[រ៉យទ័រ]៖ ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី៣ ខែមីនា បានលើកឡើងថា សហរដ្ឋអាមេរិកនឹងអាចបើកច្រកសមុទ្រ Hormuz ឡើងវិញបាន ប្រសិនបើមានពេលវេលាបន្ថែមទៀត ខណៈដែលរដ្ឋបាលរបស់លោកកំពុងរងសម្ពាធយ៉ាងខ្លាំង ក្នុងការស្វែងរកដំណោះស្រាយជាបន្ទាន់ចំពោះជម្លោះជាមួយប្រទេសអ៊ីរ៉ង់។

នៅក្នុងសារបង្ហោះលើបណ្តាញសង្គម Truth Social លោក Trump បានសរសេរថា ប្រសិនបើមានពេលវេលាបន្ថែមទៀត យើងអាចបើកច្រកសមុទ្រ Hormuz បានយ៉ាងងាយស្រួលបើកច្រកសមុទ្រ រួចគ្រប់គ្រងប្រេង និងបង្កើតផលចំណេញយ៉ាងសន្ធឹកសន្ធាប់។ ជិត ៥ សប្តាហ៍បន្ទាប់ពីការវាយប្រហារតាមអាកាសរួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល សង្គ្រាមនៅអ៊ីរ៉ង់នៅតែបន្តបង្កភាពវឹកវរទូទាំងតំបន់ និងធ្វើឱ្យទីផ្សារហិរញ្ញវត្ថុមានការប្រែប្រួលយ៉ាងខ្លាំង។ កត្តានេះបានជំរុញឱ្យមានសម្ពាធកាន់តែខ្លាំងលើលោក Trump ក្នុងការបញ្ចប់ជម្លោះឱ្យបានឆាប់រហ័ស។

គួររំលឹកថា អ៊ីរ៉ង់បានសម្រេចបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ដឹកជញ្ជូនប្រេងប្រហែល ២០% នៃការប្រើប្រាស់សរុបនៅលើពិភពលោក ដើម្បីជាការសងសឹកទៅនឹងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល កាលពីចុងខែកុម្ភៈ។ ការបើកច្រកទឹកនេះឡើងវិញ បានក្លាយជាអាទិភាពចម្បងសម្រាប់រដ្ឋាភិបាលជុំវិញពិភពលោក ដោយសារតម្លៃថាមពលបានហក់ឡើងខ្ពស់។

នៅក្នុងសុន្ទរកថាកាលពីយប់ថ្ងៃពុធ លោក Trump បានបន្តព្រមានវាយប្រហារលើរោងចក្រថាមពលស៊ីវិលរបស់អ៊ីរ៉ង់ហើយមិនបានបញ្ជាក់ពីពេលវេលាច្បាស់លាស់ក្នុងការបញ្ឈប់អរិភាពនោះទេ ដែលការណ៍នេះបានបង្កឱ្យមានក្តីបារម្ភពីការសងសឹកតបវិញពីសំណាក់អ៊ីរ៉ង់និងបានធ្វើឱ្យតម្លៃភាគហ៊ុនដួលរលំ។

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters