កំណើននៃការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងសតវត្សទី 21 កំពុងជះឥទ្ធិពលដល់ការផ្លាស់ប្តូររបស់សង្គម និងសេដ្ឋកិច្ច ឆ្ពោះទៅរកការបង្កើនស្វ័យប្រវត្តិកម្ម ការសម្រេចចិត្តផ្អែកលើទិន្នន័យ និង ការរួមបញ្ចូលប្រព័ន្ធ AI ទៅក្នុងផ្នែកផ្សេងៗនៃជីវិត។ AI មិនត្រឹមតែជាការផ្លាស់ប្តូរផ្នែកបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែជាការផ្លាស់ប្តូរដ៏ធំនៅក្នុង ទីផ្សារការងារ និង របៀបរស់នៅ របស់មនុស្សជាតិទាំងមូល។

បញ្ញាសិប្ប​និម្មិតឬ AI មកពីពេញថា Artificial Intelligence គឺជាបច្ចេកវិទ្យាដែលអនុញ្ញាតឲ្យម៉ាស៊ីនកុំព្យូទ័រមានសមត្ថភាពរៀនគិត វិភាគ និង​យល់ដឹងពីបញ្ហាជាក់លាក់ណាមួយ ដោយយកលំនាំតាមសមត្ថភាពរបស់ខួរក្បាមនុស្ស។ វាត្រូវបានគេរកឃើញនិងចាប់ផ្តើមយកមកប្រើប្រាស់ដំបូងនៅកំឡុងទសវត្សឆ្នាំ១៩៥០ ហើយការស្រាវជ្រាវក៏ចេះតែបន្តទៅមុខដោយយកសមត្ថភាពខួរក្បាលមនុស្សធ្វើជាមូលដ្ឋានគ្រឹះដូចជាការបញ្ចូលកម្មវិធីថ្មីៗ ការបង្រៀនឱ្យ AI​ ចេះដោះស្រាយបញ្ហាផ្សេងៗតាមរយៈកូដ Algorithm ។

លោក ច​ន វុន ណឺ​មែន ( John Von Neumann) និង​អា​ឡេ​ន ទូ​រិ​ន ( Alan Turing) គឺជាមនុស្សដំបូងគេដែលធ្វើការស្រាវជ្រាវយ៉ាងច្រើនទៅលើបញ្ញាម៉ាស៊ីន (machine intelligence) ត្រូវបានរកឃើញជាផ្នែកសិក្សាមួយនៅឆ្នាំ 1956 ប៉ុន្តែ​ពេល​នោះ អ្នក​ទាំង​ពីរ មិន​បាន​ហៅ​វា​ថា ជា AI នៅឡើយ​ទេ ។ អ្នក​ស្រាវជ្រាវ​ទាំង​ពីរ​បាន​បង្កើត​ជា​ផ្លូវការ​នូវ​ស្ថាបត្យកម្ម​នៃ​ម៉ាស៊ីន បុរាណ​មួយ​ដែល​មាន​សមត្ថភាព​អាច​ប្រតិបត្តិ​នូវ​អ្វី​ដែល​ត្រូវ​បាន​សរសេរ​កម្មវិធី។ 

បច្ចេកវិទ្យា AI បច្ចុប្បន្នត្រូវបានគេបែងចែកចេញជា២ផ្នែកធំៗគឺប្រភេទផ្អែកទៅលើសមត្ថភាព(Capability) និង ប្រភេទផ្អែកទៅលើមុខងារ (Functionality)។ ប្រភេទផ្អែកទៅលើសមត្ថភាពត្រូវបានចែកជា៣ប្រភេទទៀតរួមមាន៖

  1. Artificial Narrow Intelligence: AI ប្រភេទនេះត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងពិភពបញ្ញាសិប្បនិម្មិតនាពេលបច្ចុប្បន្នដែលមានជាឧទាហរណ៍ដូចជា Siri របស់ក្រុមហ៊ុនApple ប្រព័ន្ធផ្តល់យោបល់ (Suggestion)តាមរយៈSearch Engine ឬបណ្តាពាណិជ្ជកម្មអេឡិចត្រូនិចផ្សេងៗដែលមានវត្តមានសព្វថ្ងៃ ហើយសម្បីតែមុខងារដោះសោរដោយប្រើសម្លេងឬស្គែនមុខ ប្រស្រីភ្នែកសុទ្ធសឹងតែជាNarrow AI ទាំងអស់។
  2. Artificial General Intelligence: ​ជាបញ្ញាសិប្បនិម្មិតទូទៅដែលត្រូវការ Artificial Narrow Intelligence រាប់ពាន់ច្របាច់បញ្ចូលគ្នាទើបអាចលេចចេញជារូបរាង ហើយសព្វថ្ងៃនេះ ការផលិត AI ប្រភេទនេះនៅតែជាប្រស្នាសម្រាប់អ្នកវិទ្យាសាស្ត្រដោយវាមានត្រឹមតែជាទ្រឹស្តីតែប៉ុណ្ណោះ។
  3. Artificial Super Intelligence: AI ប្រភេទនេះគឺជាមេវគ្គបញ្ចប់នៅក្នុងអម្បូរបញ្ញាសិប្បនិម្មិតដែលអ្នកវិទ្យាសាស្ត្រអាចគិតដល់ ហើយមុននឹងឈានដល់ចំណុចនេះ បច្ចេកវិទ្យានៃមនុស្សជាតិត្រូវតែឆ្លងកាត់ការផលិតបានដោយជោគជ័យនូវបញ្ញាសិប្បនិម្មិតប្រភេទមុនៗសិន។ វាមានសមត្ថភាពលើសសមត្ថភាពមនុស្សបានលើគ្រប់ផ្នែកទាំងក្នុងការសម្រេចចិត្ត ដោះស្រាយបញ្ហាផ្សេងៗ រុករករបកគំហើញ ស្រាវជ្រាវនិងស្វែងយល់នូវអ្វីដែលមនុស្សមិនអាចយល់បាន។

