កាលពី​ព្រេងនាយ មាន​ផ្កាឈូក​មួយ​ទង​តូច​ណាស់ដុះ​នៅ​កណ្តាល​បឹង ផ្កាឈូក​នេះ​ខុសពី​ផ្កា​ឯទៀតគឺ​វា​ចូលចិត្ត​ស្តាប់​ជាង​និយាយ ផ្កាឈូក​ធំៗ​នៅក្បែរ​នោះ​តែងតែ​អួតអាង​ពី​សម្រស់​របស់​ខ្លួនពី​របៀប​ដែល​សត្វ​ល្អិត​មក​ក្រេប​លំអងនិង​ពី​កិត្តិយស​ដែល​បាន​រីក​ធំ ផ្កាឈូក​តូច​មិន​ដែល​ចូលរួម​ឡើយគឺ​វា​គ្រាន់តែ​ស្តាប់​ខ្យល់​បក់ស្តាប់​សំឡេង​កង្កែបនិង​ស្តាប់​ទឹក​រលាស់។

ថ្ងៃមួយមាន​ខ្យល់ព្យុះ​ដ៏​ធំ​មួយ​បាន​បោកបក់​មក ផ្កាឈូក​ធំៗ​ទាំង​អស់​បាន​ព្យាយាម​តតាំង​នឹង​ខ្យល់ ដោយ​លើក​ទង​របស់​ខ្លួន​ឲ្យ​ខ្ពស់​ដើម្បី​បង្ហាញ​ពី​ភាព​រឹងមាំតែ​ខ្យល់​កាន់តែ​ខ្លាំងធ្វើ​ឲ្យ​ទង​ផ្កា​ធំៗ​បាក់បែក​ជាច្រើន។

រីឯ​ផ្កាឈូក​តូច​វិញ ដោយសារ​វា​បាន​ស្តាប់​សំឡេង​ខ្យល់ វា​យល់​ពី​កម្លាំង​របស់​ព្យុះ ភ្លាមៗ​នោះ វា​បាន​លត់​ខ្លួន​ទៅ​ក្នុង​ទឹក​បឹងហើយ​លាក់​ខ្លួន​យ៉ាង​ស្ងៀមស្ងាត់​នៅ​ក្រោម​ផ្ទៃ​ទឹក​រហូតដល់​ព្យុះ​ស្ងប់។

ពេល​ថ្ងៃ​រះ​ឡើងផ្កាឈូក​ធំៗ​ភាគច្រើន​បាន​រង​ការ​ខូចខាត។ តែ​ផ្កាឈូក​តូច​បាន​ងើប​ឈរ​វិញ​យ៉ាង​ស្រស់បំព្រង ផ្កាឈូក​ធំៗ​បាន​សួរ​ថា៖ "តើ​ឯង​ធ្វើ​ដូចម្តេច​ទើប​រួច​ខ្លួន?"

ផ្កាឈូក​តូច​ឆ្លើយ​ដោយ​ថ្នមៗ​ថា៖ "ខ្ញុំ​គ្រាន់តែ​ស្តាប់។ ពេល​ដែល​អ្នក​ដទៃ​អួតអាងខ្ញុំ​ស្តាប់​ធម្មជាតិ។ ធម្មជាតិ​បាន​ប្រាប់​ខ្ញុំ​ថាកម្លាំង​មិនមែន​នៅ​ត្រង់​ការ​តតាំង​ទេតែ​នៅ​ត្រង់​ការ​ចេះ​ឱនលំទោន​ទៅ​តាម​កាលៈទេសៈ។"

 

 

អត្ថបទ៖ ជួន សុធា