សម្លកកូរ គឺជាសម្លបែបប្រពៃណីមួយរបស់កម្ពុជា ដែលត្រូវបានគេចាត់ទុកជាមុខម្ហូបមួយក្នុងចំណោមសម្លផ្សេងៗទៀតរបស់ជាតិខ្មែរដែលមានការនិយមចូលចិត្ត និងមានរសជាតិឆ្ងាញ់ផងដែរ។ សម្លកកូរមានគ្រឿងផ្សំច្រើនបន្តិចតែសុទ្ធតែជាបន្លែធម្មជាតិ និងប្រើរយៈពេលយូរបន្តិចក្នុងការចម្អិនម្ហូបបែបនេះ។ សម្លកកូរជាអាហារបែបធម្មជាតិភាគច្រើនផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាពបានល្អប្រសើរនៅពេលបរិភោគអាហារនេះ។ដោយមូលហេតុសម្លកកូរមួយមុខ សម្បូរទៅដោយគ្រឿងផ្សំសំខាន់ៗច្រើន យើងអាចទទួលបានអត្ថប្រយោជន៍ដែលនឹកស្មានមិនដល់ ពីការទទួលទានសម្លកកូរ។

សម្លរកកូរមានលក្ខណៈពិសេសត្រង់ថា វាជាអាហារដែលមានតុល្យភាពល្អដោយខ្លួនឯង។ វាផ្សំឡើងពី៖ប្រូតេអ៊ីន ជាប្រភេទត្រី ឬសាច់ (មាន់ សាច់គោ) ដែលជួយទ្រទ្រង់ និងកសាងសាច់ដុំ។សាច់ជ្រូក មានផ្ទុកប្រូតេអ៊ីនខ្ពស់ ហើយសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែ ជួយដល់ការលូតលាស់សាច់ដុំ និងជម្រុញរាងកាយឱ្យបំពេញមុខងារបានល្អ។ ចំពោះសាច់ត្រី មានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា-៣ មានកាឡូរីទាប និងប្រូតេអ៊ីនខ្ពស់ជំនួយដល់សុខភាពខួរក្បាល និងភ្នែកថែមទៀតផង។ជាតិសរសៃ (Fiber) វីតាមីន និងជាតិរ៉ែ៖ ពីបន្លែស្លឹកបៃតង ដូចជាត្រកួន ផ្ទី ជាដើម ដែលល្អសម្រាប់ប្រព័ន្ធរំលាយអាហារ។រីឯបន្លែចម្រុះដែលយើងដាក់ក្នុងសម្លកកូរ សម្បូរទៅដោយវីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់ៗ ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់រាងកាយរបស់យើងដូចជា ជួយប្រព័ន្ធរំលាយអាហារ បន្ថយសម្ពាធឈាម គ្រប់គ្រងជាតិស្ករក្នុងឈាម និងជួយដល់សម្រស់ក្នុងការប្រឆាំងភាពចាស់ផងដែរ។