    ប្រភេទផ្អែកទៅលើមុខងារត្រូវបានចែកជា៤ប្រភេទមានដូចជា៖

  4. Reactive Machine: Ai​ប្រភេទនេះមានប្រតិកម្មឆ្លើយតបតែទៅនឹងស្ថានការឬបញ្ហាដែលដាក់ឱ្យភ្លាមៗ ហើយដោះស្រាយដោយប្រើរូបមន្តAlgorithmដែលគេចងតែប៉ុណ្ណោះដោយវាគ្មានផ្ទុកអង្គចងចាំដើម្បីផ្ទុកទិន្នន័យច្រើននោះទេ ។
  5. Limited Memory: ​វាជាប្រភេទដែលមានផ្ទុកអង្គចងចាំ និងអាចរក្សាទុកទិន្នន័យហើយប្រើប្រាស់ទិន្នន័យទាំងនោះទៅលើការវិភាគទាំងអតីតកាល និងអនាគត។ លើសពីនេះ វាមានសមត្ថភាពក្នុងការអភិវឌ្ឍបានតាមរយៈការរៀនសូត្រពីអ្វីដែលវាជួបប្រទះ និងការចងAlgorithmរបស់មនុស្ស ដែលត្រូវបានគេយកទៅប្រើក្នុងឡានដែលបើកបរដោយស្វ័យប្រវត្តិដោយប្រព័ន្ធដំណើរការអាចចាប់យកទិន្នន័យពីស្ថានភាពជុំវិញខ្លួនអាចឱ្យវាបញ្ជាខ្លួនឯងបាន។
  6. Theory of Mind​: វាជាប្រភេទនៃAIដែលអាចមានសមត្ថភាពក្នុងការសម្រេចចិត្ត និងដោះស្រាយបញ្ហាផ្សេងៗដូចគ្នាទៅនឹងមនុស្ស ហើយថែមទាំងអាចចងចាំនិងប្រើប្រាស់ទឹកមុខស្របទៅតាមស្ថានការណ៍បានថែមទៀតផង។
  7. Self-Awareness: មកដល់ចំណុចនេះ បញ្ញាសិប្បនិម្មិតមិនត្រឹមតែអាចស្វែងយល់ពីអារម្មណ៍របស់មនុស្សទេ ថែមទាំងអាចអភិវឌ្ឍអារម្មណ៍និងការគិតរបស់ខ្លួនដោយឯករាជ្យនិងមិនអាចវាស់ស្ទង់បាន ហើយពេលមកដល់ចំណុចនេះ វានេះហើយជាអ្នកកំណត់ថាត្រូវជួយមនុស្សឬបំផ្លាញមនុស្ស ដោយមានតែចាំមើលទាំងអស់គ្នា៕

ទោះបីជា AI បាននាំមកនូវអត្ថប្រយោជន៍ដ៏មហាសាលក្នុងការបង្កើនផលិតភាព និងប្រសិទ្ធភាពក៏ដោយ ក៏ការរីករាលដាលនៃការប្រើប្រាស់ AI យ៉ាងទូលំទូលាយនេះកំពុងបង្កើតនូវ បញ្ហាប្រឈម សំខាន់ៗជាច្រើន ដែលសង្គមជាតិត្រូវតែដោះស្រាយជាបន្ទាន់មានដូចជា បញ្ហាប្រឈមដំបូងគេគឺការភ័យខ្លាចថា ការងារជាច្រើននឹងត្រូវបាត់បង់ ដោយសារបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម (Automation) ការបង្កើតរូបភាព ឬវីដេអូ ក្លែងក្លាយ និង ការប្រមូលទិន្នន័យដ៏ច្រើននេះ បង្កើនហានិភ័យនៃការរំលោភលើ សិទ្ធិឯកជន ពីការលួចទិន្នន័យពីសំណាក់ក្រុមឧក្រិដ្ឋជនតាមអ៊ីនធឺណិត ៕

អត្ថបទដោយ៖កណ្ណិការ