[ទីក្រុងរ៉ូម]៖ នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បានធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី៣ ខែមីនា ក្នុងដំណើរទស្សនកិច្ចដែលមិនបានប្រកាសជាមុន ដែលរួមមានការអញ្ជើញទៅកាន់ប្រទេសកាតា និងអេមីរ៉ាតអារ៉ាប់រួមផងដែរ។ លោកស្រី Meloni បានទៅដល់ទីក្រុង Jeddah ដែលជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់របស់មេដឹកនាំសហភាពអឺរ៉ុប ទៅកាន់អារ៉ាប៊ីសាអូឌីត ចាប់តាំងពីការផ្ទុះសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ កាលពីខែកុម្ភៈកន្លងទៅ។ តាមកម្មវិធី លោកស្រីគ្រោងនឹងជួបពិភាក្សាជាមួយព្រះអង្គម្ចាស់រជ្ជទាយាទ Mohammed bin Salman នៅថ្ងៃដដែលនោះ។

ប្រភពដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនេះ មានគោលបំណងបង្ហាញការគាំទ្រដល់បណ្ដាដៃគូក្នុងតំបន់ឈូងសមុទ្រ ដែលកំពុងប្រឈមមុខនឹងការគំរាមកំហែងពីអ៊ីរ៉ង់ ព្រមទាំងដើម្បីការពារស្ថិរភាពនៃការផ្គត់ផ្គង់ថាមពលរបស់អ៊ីតាលី ចំពេលដែលតម្លៃប្រេងឥន្ធនៈកំពុងហក់ឡើងខ្ពស់។ មន្ត្រីដដែលបានបញ្ជាក់ថា អ៊ីតាលីចង់បង្ហាញពីឆន្ទៈរបស់ក្រុមហ៊ុនខ្នាតយក្សរបស់ខ្លួន ដូចជាក្រុមហ៊ុនថាមពល Eni (ENI.MI) ក្នុងការបន្តវិនិយោគនៅតំបន់ឈូងសមុទ្រ។ បច្ចុប្បន្ន អ៊ីតាលីបាននិងកំពុងផ្គត់ផ្គង់អាវុធការពារដល់ដៃគូទាំងនេះ ដើម្បីទប់ទល់នឹងការវាយប្រហារសងសឹកពីអ៊ីរ៉ង់ ហើយក៏ត្រៀមខ្លួនពិចារណាលើសំណើបន្ថែមទៀតផងដែរ។
មុនពេលសង្គ្រាមផ្ទុះឡើង ១០% នៃឧស្ម័នធម្មជាតិ (LNG) របស់អ៊ីតាលី គឺនាំចូលពីប្រទេសកាតា និង ១២% នៃប្រេងឆៅសរុប បានមកពីមជ្ឈិមបូព៌ា។ កាលពីសប្តាហ៍មុន អ៊ីតាលីទទួលបានដំណឹងថា ការដឹកជញ្ជូនឧស្ម័ន LNG ពីតំបន់ឈូងសមុទ្រត្រូវបានពន្យារពេល ដោយសារតែការបិទច្រកសមុទ្រ Hormuz។ ជាលទ្ធផល ការដឹកជញ្ជូនទំនិញចំនួន ១០ ជើង ចន្លោះពីខែមេសា ដល់ពាក់កណ្តាលខែមិថុនា នឹងត្រូវខកខាន។ លើសពីនេះ ការវាយប្រហាររបស់អ៊ីរ៉ង់ ក៏បានធ្វើឱ្យសមត្ថភាពនាំចេញ LNG របស់កាតា ធ្លាក់ចុះអស់ ១៧% ផងដែរ។
ដើម្បីធានាសន្តិសុខថាមពល លោកស្រី Meloni បាននិងកំពុងខិតខំស្វែងរកដៃគូផ្សេងៗ រួមមាន អាល់ហ្សេរី លោកស្រីទើបតែបានទៅទស្សនកិច្ចកាលពីសប្តាហ៍មុនដើម្បីបង្កើនការនាំចូលឧស្ម័ន។ អាស៊ែបៃហ្សង់ គ្រោងនឹងទៅទស្សនកិច្ចនៅសប្តាហ៍ខាងមុខ និងសហរដ្ឋអាមេរិកដើម្បីបំពេញការខ្វះខាត អ៊ីតាលីនឹងចាប់ផ្តើមទទួលឧស្ម័ន LNG ពីរោងចក្រ Golden Pass ចាប់ពីខែមិថុនាខាងមុខតទៅ។ ដោយឡែក គម្រោងទស្សនកិច្ចនៅប្រទេស គុយវ៉ែត ត្រូវបានលុបចោលវិញ ដោយសារកង្វល់ផ្នែកសន្តិសុខ។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters