នៅក្នុងយុគសម័យដែលពិភពលោកកំពុងបោះជំហានយ៉ាងលឿនប្រទេសកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលនៃ "បរិវត្តកម្មឌីជីថល"យ៉ាងពេញទំហឹង។ ការផ្លាស់ប្តូរពីការធ្វើអាជីវកម្មបែបប្រពៃណីមកកាន់ទម្រង់ទំនើប និងឆ្លាតវៃ លែងជាជម្រើសសម្រាប់សហគ្រិនទៀតហើយ ប៉ុន្តែវាបានក្លាយជាកត្តាចាំបាច់សម្រាប់រស់រាន (Survival Necessity) នៅក្នុងទីផ្សារដែលមានការប្រកួតប្រជែងខ្ពស់។ បច្ចុប្បន្នអាជីវកម្មមិនចាំបាច់ទាល់តែមានទីតាំងធំដុំទើបអាចរកអតិថិជនបាននោះទេ។ តាមរយៈពាណិជ្ជកម្មអេឡិចត្រូនិក (E-commerce) អាជីវករអាចពង្រីកទីផ្សារទៅកាន់អតិថិជនទូទាំងប្រទេស។

យោងតាមទិន្នន័យពីវេបសាយ Napoleoncat.com បានបង្ហាញពីតួលេខដ៏គួរឱ្យកត់សម្គាល់៖

• Facebook: គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ កម្ពុជាមានអ្នកប្រើប្រាស់ប្រមាណ ១៥,៦ លាននាក់ (ស្មើនឹង ៨៦.១% នៃប្រជាជនសរុប)។

• TikTok: មានអ្នកប្រើប្រាស់រហូតដល់ ១០,៨ លាននាក់ គិតត្រឹមខែមីនា ឆ្នាំ២០២៥។

តួលេខនេះបង្ហាញថាបណ្ដាញសង្គមគឺជា "ទីផ្សារមាស" សម្រាប់ការផ្សព្វផ្សាយនិងលក់ផលិតផល។

ការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលពិសេសតាមរយៈ KHQR និងប្រព័ន្ធបាគង (Bakong) របស់ធនាគារជាតិបានបង្កើតបដិវត្តន៍ថ្មី។ វាមិនត្រឹមតែផ្តល់ភាពងាយស្រួលដល់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយម្ចាស់អាជីវកម្មក្នុងការ៖

• គ្រប់គ្រងលំហូរហិរញ្ញវត្ថុប្រកបដោយតម្លាភាព។

• កាត់បន្ថយហានិភ័យពីការកាន់សាច់ប្រាក់ផ្ទាល់។

• បង្កើនល្បឿននៃការទូទាត់ប្រាក់។

អាជីវកម្មសម័យថ្មី លែងពឹងផ្អែកលើការ "ស្មាន" ទៀតហើយ។ ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងអតិថិជន (CRM) និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) អនុញ្ញាតឱ្យក្រុមហ៊ុនវិភាគដឹងច្បាស់ពីអាកប្បកិរិយា និងតម្រូវការរបស់អតិថិជនដែលនាំឱ្យការផលិត និងផ្តល់សេវាកម្មកាន់តែមានប្រសិទ្ធភាពនិងចំគោលដៅ។

ទោះបីជាយ៉ាងណាក៏ដោយការឈានចូលពិភពឌីជីថលក៏មានហានិភ័យដែរ ដូចជាបញ្ហាសន្តិសុខសាយប័រ (Cybersecurity) និងការការពារទិន្នន័យ។ ជាងនេះទៅទៀត "គម្លាតចំណេះដឹងឌីជីថល" នៅតែជាឧបសគ្គដែលទាមទារឱ្យសហគ្រិនត្រូវធ្វើបច្ចុប្បន្នភាពចំណេះដឹងជាប់ជានិច្ច។ ដូច្នេះជោគជ័យក្នុងយុគសម័យនេះមិនមែនស្ថិតលើអាជីវកម្មដែលមានដើមទុនច្រើនបំផុតនោះទេ តែជាអាជីវកម្មដែល "វៃឆ្លាត រហ័សរហួន និងចេះសម្របខ្លួន"។ ការត្រៀមខ្លួនទទួលយកបច្ចេកវិទ្យា 5G និង AI គឺជាអាវុធយុទ្ធសាស្ត្រដើម្បីប្រកួតប្រជែងទាំងក្នុងតំបន់និងសកលលោក។

 

 

 

ប្រភព៖ https://stats.napoleoncat.com/facebook-users-in-cambodia/2025/01/   https://datareportal.com/reports/digital-2025-cambodia

កែសម្រួលដោយ៖ សមាន