យោងតាមក្រសួងប្រៃសណីយ៍កម្ពុជាបានចាប់ផ្តើមដំណើរការជាផ្លូវការនូវ ប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី៥ ឬសេវា 5G ចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ។ សម្រាប់កិច្ចសហការរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាមួយប្រតិបត្តិករទូរស័ព្ទចល័តធំៗទាំង3 នៅកម្ពុជា រួមមានក្រុមហ៊ុន Cellcard (CamGSM) ក្រុមហ៊ុន Metfone (Viettel Cambodia) និងក្រុមហ៊ុន Smart (Smart Axiata) ដើម្បីជំរុញការសាងសង់ស្ថានីយអង់តែនទូរគមនាគមន៍ និងបំពាក់ឧបករណ៍ផ្តល់សេវា 5G នៅតាមទីតាំង ដែលបានកំណត់ជាក់លាក់។

គូសបញ្ជាក់ដែរថា អ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តរបស់ប្រតិបត្តិករទាំង៣ អាចចាប់ផ្តើមប្រើប្រាស់សេវា 5G បាន ចាប់ពី ម៉ោង ០០:០១ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ ដោយនៅដំណាក់កាលដំបូង សេវា 5G នឹងត្រូវដាក់ឱ្យ ប្រើប្រាស់នៅរាជធានីភ្នំពេញ និងតំបន់សំខាន់ៗមួយចំនួនក្នុងខេត្តសៀមរាប ខេត្តកណ្តាល ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តព្រៃវែង ខេត្តក្រចេះ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង និងខេត្តកំពត។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានបញ្ជាក់បន្ថែមទៀតថា នៅជំហានបន្តទៅមុខ វិសាលភាពគ្របដណ្តប់នៃសេវា 5G នឹងត្រូវពង្រីកឱ្យកាន់តែទូលំទូលាយ និងឆ្ពោះទៅកាន់គ្រប់បណ្តាខេត្តនៅទូទាំងប្រទេស។



ជាមួយគ្នានេះដែរ ក្រសួងប្រៃសណីយ៍ចាត់ទុក សេវាទូរស័ព្ទចល័តជំនាន់ទី៥នេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញបរិវត្តកម្មឌីជីថលសេដ្ឋកិច្ច និងសង្គម ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា នៅឆ្នាំ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ពីឆ្នាំ២០២២-២០៣៥។
ក្រៅពីការផ្តល់សេវាអ៊ីនធឺណិតល្បឿនលឿន សេវា 5Gនេះ ក្រសួងក៏អនុញ្ញាតឱ្យមានការតភ្ជាប់ឧបករណ៍បានច្រើនក្នុងពេលតែមួយ រយៈពេលឆ្លើយមានតបកម្រិតទាប(Latency) និងជួយលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈឌីជីថល។ លើសពីនេះទៀត សេវា 5G នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធឌីជីថល សម្រាប់អនាគតឌីជីថល នវានុវត្តន៍ និងកាលានុវត្តភាពថ្មីរបស់កម្ពុជា។
ដូច្នេះ ការដាក់ឲ្យប្រើប្រាស់សេវា 5G មិនត្រឹមតែជួយដោះស្រាយបញ្ហាទូរស័ព្ទដើរទាក់ទាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកទ្វារថ្មីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ឌីជីថល និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។
ដូច្នេះ បងប្អូនប្រជាពលរដ្ឋទាំងអស់ អាចទៅភ្ជាប់ និងប្រើប្រាស់សេវា 5Gជាមួយប្រតិបត្តិករទូរស័ព្ទចល័តដែលខ្លួនកំពុងប្រើប្រាស់ ដើម្បីទទួលបានអ៊ីនធឺណិតល្បឿនលឿន មានស្ថិរភាព និងបទពិសោធន៍ឌីជីថលកាន់តែប្រសើរ។
ប្រភព៖ ក្រសួងប្រៃសណីយ៍កម្ពុជា