កម្ពុជាគ្រោងនឹងបើកដំណើរការជាផ្លូវការនូវសមិទ្ធផលថ្មីរបស់ខ្លួននោះគឺជា ព្រលានយន្តហោះអន្តរជាតិមរតកតេជោ គ្រោងនឹងបើកដំណើរការបណ្តោះអាសន្ននៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះហើយ ។ជាមួយគ្នានេះដែររដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានកំណត់យកថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ សម្រាប់រៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

គម្រោង​វិនិយោគ​លើ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២០ ដោយ​មាន​ទុន​វិនិយោគ​ប្រមាណ ១៥០០​លាន​ដុល្លារជាគម្រោងចម្រុះរដ្ឋ និងឯកជន ដោយ​ក្រុមហ៊ុន​ឯកជន OCIC មាន​ភាគហ៊ុន ៩០% និង​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល (SSCA) ១០%។

គូសបញ្ជាក់ដែរថាប្រលានយន្តហោះនេះសាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ស្ថិត​នៅ​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្តាល ដែល​មាន​ចម្ងាយ​ប្រមាណ ២០​គីឡូម៉ែត្រ​ភាគ​ខាងត្បូង​នៃ​រាជធានី​ភ្នំពេញ ដែល អាចអនុញ្ញាតឱ្យយន្តហោះខ្នាតធំចុះចតបាន ក្នុងនោះមានយន្តហោះប្រភេទ Airbus A380 និង Boeing 747747-800  និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ សម្រាប់ដំណាក់កាលទី១ ពីឆ្នាំ២០២០ដល់​២០៣០ ដំណាក់កាល​ទី​២ ឆ្នាំ​២០៣០ ដល់​ឆ្នាំ​២០៥០ ទទួល​ភ្ញៀវ​បាន ៣០​លាន​នាក់ និង​ដំណាក់កាល​ទី​៣ ចាប់ពី​ឆ្នាំ​២០៥០ អាច​ទទួល​ភ្ញៀវ​បាន ៤៥​លាន​នាក់។

ចំពោះយន្តហោះ Airbus A380 ត្រូវបានផលិតឡើងដោយបំពាក់​ម៉ាស៊ីន​ចំនួន៤ និងមាន​ទម្ងន់​អតិបរមា ៥៦០តោន ដោយអាច​ហោះ​បាន​ចម្ងាយ ១៥០០០គីឡូម៉ែត្រ ដែលមានសមត្ថភាពសម្រួលដល់ការធ្វើដំណើរតាមផ្លូវអាកាស ព្រោះវាអាចឱ្យក្រុមហ៊ុនអាកាសចរណ៍ ដឹកជញ្ជូនអ្នកដំណើរបានច្រើន នៅពេលមានតម្រូវការខ្ពស់ ព្រមទាំងបានកាត់បន្ថយចំនួនជើងហោះហើរ។

ចំណែកយន្តហោះ Boeing 747-800 គឺជាស៊េរីចុងក្រោយបំផុតមួយនៃពួកយន្តហោះដែលមានទំហំធំ និងតួខ្លួនវែង ស្ថិតនៅក្នុងត្រកូល Boeing 747 ដែលផលិតដោយក្រុមហ៊ុនយន្តហោះពាណិជ្ជកម្មខ្នាតយក្សអាមេរិក Boeing។វាមានប្រវែងទទឹង ១៨ ហ្វីត (ឬស្មើ ៥,៥ ម៉ែត្រ) និងមានប្រវែងបណ្តោយសរុប ២៥០ ហ្វីត (ឬស្មើ ៧៦ ម៉ែត្រ) ដែលធ្វើឲ្យវាក្លាយជាយន្តហោះដែលមានតួខ្លួនវែងបំផុតមិនធ្លាប់មានរបស់ Boeing។Boeing 747-8 អាចមានសមត្ថភាពផ្ទុកអ្នកដំណើរសរុបចំនួន ៤៦៧ នាក់ ឬផ្ទុកទំនិញរហូតដល់ ១៤០ តោន ជាមួយការហោះហើរបានឆ្ងាយបំផុតដល់ ៤ ១២០ ម៉ាយ ឬស្មើទៅនឹង ៧ ៦៣០ គីឡូម៉ែត្រ។

ព្រលានយន្តហោះអន្តរជាតិមរតកតេជោនឹងក្លាយជាអាកាសយានដ្ឋានធំជាងគេទីប្រាំបួននៅក្នុងពិភពលោក និងត្រូវបានកំណត់ថាជាព្រលានយន្តហោះលំដាប់ 4F ៕

 

អត្ថបទដោយ៖ កណ្ណិការ