យុវជនគឺជាសសរទ្រូងនៃប្រទេសជាតិហើយក្នុងបរិបទនៃសកលភាវូបនីយកម្ម ពួកគេគឺជាកម្លាំងចលករដ៏សំខាន់បំផុតក្នុងការថែរក្សានិងលើកស្ទួយអត្តសញ្ញាណវប្បធម៌។ តួនាទីយុវជនក្នុងការលើកស្ទួយតម្លៃវប្បធម៌ជាតិ វប្បធម៌គឺជាព្រលឹងនៃជាតិ បើវប្បធម៌រលាយ ជាតិក៏រលត់។ ក្នុងនាមជាអ្នកបន្តវេន យុវជនមានតួនាទីយ៉ាងសំខាន់ក្នុងការធានាថាភាពរុងរឿងនៃអរិយធម៌របស់ដូនតានៅតែបន្តរស់រវើក។

ជំហានដំបូងដែលយុវជនត្រូវធ្វើ គឺការសិក្សាឱ្យបានស៊ីជម្រៅអំពីប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ ប្រពៃណី សីលធម៌រស់នៅ និងសិល្បៈ។ កាលណាពួកគេយល់ពីអត្ថន័យ និងតម្លៃនៃកេរដំណែលទាំងនោះ ពួកគេនឹងកើតមានស្មារតីស្រឡាញ់ និងចង់ការពារដោយស្វ័យប្រវត្តិ។

ការលើកស្ទួយដែលប្រសើរបំផុត គឺការអនុវត្តជាក់ស្តែង យុវជនអាចចូលរួមបានតាមរយៈ ការប្រើប្រាស់ភាសា និងអក្សរសាស្ត្រជាតិឱ្យបានត្រឹមត្រូវ។ ការរក្សាសីលធម៌នៃការនិយាយស្តី និងការសំពះដែលជាអត្តសញ្ញាណខ្មែរ និងការស្លៀកពាក់បែបប្រពៃណីក្នុងពិធីបុណ្យផ្សេងៗ ឬការគាំទ្រផលិតផលក្នុងស្រុក (ដូចជាសូត្រ ឬក្រមា)ជាដើម។ 

ក្នុងសម័យឌីជីថល យុវជនគឺជាអ្នកជំនាញខាងបច្ចេកវិទ្យា ពួកគេមានតួនាទីជា "ទូតវប្បធម៌ឌីជីថល" តាមរយៈ ការផលិតមាតិកា វីដេអូ ឬរូបភាពស្អាតៗអំពីតំបន់ទេសចរណ៍ ម្ហូបអាហារ និងសិល្បៈខ្មែរទៅកាន់ពិភពលោក និងការទប់ស្កាត់ព័ត៌មានមិនពិតដែលប៉ះពាល់ដល់វប្បធម៌ជាតិ និងការបង្កើតយុទ្ធនាការតាមអនឡាញដើម្បីផ្សព្វផ្សាយពីទម្រង់សិល្បៈដែលជិតបាត់បង់។ ចំពោះការច្នៃប្រឌិត និងការអភិវឌ្ឍគឺ យុវជនមានសមត្ថភាពក្នុងការច្នៃប្រឌិតថ្មីដោយបញ្ចូលតម្លៃវប្បធម៌ទៅក្នុងសម័យទំនើបដូចជាការបញ្ចូលតូរ្យតន្ត្រីបុរាណក្នុងតន្ត្រីសម័យ ឬការរចនាម៉ូដសម្លៀកបំពាក់បែបសម័យកាលឱ្យមានភាពទាក់ទាញដល់មនុស្សជំនាន់ក្រោយ។ ជារួមមក យុវជនមិនត្រឹមតែជាអ្នកទទួលមរតកពីដូនតាប៉ុណ្ណោះទេ ប៉ុន្តែគឺជាអ្នកច្នៃប្រឌិតនិងជាអ្នកនាំសារវប្បធម៌ទៅកាន់ឆាកអន្តរជាតិ ការរួមគ្នារបស់យុវជនក្នុងការថែរក្សាអត្តសញ្ញាណជាតិ គឺជាការធានានូវភាពគង់វង្ស និងមោទនភាពរបស់ជាតិខ្មែរ។

 

 

 

អត្ថបទដោយ៖ សុធា