[បាងកក]៖ ថ្ងៃទី២០ ខែកុម្ភៈ តុលាការថៃបានកាត់ទោសមេធាវីសកម្មជនម្នាក់ឱ្យជាប់ពន្ធនាគារបន្ថែមទៀតរយៈពេល ២ ឆ្នាំ និង ៨ ខែ ពីបទប្រមាថរបបរាជានិយម នៅក្នុងការជួបជុំមួយកាលពីខែវិច្ឆិកា ឆ្នាំ២០២០។ ក្រុមសិទ្ធិមនុស្សមួយបាននិយាយនៅថ្ងៃសុក្រនេះ ដែលនាំឱ្យការកាត់ទោសរួមបញ្ចូលគ្នារបស់គាត់កើនឡើងដល់ជាង ៣០ ឆ្នាំ។ លោក Arnon Nampa អាយុ ៤១ ឆ្នាំ គឺជាឥស្សរជនដ៏លេចធ្លោម្នាក់ ក្នុងអំឡុងពេលបាតុកម្មតវ៉ារបស់ចលនាប្រជាធិបតេយ្យដឹកនាំដោយយុវជន ដែលមិនធ្លាប់មានពីមុនមក នៅទីក្រុងបាងកក កាលពីឆ្នាំ ២០២០ ដែលបានអំពាវនាវដោយបើកចំហឱ្យមានការធ្វើកំណែទម្រង់របបរាជានិយម។

ច្បាប់ប្រមាថព្រះមហាក្សត្ររបស់ប្រទេសថៃ ការពារព្រះរាជវាំងពីការរិះគន់ និងផ្តន្ទាទោសដាក់ពន្ធនាគារអតិបរមា ១៥ឆ្នាំ ចំពោះការប្រមាថព្រះមហាក្សត្រនីមួយៗ ដែលក្រុមសិទ្ធិមនុស្សអន្តរជាតិថ្កោលទោសយ៉ាងខ្លាំង។ លោក Arnon បានជាប់ពន្ធនាគារចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៣ ដោយសារការបំពានច្បាប់ប្រមាថព្រះមហាក្សត្រ ដែលកើតចេញពីសុន្ទរកថារបស់លោកក្នុងពិធីជួបជុំនយោបាយ និងការបង្ហោះលើបណ្តាញសង្គម នៅចន្លោះឆ្នាំ២០២០ និង២០២១។ 

ចំពោះសាលក្រមនៅថ្ងៃសុក្រនេះ គឺជាលើកទី១១ ក្នុងចំណោមករណីប្រមាថព្រះមហាក្សត្រចំនួន១៤ ដែលលោកបានប្រឈមមុខ។ នេះបើយោងតាមក្រុមជំនួយផ្នែកច្បាប់ Thai Lawyers for Human Rights មនុស្សយ៉ាងហោចណាស់ ២៩១ នាក់ ត្រូវបានចោទប្រកាន់ពីបទល្មើសប្រមាថព្រះមហាក្សត្រ ចាប់តាំងពីឆ្នាំ២០២០។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters