(ប្រទេសបារាំង)នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូល «សុខភាពតែមួយ» (One Health Summit) និងបំពេញទស្សនកិច្ចការងារនៅប្រទេសបារាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Rémi Maumont de Longevialle នាយកប្រតិបត្តិក្រុមហ៊ុន VINCI Airports ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនោះ លោកនាយកប្រតិបត្តិបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគាំទ្រ និងរក្សាបាននូវភាពជាដៃគូសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយក្រុមហ៊ុននាពេលកន្លងមក។ លោកបានជម្រាបជូនសម្តេចធិបតីអំពីផែនការយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ដែលរឭជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ដើម្បីពង្រីកជើងហោះហើរត្រង់មកកាន់កម្ពុជា និងចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខ្មែរទៅកាន់ពិភពលោក ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើន និងបន្តស្វែងរកកាលានុវត្តភាពថ្មីៗ ក្នុងការវិនិយោគ និងអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជាឱ្យកាន់តែរីកចម្រើន។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ក្រុមហ៊ុន VINCI Airports ក្នុងការរួមចំណែកអភិវឌ្ឍវិស័យអាកាសចរណ៍នៅកម្ពុជា។ សម្តេចធិបតីបានបញ្ជាក់ថា បន្ទាប់ពីការដាក់ឱ្យដំណើរការជាផ្លូវការនូវ «អាកាសយានដ្ឋានអន្តរជាតិតេជោ» រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលដៅចម្បង គឺការបង្កើនសមត្ថភាពប្រកួតប្រជែង និងការបើកច្រកហោះហើរត្រង់ពីគ្រប់ទិសទីជុំវិញពិភពលោកមកកាន់កម្ពុជា។

ជាទីបញ្ចប់ សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តកិច្ចពិភាក្សា និងធ្វើការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីប្រែក្លាយផែនការទាំងនេះឱ្យទៅជាសមិទ្ធផលជាក់ស្តែង សំដៅពង្រីកអាជីវកម្មរបស់ក្រុមហ៊ុនឱ្យកាន់តែជោគជ័យបន្ថែមទៀតនៅកម្ពុជា។

 

 

 

 

ប្រភព៖ ក្រសួងព័ត៌មាន