ក្រុមហ៊ុនអ៊ីនវ៉ា រៀល អ៊ីស្ទេត  បានទទួលពានរង្វាន់ជា “ក្រុមហ៊ុនវាយតម្លៃឆ្នើមក្នុងវិស័យបរធនបាលកិច្ចប្រចាំឆ្នាំ២០២៤” នៅក្នុងកម្មវិធីវេទិកាបរធនបាលកិច្ចឆ្នាំ២០២៥ ក្រោមប្រធានបទ “បរធនបាលជាថ្នាលធុរកិច្ចប្រកបដោយទំនុកចិត្ត និងអនុលោមភាពច្បាប់” នៅសណ្ឋាគារ សុខា ភ្នំពេញ កាលពីថ្ងៃសុក្រ ១០កើត ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែតុលា គ.ស.២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ) និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី កសហវ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)។

គូសបញ្ជាក់ដែរថាក្រុមហ៊ុនអ៊ីនវ៉ា រៀល អ៊ីស្ទេត ជាក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យដែលមានបទពិសោធន៍ច្បាស់លាស់លើការវាយតម្លៃ ទិញលក់ឬជួលអចលនទ្រព្យគ្រប់ប្រភេទទៅតាមតម្រូវការរបស់អតិថិជន ។

ជាក់ស្តែង កម្មវិធីវេទិកាបរធនបាលកិច្ច ឆ្នាំ២០២៥ ធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយបន្ថែម ក៏ដូចជាប្រមូលផ្ដុំអ្នកជំនាញ និងតួអង្គពាក់ព័ន្ធសំខាន់ៗក្នុងវិស័យបរធនបាលកិច្ច ដើម្បីភ្ជាប់បណ្ដាញទំនាក់ទំនង និងទទួលបានទស្សនៈថ្មីៗ ព្រមទាំងផ្លាស់ប្ដូរចំណេះដឹង និងបទពិសោធន៍អនុវត្តន៍ពាក់ព័ន្ធនឹងវិស័យបរធនបាលកិច្ច។

ជាមួយគ្នានេះដែរ កម្មវិធីនេះបានផ្តោតជាសំខាន់ទៅលើការធ្វើបទបង្ហាញ និងកិច្ចពិភាក្សាអំពីទិសដៅយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យបរធនវិស័យបរធនបាលកិច្ច, គុណប្រយោជន៍នៃបរធនបាលកិច្ចគ្រួសារ និងបរធនបាលកិច្ចសប្បុរសធម៌, ការបន្តស្ថេរភាពហិរញ្ញវត្ថុតជំនាន់, ឱកាសវិនិយោគអចលនទ្រព្យតាមរយៈយន្តការបរធនបាលកិច្ច, ការប្រែក្លាយកម្ពុជាជាទិសដៅថ្មីសម្រាប់ការវិនិយោគតាមរយៈបរធនបាលកិច្ចអចលនទ្រព្យ និងភាពចាំបាច់នៃការប្រើប្រាស់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកក្នុងវិស័យបរធនបាលកិច្ច ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសជាតិ និងអន្តរជាតិ ដែលមានបទពិសោធន៍ច្រើនឆ្នាំ។ ជាពិសេស ដើម្បីបង្ហាញពីសក្តានុពលនៃការវិនិយោគក្នុងវិស័យនេះ និងការប្រែក្លាយកម្ពុជាជាទិសដៅថ្មីសម្រាប់ការវិនិយោគតាមរយៈបរធនបាលកិច្ចអចលនទ្រព្យ។ កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក-សមាជិកាក្រុមប្រឹក្សា អ.ស.ហ., ឯកឧត្ដម លោកជំទាវ តំណាងក្រសួង/ស្ថាប័ន និងមន្ទីរពាក់ព័ន្ធទាំង ២៥ រាជធានី-ខេត្ត, ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី វាគ្មិន ភ្ញៀវជាតិ និងអន្តរជាតិ សរុបប្រមាណជាង ៥០០ នាក់ ៕

អត្ថដោយ៖ កណ្ណិការ