របាំព្រះរាជទ្រព្យគឺជារបាំក្បាច់បុរាណរបស់កម្ពុជា មានដើមកំណើតជាយូរលង់មកហើយ មានភាពល្បីល្បាញខាង ប្រណិតភាពនៃសំលៀកបំពាក់ នៃការតុបតែងកាយ បំពាក់គ្រឿង មាសប្រាក់ អមទៅដោយក្បាច់រាំ ដែលមានភាពទន់ភ្លន់ ស្រស់ស្អាតគួរជាទីគយគន់ ដែលមើលទៅហាក់ដូចជារបាំរបស់ពពួកទេវៈ ឬ ទេវតា ។

របាំព្រះរាជទ្រព្យ សំដៅដល់ របាំដែលជាទ្រព្យប្រទានរបស់ព្រះរាជា ដែលរាជវង្សខ្មែរ បង្កើតជាទ្រព្យដវិសេស ដើម្បីបង្ហាញពីភាពថ្លៃថ្នូរខ្ពង់ខ្ពស់របស់អ្នករបាំខ្មែរ ដែលជាស្នាព្រះហស្ថ ព្រះមហាក្សត្រីយានី "ស៊ីសុវត្ថិ កុសមៈ នារីរ័ត្នសេរីវឌ្ឍនា" ដែលច្នៃចេញពី របាំក្បាច់បុរាណខ្មែរ ក្នុងរជ្ជកាលស្ដេច នរោត្តម របាំព្រះរាជទ្រព្យ ដែលជារបាំ ប្រចាំព្រះរាជាណាចក្រកម្ពុជា ។
ជាមួយគ្នានេះដែររបាំនេះត្រូវបានទទួលស្គាល់ ដោយអន្តរជាតិ ក្នុងការចុះបញ្ជីស្នាដៃរបស់កម្ពុជា ទៅក្នុងបញ្ជីរបេតិភណ្ឌពិភពលោក នៃមរតក វប្បធម៌អរូបីយតំណាងឲ្យមនុស្សជាតិ របស់អង្គការ (UNESCO) នាថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០០៣។
គូសបញ្ជាក់ដែរថា របាំព្រះរាជទ្រព្យ គឺជាឈ្មោះរបាំដែលតំណាងឱ្យរបាំក្បាច់បុរាណទាំងអស់របស់កម្ពុជា ដែលមានដើមកំណើតនៅ ស.វទី៣ នៃសម័យកាល អាណាចក្រនគរភ្នំ ត្រូវបានរកឃើញមាន នៅរូបចម្លាក់ស្រីរបាំ ធ្វើអំពីដីដុត ក្នុងបរិវេណ វត្តគំនូរស្ថិតនៅ ស្ថានីអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ ។ យោងតាមកំណត់ត្រាសិលាចារឹកអង្គរបុរី ចុះកាលបរិច្ឆេទឆ្នាំ ៦១១ នៃគ.សករាជ ត្រូវនិង ស.វទី៧ ក្នុងរាជព្រះបាទ មហេន្ទ្រវរ្ម័ន ដើម្បីរាំបូជា ចំពោះអទិទេព ឬ ទេវៈ និងការរកឃើញ នូវ រូបចម្លាក់ព្រះឥសូររាំ លំអនៅលើស៊ុមផ្ដែរទ្វារ នៃរចនាបថ សម្បូរព្រៃគុហ៌ ក្នុងរាជព្រះបាទ ឥសានវរ្ម័នទី១ គ.សករាជ (៦១៥ - ៦៣៥) ។
ការសន្និដ្ឋានរបស់ ប្រវត្តិវិទូលោក Martin Banham និងលោក James R. Brandon ដែលពណ៌នាថា របាំក្បាច់បុរាណ របស់កម្ពុជាទំនងជាកើតមានតាំងពី ស.វទី៧ ឬ មុនសម័យកាលអង្គរទៅទៀត ដែលលោកបានសរសេររៀបរាប់ ក្នុងសៀវភៅនិពន្ធរបស់លោក មានចំណងជើងថា "The Cambridge Guide to Theatre" ចេញផ្សាយដោយ សកលវិទ្យាល័យ Cambridge ឆ្នាំ 1995 ។
ជាក់ស្តែង ទម្រង់ក្បាច់បុរាណខ្មែរ របាំព្រះរាជទ្រព្យ គឺជាទម្រង់របាំស្ត្រី ព្រោះកាលដើមឡើយ អ្នកសម្តែងតួអង្គមានបួន៖ តួនាង (ស្ត្រី) តួនាយរោង (បុរស) តួយក្ស និង តួស្វា ព្រមទាំងតួបន្ទាប់បន្សំ មានតួសត្វសុទ្ធតែស្រីៗ ជាអ្នកសម្តែងតួអង្គទាំងនោះ លើកលែងតែតួតាឥសី និងតួត្លុកប៉ុណ្ណោះ ដែលសម្តែងដោយប្រុសៗ។ ក្រោយមក ដោយមានការវិវត្តន៍របស់ទម្រង់សិល្បៈនេះ តួអង្គស្វាត្រូវបានសម្តែង ដោយប្រុសៗ រហូតមកដល់សព្វថ្ងៃនេះ ។ របាំព្រះរាជទ្រព្យ របាំក្បាច់បុរាណខែ្មរមានចំនួន៨២របាំ និងរបាំរឿងមានចំនួន៣៥ រឿង។ របាំដែលរស់ឡើងវិញមានចំនួន ៥៤របាំ និងនៅបាត់បង់ចំនួន២៨របាំ៕

អត្ថបទដោយ៖ កណ្ណិការ