មេដឹកនាំល្អត្រូវមានសមត្ថភាពបង្កើតនិងបង្ហាញនូវចក្ខុវិស័យដ៏គួរឱ្យចាប់អារម្មណ៍អំពីអនាគត ពួកគេមិនត្រឹមតែដឹងថាត្រូវទៅទីណាទេ ប៉ុន្តែពួកគេក៏អាចពន្យល់ពីសារៈសំខាន់នៃគោលដៅនោះដល់អ្នកដទៃដើម្បីជំរុញទឹកចិត្តពួកគេឱ្យធ្វើតាមដោយស្ម័គ្រចិត្ត។ដូច្នេះហើយទាំងនេះគឺ ជាគ្រឹះមូលដ្ឋានទាំង៦ ចំណុច ដែលអ្នកគួរតែរៀនហើយយកមកអនុវត្តដើម្បីឆ្ពោះទៅរកភាពជាអ្នកដឹកនាំ៖

១. ការគិតអ្វីដែលវិជ្ជមាន៖ ការធ្វើបែបនេះទើបផ្តល់ជាគំរូល្អមួយទៅដល់សមាជិកក្រុមការងារនិងមនុស្សដែលនៅជុំវិញផ្សេងៗទៀតដើម្បីធ្វើឲ្យពួកគេគិតពីចំណុចវិជ្ជមាន មុននឹងចាប់ផ្តើមធ្វើរឿងផ្សេងៗហើយនេះក៏ជាការលើកទឹកចិត្តមួយដែរ ព្រោះថាពួកគេនឹងមិនផ្តោតទៅលើបញ្ហាខ្លាំងពេកនោះទេតែពួកគេនឹងផ្តោតខ្លាំងទៅលើដំណោះស្រាយវិញ។

២. ការសន្ទនានិងការផ្សារភ្ជាប់រវាងគ្នានឹងគ្នា៖ ធ្វើជាមេដឹកនាំអ្នកគួរតែចេះមានភាពអត់ឱន មានការយល់ពីគ្នាទៅវិញទៅមកភាពអាណិតអាសូរ និងការស្រលាញ់ ត្រូវមានគំនិតវិជ្ជមានចំពោះសមាជិកក្រុមគ្រប់ៗរូប ការធ្វើបែបនេះហើយធ្វើឲ្យក្រុមរបស់អ្នករឹតតែមានភាពរឹងមាំ ក្លាហាន ឈ្លាសវ៉ៃ និងមិនងាយនឹងបំបែកបាន។

៣. ភាពស្មោះត្រង់ និងក្រមសីលធម៌៖ ភាពស្មោះត្រង់គឺជាគ្រឹះនៃការដឹកនាំ មេដឹកនាំដ៏អស្ចារ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌ខ្ពស់ធ្វើតាមអ្វីដែលពួកគេនិយាយហើយបង្ហាញឱ្យឃើញនូវភាពគួរឱ្យទុកចិត្ត។ នៅពេលដែលអ្នកដើរតាមជឿទុកចិត្តលើតួអង្គនិងការវិនិច្ឆ័យរបស់អ្នក ពួកគេនឹងមានឆន្ទៈក្នុងការប្រថុយនិងធ្វើការលំបាកជាមួយអ្នក។

៤. ការលើកទឹកចិត្តឲ្យសមាជិកក្រុមបញ្ចេញគំនិត៖ ក្នុងនាមជាមេដឹកនាំម្នាក់ អ្នកមិនគួរបញ្ចេញយោបល់តែម្នាក់ឯងទេ គួរតែឱ្យសមាជិកយើងគ្រប់រូបបញ្ចេញមតិពីគ្នាទៅវិញទៅមក ដើម្បីសហការគ្នាទៅរកភាពជោគជ័យ។

៥. ព្យាយាមបង្ហាញច្រើនជាងការបង្គាប់៖ ធ្វើជាអ្នកដឹកនាំមិនមែនអង្គុយចាំតែមើលចាំតែបញ្ជារហូតនោះទេ ផ្ទុយទៅវិញគឺពួកគេបង្ហាញក៏ដូចជាធ្វើការណែនាំទៅ ដល់សមាជិកក្រុមរបស់ពួកគេពោលគឺពួកគេមិនមែនបានត្រឹមតែទ្រឹស្តីនោះ។

៦. ត្រូវដឹងនិងស្គាល់ពីសមាជិកក្រុមរបស់ខ្លួនឱ្យច្បាស់៖ អ្នកគួរតែស្គាល់ថាអ្នកនេះមានចំណុចខ្លាំងនិងចំណុចខ្សោយត្រង់ណាខ្លះហើយអ្នកនោះមានចំណុចខ្លាំងនិង ចំណុចខ្សោយអ្វីខ្លះដែរ។ ទាំងនេះហើយគឺជាចំណុច ដែលមេដឹកនាំគ្រប់រូបគួរតែដឹងមុននឹងរៀបចំគោលដៅសម្រាប់ក្រុមការងាររបស់ខ្លួន។

ភាពជាអ្នកដឹកនាំដ៏ល្អមិនមែនជាតំណែងទេ តែជាសកម្មភាពអ្នកដឹកនាំដ៏អស្ចារ្យគឺជាអ្នកដែលបំផុសគំនិតដល់អ្នកដទៃឲ្យធ្វើសកម្មភាពមិនត្រឹមតែតាមរយៈពាក្យសម្ដីប៉ុណ្ណោះទេ ថែមទាំងតាមរយៈគំរូនៃឥរិយាបថ របស់ពួកគេផ្ទាល់និងចាប់ផ្តើមអនុវត្តគោលការណ៍ទាំងនេះដោយភាពជាប់លាប់ដើម្បីពង្រឹងសមត្ថភាពដឹកនាំរបស់អ្នក។

 

 

ប្រភព៖ www.businessnewsdaily.com

កែសម្រួលដោយ៖ សុធា