របៀបធ្វើសម្លរកកូរ
- គ្រឿងបុក : ខ្ទឹមសរ ,ស្លឹកគ្រៃ, រំដែង, ស្លឹកក្រូច, រមៀត
- បន្លែ និង សាច់: សាច់មាន់, សាច់ជ្រូកបីជាន់ ឫ ឆ្អឹងជំនី, ត្រីទៅតាមចំនូលចិត្ត ,ស្លឹកបាស ,ល្ពៅ ត្រប់តូច,ត្រប់ស្រួយ ,ផ្ទី, ស្លឹកម្រុំ, ល្ហុង, ខ្នុរខ្ចី ,សណ្ដែកគួរ
- គ្រឿងផ្សំ: អង្គរលីងបុក , ខ្ទិះដូង, ស្ករ, ទឹកត្រី, ប្រហុក, អំបិល, ម្ស៉ៅស៊ុប៕
- វិធីធ្វើ: យើងចាប់ផ្ដើមលីងគ្រឿងបុកចាក់, ខ្ទិះដូង, ប្រហុក ដាក់សាច់ឫត្រីនិងគ្រឿងផ្សំចូលកូរជាមួយគ្រឿងឲឈ្ងុយហើយដាក់ទឹកចូលទៅតាមចំនូលចិត្តរ៉ាវឫក៏ខាប់។ ដល់វគ្គដាក់បន្លែចូលយើងត្រូវដាក់បន្លែណាដែលត្រូវការចំអិនយូរដូចជាល្ពៅ ហើយដាក់បន្លែផ្សេងចំនែកអង្គរលីងយើងដាក់តាមក្រោយ ។
សម្លរកកមានតំណាលថា”ព្រះអង្គម្ចាស់គុជមនោរាជ បានសម្រេចចិត្តចេញទៅប្រពាតព្រៃម្នាក់ឯង ព្រោះចង់បាញ់សត្វកម្សាន្តដោយមិនឲ្យអ្នកណាម្នាក់ទាន់ដឹង។ ពេលជិះសេះចូលទៅដល់ក្នុងព្រៃ ព្រះអង្គរីករាយជាមួយទេសភាពធម្មជាតិ។ ក្រោមសម្លេងស្ងប់ស្ងាត់នោះ ព្រះអង្គបានឃើញសត្វឈ្លូសមួយក្បាលកំពុងស៊ីស្មៅមិនបានយល់ថាមានគ្រោះថ្នាក់។ ព្រះអង្គចង់សាកល្បងស្នាដៃបាញ់ជាមួយធ្នូ ដែកព្រួញវិញត្រូវគល់ឈើ ហើយឈ្លូសរត់គេចភ្លាមៗ។
ព្រះអង្គមិនបោះបង់ទេទ្រង់ក៏បំផាយសេះដេញតាមឈ្លូសកាត់វាល និងចូលព្រៃជ្រៅៗ ទោះគ្រោះថ្នាក់ក៏មិនគិត។ ចុងក្រោយព្រះអង្គហត់អស់កម្លាំង ត្រូវស្មៅមែកឈើវាត់ពេញខ្លួន ហើយវង្វេងច្រឡំមិនដឹងផ្លូវត្រលប់។ ពេលនោះ ព្រះអង្គបានឃើញដំបូលផ្ទះមួយឆ្ងាយៗ ហើយខំជិះសេះទៅ ប៉ុន្តែព្រះអង្គអស់កម្លាំងសន្លប់នៅលើសេះ ហើយសេះក៏ដើរទៅឯផ្ទះមួយនៅចុងភូមិ។
នៅទីនោះ គ្រួសារមួយដែលមានឪពុក ម្តាយ និងកូនស្រីម្នាក់បានជួយព្រះអង្គឲ្យសង្គ្រោះ និងថែទាំ។ ព្រះអង្គស្នាក់នៅជាមួយពួកគេរយៈពេលខ្លះ ហើយបានពិនិត្យឃើញថា គ្រួសារនេះគេចានចម្អិនម្ហូបមួយដដែលៗ មានបន្លែជាច្រើនមុខខុសគ្នាច្របល់គ្នា។ ព្រះអង្គចង់ដឹងថា ម្ហូបអ្វីបានគេធ្វើជារៀងរាល់ថ្ងៃ។ កូនស្រីឆ្លើយថា ម្ហូបទៅនោះគេហៅ “សម្ល១០០មុខ” ព្រោះមានគ្រឿងច្រើន។

ព្រះអង្គក៏ធ្វើចិត្តចង់ដឹង និងក្លាយជាមនុស្សដែលចូលចិត្តសង្កេតពេលពួកគេចម្អិន។ ព្រះអង្គឃើញថា ម្ហូបមួយគ្រឿងនេះ មើលទៅគេចែកតែ “កូរ” មិនឈប់ឈរ। ដូច្នេះព្រះអង្គបាននិយាយដោយកំសាន្តថា “ឈ្មោះនេះក្រៅសម បើហៅសម្លកកូរទើបត្រូវជាង តាមសកម្មភាពដែលឃើញ”។ ការប្រែឈ្មោះនេះធ្វើឲ្យអ្នកស្រុកទាំងអស់រីករាយ និងយល់ស្រប។ចាប់តាំងពីពេលនោះ ម្ហូប “សម្លកកូរ” បានក្លាយជាម្ហូបពេញនិយមរបស់ខ្មែរ ដែលគេចូលចិត្តចម្អិន និងបរិភោគស្ទើរគ្រប់តំបន់រហូតមកដល់សព្វថ្ងៃ។”
អត្ថបទ៖ កណ្ណិការ