(រ៉យទ័រ)៖ កាលថ្ងៃទី០២ ខែមេសា ក្រុមហ៊ុន OpenAI ដែលកំពុងប្រកួតប្រជែងយ៉ាងស្រួចស្រាវជាមួយ Anthropic ក្នុងការដណ្តើមអតិថិជនកម្រិតសហគ្រាស បានប្រកាសទិញយក TBPN ដែលជាកម្មវិធីពិភាក្សាបច្ចេកវិទ្យាតាមអនឡាញដ៏ល្បីល្បាញមួយនៅតំបន់ Silicon Valley។

តាមរយៈការផ្លាស់ប្តូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ស្ថាបនិកកម្មវិធី TBPN គឺលោក John Coogan និងលោក Jordi Hays នឹងចូលរួមជាមួយក្រុមការងាររបស់ OpenAI។ ពួកលោកបានបង្កើត TBPN កាលពីចុងឆ្នាំ២០២៤ ក្នុងគោលបំណងប្រកួតប្រជែងជាមួយបណ្តាញព័ត៌មានខ្នាតយក្សដូចជា CNBC ជាដើម។

កិច្ចព្រមព្រៀងនេះបានបង្កើតឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារកន្លងមក OpenAI មិនដែលបង្ហាញចេតនាចង់ឈានជើងចូលក្នុងវិស័យសារព័ត៌មាននោះទេ។ ថ្មីៗនេះ ក្រុមហ៊ុនទើបតែបានដាក់ឱ្យប្រើប្រាស់ឧបករណ៍បង្កើតវីដេអូ Sora ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងពង្រឹងទីផ្សារឧបករណ៍សរសេរកូដ AI ដែលផ្តល់ប្រាក់ចំណេញខ្ពស់។

ទោះបីជាមិនបានបង្ហាញពីទិន្នន័យហិរញ្ញវត្ថុនៃកិច្ចព្រមព្រៀងនេះក៏ដោយ OpenAI បានបញ្ជាក់ថា ការទិញយក TBPN នឹងជួយឱ្យក្រុមហ៊ុន ពង្រឹងការប្រាស្រ័យទាក់ទងដើម្បីផ្សព្វផ្សាយពីផែនការយុទ្ធសាស្ត្ររបស់ខ្លួនឱ្យកាន់តែច្បាស់លាស់ និងបង្កើតការពិភាក្សាជុំវិញការផ្លាស់ប្តូរដែលបង្កឡើងដោយបច្ចេកវិទ្យា Generative AI។

OpenAI ដែលជាក្រុមហ៊ុនកំពុងខាតបង់ថវិកានៅឡើយនោះ បានសន្យាថានឹងរក្សា “ឯករាជ្យភាពផ្នែកវិចារណកថា” របស់ TBPN។ យុទ្ធសាស្ត្រនេះត្រូវបានគេមើលឃើញថាស្រដៀងទៅនឹងព្រឹត្តិប័ត្រព័ត៌មាន Prompt របស់ខ្លួនដែរ។

នៅក្នុងព្រឹត្តិប័ត្រព័ត៌មាននោះ OpenAI បានលើកឡើងថា វាមិនមែនជារឿងថ្មីនោះទេ ស្ថាប័នព័ត៌មានតែងតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់សាជីវកម្មធំៗជាយូរមកហើយ ដូចជាករណី ABC/CBS/NBC ឬការបង្កើត MSNBC ដោយ Microsoft និង Bloomberg News ដែលជាកម្មសិទ្ធិរបស់ Bloomberg LP ជាដើម។ ការទិញយកនេះកើតឡើងស្របពេលដែល OpenAI កំពុងប្រឈមមុខនឹងការរិះគន់ ចំពោះការសម្រេចចិត្តចាប់ដៃគូជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីអនុញ្ញាតឱ្យប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួនក្នុងប្រតិបត្តិការយោធាសម្ងាត់ បន្ទាប់ពីមានការជជែកដេញដោលគ្នារវាងគូប្រជែង Anthropic និងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។

គួររំលឹកផងដែរថា កម្មវិធី TBPN ធ្លាប់បានស្វាគមន៍ភ្ញៀវកិត្តិយសលំដាប់ពិភពលោកជាច្រើន រួមមាន លោក Mark Zuckerberg (នាយកប្រតិបត្តិ Meta) លោក Satya Nadella (នាយកប្រតិបត្តិ Microsoft) លោក James Cameron (ផលិតករភាពយន្តល្បីល្បាញ) និង លោក Sam Altman (នាយកប្រតិបត្តិ OpenAI)។

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters