ក្រឡានជានំមួយប្រភេនធ្វើពីបាយដំណើបលាយជាមួយស្ករ ចំណិតដូងតូចៗ និងខ្ទិះដូង ដោយដាក់ចំអិនដោយការដុតក្នុងកំណាត់បំពង់ឬស្សី។ ក្រឡានអាចធ្វើឡើងពីបាយដំណើបស ឬខ្មៅ ដែលជាទូទៅក្រឡានត្រូវបានគេចំអិនក្នុងកំណាត់ឬស្សីដែលមានទំហំផ្សេងៗគ្នា ខ្លះធំ ខ្លះតូចដោយតម្រូវទៅតាមចំណង់ចំណូលចិត្តរបស់អ្នកបរិភោគ និងតាមតម្លៃលក់។

ក្រឡានជាអាហាររបស់ខ្មែរយើង ដែលមានប្រវត្តិយូរលង់ណាស់មកហើយ។ ទាក់ទងទៅនឹងប្រភពរបស់អាហារប្រភេទនេះ លោក អៀវ សេរី អនុប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តក្រចេះ បានឲ្យដឹងពីប្រវត្តិដើមតាមរយៈការសិក្សារបស់អ្នកជំនាញថា ក្រឡានប្រហែលជាបានកកើតជាមួយគ្នានឹងការរកឃើញលោហធាតុដែរ។ សម័យដើមគេដុតក្រឡានតាមផ្ទះទុកគ្រាន់ហូបជាលក្ខណៈគ្រួសារ ហើយវិធីធ្វើក្រឡាននេះទៀតសោធក៏ប្រជាជនយើងចេះចាំតៗគ្នាតាំងពីដូនតាមក។

ពាក្យក្រឡាន មានប្រភពចេញពីជនជាតិដើមភាគតិចកូឡា របស់ប្រទេសភូមា ដែលបានរត់ភៀសខ្លួន និងបានរស់នៅលើទឹកដីខេត្តប៉ៃលិនសព្វថ្ងៃ ។ ជនជាតិដើមភាគតិច កូឡា បរិភោគអង្ករដំណើបជាអាហារប្រចាំថ្ងៃ ខុសពីជនជាតិខ្មែរយើង ដែលបរិភោគអង្ករខ្សាយ។ ជនជាតិកូឡាពីសម័យមុន ប្រកបរបរទទួលទានដោយការ រករ៉ែត្បូង មាស ពេជ្រ បរបាញ់សត្វ កាប់ឈើ ។ល។ នៅពេលដែលពួកគេទៅព្រៃម្តងៗ ពួកគេមិនចាំបាច់យកទៅជាមួយនៅ ឆ្នាំ ក្អម ដែលធ្វើអំពីដីឥដ្ឋឡើយ ពីព្រោះរបស់ទាំងនេះវាធ្ងន់ ផុយ ស្រួយ ងាយបាក់បែក ។ នៅពេលពួកគេចម្អិនអាហារ ពួកដើររកកាប់ដើមឫស្សីណាដែលមានប្រហោងធំៗយកមកដាំស្ល ដោយដាក់បំពង់ឫស្សីបញ្ឈរ រួចដុតភ្លើងជាការស្រេច ។

ចំណែកឯជនជាតិខ្មែរយើងដែលបានទៅរករ៉ែ និងកាប់ឈើជាមួយជនជាតិភាគតិចកូឡា នាសម័យនោះក៏យល់ឃើញថា បាយដំណើបដែលចម្អិនក្នុងបំពង់ឫស្សី មានរសជាតិឆ្ងាញ់ខុសពីបាយដំណើប ដែលចម្អិនក្នុងឆ្នាំងធម្មតា។ នៅពេលដែលពួកគេត្រលប់ពីព្រៃវិញពួកគេបានផ្សព្វផ្សាយពីវិធីចម្អិនអង្ករដំណើបក្នុងបំពង់ឫស្សីដល់អ្នកភូមិ។ ចាប់ពីពេលនោះមកខ្មែរយើងបានហៅឈ្មោះនំនេះថា នំក្រឡាន អោយស្រដៀង និងឈ្មោះជនជាតិភាគតិចកូឡា។ ពីជំនាន់មួយទៅជំនាន់មួយ គ្រឿងផ្សំផលិតនៅក្រឡាន មានការវិវត្តន៍ជាបន្តបន្ទាប់ រហូតដល់បច្ចុប្បន្ននេះ ដែលគ្រឿងផ្សំរបស់វាមានដូចជា ៖ អង្ករដំណើប សណ្តែកខ្មៅ ស្ករ ខ្ទិះដូង និងអំបិលបន្តិចបន្ទួច យកស្លឹកចេក រឺស្រកីដូងធ្វើឆ្នុក ដុតក្នុងចង្ក្រានធ្វើពីរបាដែក។ នៅកម្ពុជា ក្រឡាន ត្រូវបានគេនិយមធ្វើ និងបរិភោគនៅរដូវ បុណ្យអ៊ុំទូកអកអំបុក និងសំពះព្រះខែ ។ នៅភូមិថ្មគ្រែក្នុងខេត្តក្រចេះត្រូវបានគេទទួលស្គាល់ថា ជាទីដែលធ្វើនំក្រឡានឆ្ងាញ់ជាងគេ។
ក្រឡានមិនត្រឹមតែជាអារហារដែលមានរស់ជាតិឆ្ងាញ់ពិសារប៉ុណ្ណោះទេ វាថែមទាំងជាមុខរបរមួយប្រភេទដែលជួយដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋ និងជួយទាក់ទាញភ្ញាវទេសចរឲ្យមកទស្សនានៅតំបន់រមណីដ្ឋានបន្ថែមទៀតផង ដោយហេតុថាគេនិយមលក់ក្រឡាននេះនៅតំបន់ទេសចរណ៍នានា៕
អត្ថបទ៖ កណ្ណិការ