងភ្លឺច្បាស់ ហើយបានរយៈពេលយូរ ។ មួយឆ្នាំក្រោយមក លោកទទួលបានជោគជ័យទៅលើអំពូលភ្លើងអគ្គិសនី ដោយអាចដំណើរការបាន១៣ម៉ោងកន្លះ ។ ហើយគុណភាពវាចេះតែវិវឌ្ឍន៍ទៅមុខ។
គេសង្កេតឃើញថា កាលណានិយាយអំពីអគ្គិសនី គេច្រើនតែគិតទៅដល់ ម៉ៃឃើល ហ្វារ៉ាដេ និងថូម៉ាស់ អេឌីសុន ហើយកាលណានិយាយអំពីប្រព័ន្ធទាក់ទងតាមវិទ្យុ គេច្រើនតែគិតទៅដល់អ្នកវិទ្យាសាស្រ្តអ៊ីតាលី ហ្គូលីយែលម៉ូ ម៉ាកូនី ។ តែយ៉ាងណាមិញ តាមពិតទៅនៅមានអ្នកប្រាជ្ញដ៏ឆ្នើមម្នាក់ទៀត ដែលគេច្រើនតែងនាំគ្នាមើលរំលង ហើយជាអ្នកប្រាជ្ញដែលបានបន្សល់ទុកនូវស្នាដៃដ៏សំខាន់ និងដ៏មានឥទ្ធិពល ទាំងនៅក្នុងវិស័យអគ្គិសនី និងប្រព័ន្ធទាក់ទងតាមវិទ្យុ គឺ នីកូឡា តេសឡា។

គេដឹងថា នីកូឡា តេសឡា និងថូម៉ាស់ អេឌីសុន គឺមានគំនិតផ្ទុយគ្នាស្រឡះ ទាក់ទងនឹងចរន្តអគ្គិសនី។ តេសឡា គឺជាអ្នកដែលមានជំនឿយ៉ាងមុតមាំទៅលើអគ្គិសនីចរន្តឆ្លាស់ ចំណែកឯអេឌីសុនវិញប្រកាន់គំនិតខាងចរន្តជាប់ ហើយរចនាសម្ព័ន្ធក្រុមហ៊ុនរបស់អេឌីសុន ទាំងអំពូលភ្លើងអគ្គិសនី និងទាំងការផលិតនិងចែកចាយថាមពលអគ្គិសនី គឺសុទ្ធតែរៀបចំធ្វើឡើង ដោយមានមូលដ្ឋានគ្រឹះទៅលើចរន្តជាប់។
ដូច្នេះ នៅក្នុងការបំពេញការងារឲ្យអេឌីសុន តេសឡាមិនអាចយកគំនិតរបស់លោកទាក់ទងនឹងចរន្តឆ្លាស់ទៅអនុវត្តបាននោះទេ ដោយត្រូវធ្វើការតែទៅលើចរន្តជាប់ទាំងស្រុង។ នៅថ្ងៃមួយ អេឌីសុនបានឲ្យតេសឡាសិក្សារកវិធីកែលម្អយន្តការផលិតអគ្គិសនី ដោយម៉ាស៊ីនភ្លើងចរន្តជាប់ ដោយសន្យាថា ប្រសិនបើតេសឡាអាចធ្វើបានជោគជ័យនឹងផ្តល់ប្រាក់រង្វាន់ចំនួន ៥ម៉ឺនដុល្លារ ដែលនៅពេលនោះ គឺជាចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ពោលគឺ ប្រហាក់ប្រហែល ១លាន២សែនដុល្លារ បើគិតទៅតាមតម្លៃលុយបច្ចុប្បន្ន។នៅពេលដែលតេសឡាទៅទារយកប្រាក់រង្វាន់ អេឌីសុនមិនឲ្យដោយប្រាប់តេសឡាថា ការសន្យាផ្តល់ប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺគ្រាន់តែជាការនិយាយលេងតែប៉ុណ្ណោះ។ តេសឡាអន់ចិត្តនឹងអេឌីសុន ក៏បានដើរចេញឈប់ធ្វើការឲ្យអេឌីសុន។ ក្រោយមកទៀតចរន្តឆ្លាស់របស់នីកូឡា តេសឡានេះហើយ ដែលជាជាគូប្រជែងអាចយកឈ្នះលើចរន្តជាប់របស់លោកថូម៉ាស់ អេឌីសុន នៅក្នុងការប្រកួតប្រជែងគ្នាដ៏ស្វិតស្វាញមួយ មានឈ្មោះងា “War of Currents” (សង្រ្គាមរវាងចរន្ត DC និង AC)។
សរុបសេចក្តីមក អគ្គិសនីនេះត្រូវបានអ្នករុករកឃើញដោយអ្នកវិទ្យាសាស្រ្ដជាច្រើនរូប ច្រើនជាងអ្នកដែលបានរៀបរាប់ខាងលើស្រាវជ្រាវបន្ដបន្ទាប់គ្នា ហើយព្យាយាមអភិវឌ្ឍន៍គុណភាពរបស់វាបន្ដិចម្ដងៗតាមសម័យកាល រហូតទើបមានអគ្គិសនីដ៏ទំនើបដែលយើងប្រើប្រាស់ក្នុងពេលបច្ចុប្បន្ននេះ ។ ដូច្នេះ វាមិនមែនជារឿងងាយស្រួលទេចំពោះការរកឃើញអគ្គិសនី និងកែសម្រួល អភិវឌ្ឍន៍វារហូតមកទល់សព្វថ្ងៃ ៕
អត្ថបទ៖ កណ្ណិការ