ការនិយាយជាសាធារណៈគឺជាសុបិន្តអាក្រក់សម្រាប់មនុស្សជាច្រើន ប៉ុន្តែវាក៏ជាជំនាញដ៏សំខាន់បំផុតមួយសម្រាប់ភាពជោគជ័យក្នុងអាជីព និងការសិក្សា។ ខាងក្រោមនេះគឺជាគន្លឹះសំខាន់ៗដែលជួយឱ្យអ្នកយកឈ្នះលើភាពភ័យខ្លាច និងបង្កើនទំនុកចិត្តនៅចំពោះមុខហ្វូងមនុស្ស។

ការត្រៀមខ្លួនឱ្យបានហ្មត់ចត់ ការភ័យខ្លាចភាគច្រើនកើតចេញពីការមិនច្បាស់លាស់លើអ្វីដែលត្រូវនិយាយ។ ត្រូវយល់ដឹងពីប្រធានបទ កុំគ្រាន់តែទន្ទិញមេរៀន តែត្រូវយល់ពីខ្លឹមសារឱ្យស៊ីជម្រៅសិន។ នៅពេលអ្នកយល់ច្បាស់ ទោះបីជាភ្លេចឃ្លាខ្លះ ក៏អ្នកនៅតែអាចពន្យល់តាមរបៀបផ្សេងបាន ហើយការដឹងពីកម្រិតយល់ដឹង និងការរំពឹងទុករបស់ពួកគេ នឹងជួយឱ្យអ្នករៀបចំខ្លឹមសារបានចំគោលដៅ។

ត្រូវចេះអនុវត្តឱ្យបានច្រើនដង ដូចជាការនិយាយនៅមុខកញ្ចក់វានឹងជួយឱ្យអ្នកមើលឃើញកាយវិការ និងទឹកមុខរបស់ខ្លួនឯង ហើយការមើលវីដេអូដែលខ្លួនឯងនិយាយជួយឱ្យអ្នករកឃើញចំណុចខ្វះខាត ដូចជាការប្រើពាក្យដដែលៗ ឬកាយវិការមិនសមរម្យ។ ត្រូវសាកល្បងនិយាយឱ្យមិត្តភក្តិស្តាប់ និងការទទួលបានមតិរិះគន់ក្នុងន័យស្ថាបនាពីមនុស្សជិតដិតនឹងជួយពង្រឹងស្មារតីអ្នកបានយ៉ាងល្អ។

មួយវិញទៀតត្រូវចេះគ្រប់គ្រងអារម្មណ៍ និងរាងកាយ មុនពេលឡើងលើឆាកចូរដកដង្ហើមចូលឱ្យជ្រៅហើយដកដង្ហើមចេញយឺតៗ វានឹងជួយកាត់បន្ថយអត្រាចង្វាក់បេះដូង និងធ្វើឱ្យខួរក្បាលស្រឡះ។ ត្រូវប្រាប់ខ្លួនឯងថា "ខ្ញុំមិនមែនភ័យទេ គឺខ្ញុំកំពុងរំភើប"។ រាងកាយមានប្រតិកម្មស្រដៀងគ្នារវាងការភ័យ និងការរំភើប ដូច្នេះការប្តូរការគិតនឹងជួយឱ្យអ្នកមានភាពក្លាហាន។

លើសពីនេះទៀតកុំបារម្ភរឿងខុសបច្ចេកទេស គ្មានអ្នកណាចងចាំកំហុសតូចតាចរបស់អ្នកទេ បើអ្នកនិយាយខុសបន្តិចបន្តួចចូរញញឹមហើយបន្តទៅមុខទៀត។ ទស្សនិកជនភាគច្រើនមិនដឹងថាអ្នកភ្លេចនិយាយអ្វីខ្លះដែលអ្នកបានព្រាងទុកនោះទេ។ ត្រូវផ្តោតទៅលើសារដែលចង់បញ្ជូន កុំផ្តោតលើខ្លួនឯងពេក (តើខ្ញុំស្អាតទេ? តើគេមើលមកខ្ញុំបែបណា?) ផ្ទុយទៅវិញ ត្រូវផ្តោតលើ "តើចំណេះដឹងដែលខ្ញុំកំពុងនិយាយនេះ ផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នកស្តាប់?"។

 

 

 

អត្ថបទដោយ៖ សុធា