[ទីក្រុងគៀវ/មូស្គូ]៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បានថ្លែងកាលពីថ្ងៃអង្គារថា លោកនឹងស្នើឱ្យអ្នកសម្រុះសម្រួលរបស់សហរដ្ឋអាមេរិក បញ្ជូនសំណើទៅកាន់ប្រទេសរុស្ស៊ីដើម្បីផ្អាកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលទៅវិញទៅមក ក្នុងឱកាសបុណ្យអ៊ីស្ទើរ បន្ទាប់ពីវិមានក្រឹមឡាំងអះអាងថា ខ្លួនមិនទាន់ទទួលបានសំណើលម្អិតណាមួយនៅឡើយ។ 

លោក Zelenskiy បានបញ្ជាក់ថា លោកនឹងមានកិច្ចពិភាក្សាតាមអនឡាញនៅថ្ងៃពុធនេះ ជាមួយក្រុមអ្នកចរចាអាមេរិក រួមមានលោក Steve Witkoff និងលោក Jared Kushner (កូនប្រសាលោក ដូណាល់ ត្រាំ) ព្រមទាំងអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte ដើម្បីពិភាក្សាអំពីស្ថានភាពនៃកិច្ចចរចាសន្តិភាពដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក។

ក្នុងឆ្នាំនេះ សហរដ្ឋអាមេរិក រុស្ស៊ី និងអ៊ុយក្រែន បានរៀបចំកិច្ចចរចាត្រីភាគីកម្រិតខ្ពស់ចំនួន ៣ ជុំរួចមកហើយនៅទីក្រុងអាប៊ូដាប៊ី និងទីក្រុងហ្សឺណែវ ដើម្បីស្វែងរកច្រកចេញសម្រាប់ជម្លោះដ៏រ៉ាំរ៉ៃនេះ។ ទោះជាយ៉ាងណា កិច្ចចរចាជុំទី ៤ ត្រូវបានពន្យារពេល ដោយសារភាពតានតឹងពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់និងការមិនចុះសម្រុងគ្នាលើបញ្ហាទឹកដី។

ដើម្បីកាត់បន្ថយប្រភពចំណូលរបស់រុស្ស៊ី និងឆ្លើយតបនឹងការដែលរុស្ស៊ីទទួលបានប្រយោជន៍ពីតម្លៃប្រេងឡើងថ្លៃ អ៊ុយក្រែនបានបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ីក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ លោក Zelenskiy បានសង្កត់ធ្ងន់ថា៖ "ខ្ញុំនឹងបញ្ជូនសំណើនេះទៅកាន់សហរដ្ឋអាមេរិកនៅថ្ងៃស្អែក ដើម្បីឱ្យពួកគេបន្តបញ្ជូនទៅភាគីរុស្ស៊ី។ ប្រសិនបើពួកគេឈប់វាយប្រហារលើប្រព័ន្ធថាមពលរបស់យើង យើងក៏នឹងធ្វើដូចគ្នា ប៉ុន្តែបើពួកគេនៅតែបន្ត យើងនឹងឆ្លើយតបវិញដូចគ្នា។" ការថ្លែងបែបនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលដែលលោកចូលរួមខួបលើកទី ៤ នៃព្រឹត្តិការណ៍សម្លាប់រង្គាលនៅក្រុង Bucha ក្បែរទីក្រុងកៀវ។

វិមានក្រឹមឡាំងបានឆ្លើយតបយ៉ាងត្រជាក់ចំពោះសំណើនេះ ដោយអ្នកនាំពាក្យ លោក Dmitry Peskov បានបញ្ជាក់ថា ទីក្រុងមូស្គូចង់បាន "សន្តិភាពយូរអង្វែង" ជាជាងត្រឹមតែ "បទឈប់បាញ់បណ្តោះអាសន្ន"។ រុស្ស៊ីនៅតែបន្តទាមទារឱ្យអ៊ុយក្រែនប្រគល់ទឹកដីផ្នែកខ្លះនៃតំបន់ដុនបាស់ (Donbas) ដែលជាលក្ខខណ្ឌមួយដែលលោក Zelenskiy បដិសេធដាច់ខាត។ យោងតាមការគណនារបស់រ៉យទ័រ ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនលើស្ថានីយថាមពល និងកំពង់ផែសំខាន់ៗរបស់រុស្ស៊ីនាពេលថ្មីៗនេះ បានធ្វើឱ្យសមត្ថភាពនាំចេញប្រេងរបស់រុស្ស៊ីធ្លាក់ចុះប្រហែល ៤០%។

លោក Zelenskiy បានសម្ដែងការព្រួយបារម្ភថា រុស្ស៊ីអាចមានមហិច្ឆតានៅក្រៅតំបន់ដុនបាស់ ហើយកំពុងព្យាយាមបង្កើនសម្ពាធមុនពេលការបោះឆ្នោតសភាអាមេរិកពាក់កណ្តាលអាណត្តិឈានចូលមកដល់។ ទោះជាយ៉ាងណា ទីក្រុងកៀវជឿជាក់ថា ខ្លួននៅតែមានលទ្ធភាពការពារ "ខ្សែក្រវាត់បន្ទាយ" ក្នុងតំបន់ឧស្សាហកម្មបានយូរអង្វែងទៀត ដោយសារការប្រើប្រាស់បច្ចេកវិទ្យាដ្រូនការពារ ដែលធ្វើឱ្យការវាយលុករបស់រុស្ស៊ីមានសភាពយឺតយ៉ាវចាប់តាំងពីឆ្នាំ ២០២៣ មក។

 

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters