ប៉េកាំង៖ ក្រសួងការបរទេសចិនបានប្រកាសកាលពីថ្ងៃពុធថា លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេសចិន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើងក្នុងសប្តាហ៍នេះ។ នេះគឺជាសញ្ញាវិជ្ជមានថ្មីមួយដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជិតខាងទាំងពីរ ក្នុងការស្តារទំនាក់ទំនងឡើងវិញ បន្ទាប់ពីបានរងភាពរកាំរកូសដោយសារវិបត្តិជំងឺរាតត្បាតកូវីដ-១៩ និងការប្រែប្រួលនៃភូមិសាស្ត្រនយោបាយសកល ក្រោយការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ គួររំលឹកផងដែរថា នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក វ៉ាង យី ទៅកាន់ទីក្រុងព្យុងយ៉ាង គិតចាប់តាំងពីចុងឆ្នាំ ២០១៩ មក។
លោកស្រី ម៉ៅ នីង (Mao Ning) អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានថា៖ «ចិនមានឆន្ទៈមោះមុតក្នុងការពង្រឹងការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រជាមួយកូរ៉េខាងជើង ដើម្បីបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ»។ លោកស្រីបានបន្ថែមថា ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី ចន្លោះថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែមេសានេះ គឺជាជំហានគន្លឹះក្នុងការរុញច្រានទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយ។

បច្ចុប្បន្ន ទីក្រុងប៉េកាំងកំពុងព្យាយាមទាញទីក្រុងព្យុងយ៉ាងឱ្យវិលមករកគន្លងឥទ្ធិពលរបស់ខ្លួនវិញ ខណៈដែលទំនាក់ទំនងរវាងកូរ៉េខាងជើង និងរុស្ស៊ីកំពុងមានភាពស្អិតល្មួតខុសពីធម្មតា តាមរយៈការផ្ដល់ជំនួយយោធា និងកម្លាំងទ័ពទៅកាន់សមរភូមិអ៊ុយក្រែន ដើម្បីគាំទ្រទីក្រុងមូស្គូ។ ជាសញ្ញានៃការបើកចំហឡើងវិញ សេវារថភ្លើងដឹកអ្នកដំណើររវាងទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាង បានចាប់ផ្តើមដំណើរការឡើងវិញកាលពីខែមីនា បន្ទាប់ពីការផ្អាកអស់រយៈពេល ៦ ឆ្នាំ។ ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air China ក៏បានបន្តជើងហោះហើររវាងរដ្ឋធានីទាំងពីរផងដែរ។ ទោះជាយ៉ាងណា ការសម្របសម្រួលនេះនៅមានកម្រិតនៅឡើយ ដោយផ្ដោតសំខាន់លើអ្នកធ្វើធុរកិច្ច និងនិស្សិត ចំណែកឯវិស័យទេសចរណ៍នៅមិនទាន់បើកទូលាយពេញលេញនៅឡើយទេ។

ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី ក៏ត្រូវបានក្រុមអ្នកសង្កេតការណ៍មើលឃើញថា ជាការត្រៀមលក្ខណៈជាមុនសម្រាប់កិច្ចប្រជុំកំពូលរវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលនឹងធ្វើឡើងនាខែក្រោយ។ យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ (Yonhap) ការសម្របសម្រួលរវាងចិន និងកូរ៉េខាងជើង គឺជាយុទ្ធសាស្ត្រច្បាស់លាស់មួយ មុនពេលឈានដល់ការចរចាជាមួយភាគីអាមេរិក។
ដោយឡែក លោក ដូណាល់ ត្រាំ បានបង្ហាញបំណងជាថ្មីក្នុងការបន្តកិច្ចសន្ទនាដោយផ្ទាល់ជាមួយលោក គីម ជុងអ៊ុន ក្នុងអាណត្តិទី២របស់លោក។ ក្រុមអ្នកវិភាគកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើលទ្ធភាពនៃជំនួបលើកទី ៤ រវាងមេដឹកនាំទាំងពីរ បន្ទាប់ពីខកខានតាំងពីឆ្នាំ ២០១៩។ កាលពីខែកុម្ភៈកន្លងទៅ លោក គីម ជុងអ៊ុន បានផ្ញើសារជាតម្រុយថា ទំនាក់ទំនងរវាងកូរ៉េខាងជើង និងអាមេរិកអាចនឹងមានពន្លឺឡើងវិញ ប្រសិនបើវ៉ាស៊ីនតោនព្រមទទួលស្គាល់កូរ៉េខាងជើងជារដ្ឋមានអាវុធនុយក្លេអ៊ែរ និងបញ្ឈប់គោលនយោបាយអរិភាពមកលើខ្លួន។

ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters