ជំពូកទី១៖ ព្រៃដែលគ្រប់គ្រងដោយអំណាច

នៅក្នុងព្រៃជ្រៅមួយមានសត្វបីប្រភេទដែលលេចធ្លោជាងគេ៖

1. ខ្លាធំ (ជាតំណាងអំណាច): ខ្លាធំជាស្តេចព្រៃមានកម្លាំងខ្លាំងពូកែហើយតែងតែប្រើអំណាចនិងការគំរាមកំហែងដើម្បីទទួលបានអ្វីគ្រប់យ៉ាងដែលខ្លួនចង់បាន។ ខ្លាធំជឿថា កម្លាំង គឺជាច្បាប់តែមួយគត់។

2. ស្វាវៃ (ជាតំណាងបញ្ញា): ស្វាវៃឆ្លាតតែងប្រើល្បិច និងបញ្ញាដើម្បីគេចចេញពីបញ្ហានិងទាញយកប្រយោជន៍ពីសត្វដទៃ ស្វាវៃជឿថាល្បិចកលអាចដោះស្រាយគ្រប់យ៉ាង។

3. ទន្សាយតូច (ជាតំណាងសីលធម៌): ទន្សាយតូចមិនមានកម្លាំងខ្លាំង ឬល្បិចកលច្រើនទេតែវាជាសត្វដែលឧស្សាហ៍ព្យាយាមមានសីលធម៌ល្អនិងតែងតែជួយសត្វដទៃដោយចិត្តស្មោះ។ ទន្សាយតូចជឿថាភាពស្មោះត្រង់និងសីលធម៌ គឺសំខាន់បំផុត។

ជំពូកទី២៖ ការសាកល្បងចែកអាហារ

ថ្ងៃមួយសត្វទាំងបីបានរកឃើញដើមមេឃដ៏កម្រមួយដើមដែលមានផ្លែផ្អែមឆ្ងាញ់។

ខ្លាធំ ស្រែក៖ "អាហារនេះជារបស់អញ! អ្នកណាហ៊ានប៉ះ អញនឹងស៊ីទាំងបំពង់ក!" ខ្លាធំប្រើអំណាចគំរាមកំហែង។

ស្វាវៃ ញញឹម៖ "កុំទាន់ខឹងអីបងខ្លា! ផ្លែឈើនេះខ្ពស់ណាស់។ បើបងខ្លាប្រើកម្លាំងបោចរហូតដល់អស់ស្លឹក វានឹងរលួយអស់ហើយ! ចាំខ្ញុំប្រើល្បិចឡើង!" ស្វាវៃប្រើមែកឈើដើម្បីលោតទៅបេះផ្លែឈើយ៉ាងលឿនហើយលួចទុកមួយចំណែកធំសម្រាប់ខ្លួនឯង។

ទន្សាយតូចនិយាយថា៖ "បងខ្លា បងស្វា! ផ្លែឈើនេះគួរតែត្រូវបានចែករំលែកដោយយុត្តិធម៌។ ព្រៃនេះជារបស់យើងទាំងអស់គ្នា។"

ខ្លាធំ សើច៖ "ឯងជាអ្នកណាហ៊ានបង្រៀនអញ?"

ជំពូកទី៣៖ គ្រោះធម្មជាតិនិងមេរៀន

ភ្លាមៗនោះភ្លៀងដ៏ធំក៏បង្អុរចុះមកយ៉ាងខ្លាំងបណ្តាលឱ្យទឹកទន្លេជន់លិចព្រៃ សត្វទាំងអស់ភ័យស្លន់ស្លោ។ ពួកគេត្រូវរកផ្លូវទៅកាន់ទួលភ្នំខ្ពស់មួយដើម្បីគេចពីទឹកលិច។

• ខ្លាធំ៖ ខ្លាធំប្រើកម្លាំងរបស់ខ្លួនហែលឆ្លងទន្លេតែដោយសារតែកំហឹងនិងភាពរឹងត្អឹងវាហែលបុកនឹងដើមឈើហើយស្ទើរតែលង់ទឹក។

• ស្វាវៃ៖ ស្វាវៃប្រើប្រាជ្ញារបស់ខ្លួនលោតពីមែកឈើមួយទៅមែកឈើមួយយ៉ាងរហ័ស។ តែដោយសារតែវា លួចផ្លែឈើច្រើនពេកធ្វើឱ្យវាធ្ងន់ហើយលោតមិនផុតក៏ធ្លាក់ទៅក្នុងទឹក។

• ទន្សាយតូច៖ ទន្សាយតូចមិនមានកម្លាំងខ្លាំងទេ។ វាក៏ស្រែកហៅជំនួយ។

ខណៈពេលដែលខ្លាធំនិងស្វាវៃកំពុងរងគ្រោះដោយសារអំណាចនិងល្បិចកលរបស់ខ្លួនទន្សាយតូច បានឃើញសត្វកណ្ដុរនិងសត្វតូចៗផ្សេងទៀតកំពុងជួយគ្នាទៅវិញទៅមក។ ទន្សាយតូចក៏ប្រើជំនួយពីសត្វតូចៗ ទាំងនោះដែលជាមិត្តភក្តិដែលវាធ្លាប់ជួយពីមុនមក ដើម្បីតោងសរសៃវល្លិ៍ឆ្លងទៅដល់ទួលភ្នំដោយសុវត្ថិភាព។

ជំពូកទី៤៖ ជោគជ័យនៃសីលធម៌

ពេលទៅដល់ទួលភ្នំខ្លាធំនិងស្វាវៃក៏តាមមកដល់ដែរ តែពួកគេអស់កម្លាំង និងមានរបួស ពួកគេក៏បានឃើញ ទន្សាយតូចកំពុងអង្គុយស្ងៀមជាមួយសត្វដទៃទៀត ដែលបានរួចជីវិតដោយសារការសាមគ្គីគ្នា។

ខ្លាធំនិយាយ៖ "អំណាចរបស់អញមិនអាចជួយអញបានទេពេលមានគ្រោះធម្មជាតិ!"

ស្វាវៃនិយាយ៖ "ល្បិចកលរបស់ខ្ញុំក៏ឥតប្រយោជន៍ដែរ នៅពេលដែលខ្ញុំត្រូវពឹងផ្អែកលើអ្នកដទៃ!"

ទន្សាយតូចនិយាយដោយសម្លេងទន់ភ្លន់៖ "បងខ្លា បងស្វា! ខ្ញុំមិនបានឆ្លងផុតដោយសារកម្លាំងឬល្បិចកលទេតែដោយសារសីលធម៌និងភាពស្មោះត្រង់ដែលខ្ញុំធ្លាប់មានជាមួយមិត្តភក្តិរបស់ខ្ញុំ។ នៅពេលដែលយើងរស់នៅដោយយុត្តិធម៌យើងនឹងទទួលបានជំនួយពិតប្រាកដនៅគ្រាមានអាសន្ន!"

ចាប់តាំងពីពេលនោះមកខ្លាធំបានរៀនកាត់បន្ថយអំណាចរបស់ខ្លួនហើយចាប់ផ្តើមប្រើកម្លាំងដើម្បីការពារព្រៃ។ ស្វាវៃបានប្រើបញ្ញារបស់ខ្លួនដើម្បីជួយដោះស្រាយបញ្ហាឱ្យសត្វដទៃ។ ព្រៃឈើនោះក៏បានវិលត្រឡប់មករកភាពសុខសាន្តវិញដោយសារតែសត្វទាំងអស់បានរៀនថាកម្លាំងបញ្ញានិងសីលធម៌ត្រូវតែដើរទន្ទឹមគ្នា។

 

 

អត្ថបទ៖ ជួន សុធា