ក្រមា គឺជាវត្តុមួយដែលមានភាពសាមញ្ញតែបង្កប់ន័យយ៉ាងជ្រាលជ្រៅ នៃតម្លៃខ្លឹមសារនិងអត្តសញ្ញាណជាតិ និងបង្ហាញពីទិដ្ឋភាពវប្បធម៌ខ្មែរ លើសពីនេះក្រមាត្រូវបាន ប្រជាពលរដ្ឋទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជានិយមប្រើប្រាស់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

យោង​តាម​អ្នក​សិក្សា​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរ ក្រមា​ត្រូវ​បាន​គេ​ជឿ​ថា​មាន​វត្តមាន​តាំង​ពី​សម័យ​នគរ​ភ្នំ (Funan) និង​នគរ​ចេនឡា (Chenla) ដែល​ជា​សម័យកាល​មុន​អង្គរ។ ភស្តុតាង​ពី​ចម្លាក់​នៅ​ប្រាសាទ​នានា​បាន​បង្ហាញ​ពី​ទម្រង់​នៃ​ការ​ស្លៀកពាក់​ដែល​ស្រដៀង​នឹង​ការ​ប្រើប្រាស់​ក្រមា​សព្វថ្ងៃ។ ការ​វិវឌ្ឍ​នៃ​ការ​ត្បាញ​សូត្រ និង​កប្បាស​នៅ​សម័យ​អង្គរ​បាន​ធ្វើ​ឲ្យ​ក្រមា​កាន់​តែ​មាន​ភាព​ពេញ​និយម ហើយ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ជា​ទូទៅ​ក្នុង​សង្គម​ខ្មែរ។

លើសពីនេះទៀតនៅក្នុងសិលាចារឹកមួយចំនួនបានចារនូវពាក្យដែលមានទាក់ទងនឹងការត្បាញរវៃក្នុងសម័យបុរេប្រវត្តិ រវាងសតវត្សទី៩ ដល់ទី១១ ដូចជាពាក្យ “កប្បាស” “តៃ ថ្ករ” និង “កុ ត្បាញ” ជាដើម។ ពាក្យទាំងនេះ ត្រូវបាន អ្នកស្រាវជ្រាវសន្និដ្ឋានថាជាពាក្យ”កប្បាស” សំដៅលើរុក្ខជាតិម្យ៉ាងដែលជាវត្ថុ ធាតុដើមសម្រាប់ប្រើក្នុងការត្បាញរវៃសម្រាប់ច្នៃធ្វើជាអំបោះដោយយោងតាមសិលាចារឹកវត្តសសរ១០០ (K.124) និងសិលាចារឹកទ្វារក្តី ឬទ្វារប្រាំបី (K.165)។ ចំណែកពាក្យ “តៃ ថ្ករ” និង “កុ ត្បាញ” គឺសំ ដៅដល់ស្រីបម្រើតាមប្រាសាទ ដែលទទួលភារៈជាអ្នកថ្ករអំបោះ និងត្បាញ តាមសិលាចារឹកប្រាសាទ ស្នឹងខាងកើត (K.879) សិលាចារឹកគោករកា (K.155) និងសិលាចារឹកព្រៃមៀន (K.18)។

ជាមួយគ្នានេះដែរនៅចុងសតវត្សទី១៣តាមរយៈកំណត់ហេតុរបស់លោកជីវតាក្វាន់បានរៀបរាប់ពីការស្លៀកពាក់របស់ប្រជាជននាសម័យចេនឡាដែលមានបែបបទទៅតាមឋានៈនិងប្រភេទក្រណាត់ជាច្រើនប្រភេទថែមទៀតផង។ ដំណាក់ការនៃការផលិតក្រមា៖
រូបភាពដំណើរការផលិតក្រមា។

ក្រមា​មិន​មែន​គ្រាន់​តែ​ជា​ក្រណាត់​ធម្មតា​ទេ វា​មាន​មុខងារ​ច្រើន​យ៉ាង​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ខ្មែរ៖

-ជា​គ្រឿង​ស្លៀកពាក់: ក្រមា​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​រុំ​ខ្លួន, រុំ​ក, ឬ​គ្រប​លើ​ក្បាល​ដើម្បី​ការពារ​ពី​កម្ដៅ​ថ្ងៃ និង​ត្រជាក់។

-ជា​គ្រឿង​ប្រើប្រាស់: វា​អាច​ប្រើ​ជា​កន្សែង​ជូត​មុខ, ក្រណាត់​រុំ​ទារក (អង្រឹង), ក្រណាត់​ទ្រនាប់, ឬ​ប្រើ​សម្រាប់​វេច​ខ្ចប់​អីវ៉ាន់។

-ជា​និមិត្តរូប: ពណ៌​និង​ក្បាច់​របស់​ក្រមា​ក៏​មាន​អត្ថន័យ​របស់​វា​ដែរ។ ជា​ទូទៅ ក្រមា​មាន​គំនូរ​ក្រឡា​ការ៉ូ​តូច​ៗ​ដែល​ជា​រចនាបថ​បុរាណ​របស់​ខ្មែរ។

ជាពិសេសនោះគឺកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ ២០២៤ ក្រមាខ្មែរត្រូវបានដាក់បញ្ជូលទៅក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្ក តាមរយៈសេចក្ដីសម្រេច​ 19.COM 7.b.27 នៅក្នុងកិច្ចប្រជុំអន្តររដ្ឋាភិបាល ដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ​។

ទោះបី​ជា​មាន​ការ​ហូរ​ចូល​នៃ​វប្បធម៌​បរទេស​ក៏​ដោយ ក្រមា​នៅ​តែ​បន្ត​រក្សា​តួនាទី​ដ៏​សំខាន់​របស់​ខ្លួន​ក្នុង​សង្គម​ខ្មែរ។ សិល្បៈ​ត្បាញ​ក្រមា​ត្រូវ​បាន​ថែរក្សា​និង​បន្ត​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ជាពិសេស​នៅ​តាម​បណ្ដា​ខេត្ត​ដែល​មាន​ប្រពៃណី​ត្បាញ​ក្រណាត់​យូរ​មក​ហើយ ដូចជា​ខេត្ត​កំពង់ចាម, កំពត, និង​តាកែវ។

ថ្មីៗ​នេះ ក្រមា​ត្រូវ​បាន​គេ​លើក​ស្ទួយ​ឲ្យ​ក្លាយ​ជា​ផលិតផល​ទេសចរណ៍​ដែល​មាន​គុណភាព​ខ្ពស់​សម្រាប់​ភ្ញៀវ​បរទេស។ សិប្បករ​ខ្មែរ​បាន​ច្នៃ​ម៉ូដ​ក្រមា​ឲ្យ​កាន់​តែ​ទាន់​សម័យ ដូចជា​ធ្វើ​ជា​កាបូប, ស្បែក​ជើង, និង​សម្ភារៈ​តុបតែង​ផ្ទះ​ផ្សេងៗ​ទៀត ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​សាកល។

 

អត្តបទ៖ តុប ឡៃហៀង