[ហ្សាកាតា]៖ ក្រុមអ្នកជួយសង្គ្រោះឥណ្ឌូនេស៊ី កាលពីថ្ងៃចន្ទ ទី៩ ខែមីនា បានបន្តយុទ្ធនាការស្វែងរកមនុស្ស ៥ នាក់ដែលកំពុងបាត់ខ្លួនបន្ទាប់ពីមានគ្រោះថ្នាក់បាក់រលំភ្នំសំរាមដ៏ធំសម្បើមមួយនៅទីលានចាក់សំរាមដ៏ធំបំផុតរបស់ប្រទេស កាលពីចុងសប្តាហ៍កន្លងទៅ ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៤ នាក់បាត់បង់ជីវិត។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីថ្ងៃអាទិត្យ នៅទីលានចាក់សំរាម Bantargebang ស្ថិតក្នុងតំបន់ Bekasi ជាយរដ្ឋធានីហ្សាកាតា។ លោកស្រី Desiana Kartika Bahari ប្រធានទីភ្នាក់ងារជួយសង្គ្រោះប្រចាំតំបន់បានបញ្ជាក់ថា មូលហេតុទំនងជាបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាចាប់តាំងពីល្ងាចថ្ងៃសៅរ៍មក។ លោកស្រី Bahari បានប្រាប់ភ្នាក់ងារព័ត៌មាន Reuters ថា៖ «ភ្លៀងបានធ្លាក់ពេញមួយថ្ងៃ តាំងពីល្ងាចថ្ងៃសៅរ៍ ដែលធ្វើឱ្យភ្នំសំរាមបាត់បង់លំនឹង និងបាក់រលំចុះមក»។
អ្នកដែលបាត់ខ្លួនរួមមាន អ្នកបើកបររថយន្តដឹកសំរាម និងអ្នករើសអេតចាយ។ មនុស្ស ៤ នាក់ត្រូវបានជួយសង្គ្រោះទាន់ពេល ខណៈមន្ត្រីបារម្ភថា ចំនួនអ្នកកប់ក្រោមគំនរសំរាមអាចមានច្រើនជាងនេះ។ កម្លាំងចម្រុះជាង ២០០ នាក់ រួមមានប៉ូលីស យោធា និងគ្រឿងចក្រ (អេស្កាវ៉ាទ័រ) ចំនួន ១៧ គ្រឿង ត្រូវបានដាក់ពង្រាយដើម្បីកាយស្វែងរកជនរងគ្រោះ។
នៅពេលកើតហេតុ មានរថយន្តដឹកទំនិញជាច្រើនកំពុងប្រតិបត្តិការហើយក៏មានតូបលក់អាហារនៅក្បែរនោះផងដែរ ដែលរងការវាយប្រហារដោយការបាក់រលំនេះ។ គួរបញ្ជាក់ថា ទីលានចាក់សំរាម Bantargebang មានផ្ទៃដីធំល្វឹងល្វើយប្រហែល ១១០ ហិកតា និងទទួលសំរាមពីក្រុងហ្សាកាតា ចន្លោះពី ៦,៥០០ ទៅ ៧,០០០ តោនជារៀងរាល់ថ្ងៃ។

ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters