លោកប្រធានាធិបតី ស៊ី ជីនពីង បានឡើងកាន់អំណាចដឹកនាំប្រទេសចិនអស់រយៈពេលជាង១៣ឆ្នាំមកហើយដោយលោកបានក្ដាប់អំណាចយ៉ាងពេញដៃមិនធ្លាប់មានចាប់តាំងពីសម័យលោកប្រធានម៉ៅ សេទុង។ លោកមិនបានបង្ហាញពីសញ្ញាចង់លាលែងពីតំណែងឬចូលនិវត្តន៍នោះទេ ប៉ុន្តែមនុស្សកើតចាស់ឈឺស្លាប់វាជាច្បាប់ធម្មជាតិដែលគ្មាននរណាម្នាក់អាចគេចផុត។ ពីមួយឆ្នាំទៅមួយឆ្នាំនៃការកាន់អំណាចរបស់លោកភាពមិនច្បាស់លាស់កាន់តែមានភាពស៊ីជម្រៅអំពីថាតើនរណាអាចនឹងត្រូវស្នងតំណែងពីរូបលោក ប្រសិនបើលោកមានបញ្ហាសុខភាពនិងថាតើ មេដឹកនាំថ្មីនឹងពង្រឹងឬបន្ធូរបន្ថយគោលនយោបាយម៉ឺងម៉ាត់របស់លោក ស៊ី ជីនពីង?

លោក ស៊ី ជីនពីង បានលុបចោលការកំណត់អាណត្តិប្រធានាធិបតីក្នុងឆ្នាំ ២០១៨ ដែលអនុញ្ញាតឱ្យលោកកាន់អំណាចដោយគ្មានកាលកំណត់ ហើយលោកមិនបានបង្ហាញពីសញ្ញាចង់លាលែងពីតំណែងឡើយ។ ការតែងតាំងអ្នកស្នងតំណែងអាចបង្កហានិភ័យ បង្កើតគូប្រជែងដោយមិនដឹងខ្លួន និងធ្វើឱ្យអំណាចរបស់លោកចុះខ្សោយ។ លោកដឹងយ៉ាងច្បាស់ពីសារៈសំខាន់នៃការជ្រើសរើសអ្នកបន្តវេនដោយផ្អែកលើមេរៀនពីការដួលរលំនៃសហភាពសូវៀត (ដោយសារជ្រើសរើសលោក Mikhail Gorbachev) និងការបែកបាក់ផ្ទៃក្នុងរបស់បក្សកុម្មុយនីស្តចិនអំឡុងបាតុកម្មឆ្នាំ ១៩៨៩។
ប្រសិនបើលោក ស៊ី សម្រេចជ្រើសរើសអ្នកបន្តវេន ភាពស្មោះត្រង់ដាច់ខាតចំពោះរូបលោក និងការដើរតាមរបៀបវារៈរបស់លោកនឹងក្លាយជា កត្តាដ៏សំខាន់បំផុត។ លោកបានគូសបញ្ជាក់ច្បាស់ៗថា លោកនឹងមិនលើកលែងឱ្យអ្នកដែលគ្មានភាពស្មោះត្រង់ឡើយ (ជាក់ស្តែងករណីមន្ត្រីយោធាជាន់ខ្ពស់ ៩ នាក់ត្រូវបានបណ្តេញចេញថ្មីៗនេះ)។ លោកមានអាយុ ៧២ ឆ្នាំទៅហើយ ហើយលោកត្រូវស្វែងរកអ្នកដែលមាន វ័យក្មេង អាចកាន់អំណាចបានច្រើនទសវត្សរ៍ និងមាន បទពិសោធន៍គ្រប់គ្រាន់។ ប៉ុន្តែសមាជិកទាំង ៧ រូបនៃគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយបច្ចុប្បន្នភាគច្រើនមានវ័យចំណាស់ពេក (ចាប់ពី ៦០ ឆ្នាំឡើង) ដើម្បីក្លាយជាអ្នកស្នងតំណែងរយៈពេលវែង។
ក្រុមអ្នកវិភាគជឿថា លោក ស៊ី ជីនពីង នឹងពន្យារពេលជ្រើសរើសអ្នកបន្តវេនយ៉ាងហោចណាស់រហូតដល់ ក្រោយអាណត្តិទី ៤ របស់លោក (ចាប់ផ្តើមក្នុងឆ្នាំ ២០២៧) ឬអាចយូរជាងនេះទៀត។
លោក ស៊ី ជីនពីង ទំនងជាជឿជាក់ថា ការរីកសាយឥទ្ធិពលចិនគឺពឹងផ្អែកលើ ការបន្តដឹកនាំប្រទេសរបស់លោក ដូច្នេះហើយបានជាលោកលុបចោលការកំណត់អាណត្តិ។ ការបរាជ័យក្នុងការជ្រើសរើសអ្នកបន្តវេនអាច បំផ្លាញកេរមរតកស្នាដៃ របស់លោក និងបង្កជាការបាក់បែកក្នុងចំណោមឥស្សរជននយោបាយកំពូលៗរបស់ចិន។
អត្ថបទ៖ ជួន សុធា