ក្រុង Perth ប្រទេស Australia នឹងធ្វើជាម្ចាស់ផ្ទះទទួលការប្រកួតមិត្តភាពមុនរដូវកាលរបស់ក្លិបធំៗពីលីគ Serie A នៅខែសីហា ខាងមុខនេះ បន្ទាប់ពីគម្រោងរៀបចំការប្រកួតលីគផ្លូវការត្រូវបានលុបចោលកាលពីឆ្នាំមុន។


ក្លិបដែលចូលរួមរួមមាន AC Milan, Inter Milan និង Juventus ដែលនឹងប្រកួតគ្នាជាបន្តបន្ទាប់នៅកីឡដ្ឋាន Perth Stadium។ តាមកាលវិភាគ AC Milan នឹងប៉ះ Inter Milan នៅថ្ងៃទី ៥ ខែសីហា ខណៈ Inter Milan នឹងជួប Juventus បីថ្ងៃបន្ទាប់។ ចំណែក Juventus នឹងប្រកួតជាមួយ Palermo នៅថ្ងៃទី ១១ ខែសីហា។

មុននេះ Serie A ធ្លាប់មានគម្រោងរៀបចំការប្រកួតផ្លូវការមួយរវាង AC Milan និង Como នៅ Perth ប៉ុន្តែត្រូវបានបោះបង់ ដោយសារតែលក្ខខណ្ឌពី Asian Football Confederation។ ប្រសិនបើបានអនុវត្ត វានឹងក្លាយជាការប្រកួតលីគអឺរ៉ុបធំដំបូងដែលធ្វើឡើងក្រៅប្រទេសដើម។ រដ្ឋមន្ត្រីទេសចរណ៍រដ្ឋ Western Australia លោក Reece Whitby បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះនឹងជួយលើកស្ទួយវិស័យទេសចរណ៍ បង្កើនការងារ និងជំរុញសេដ្ឋកិច្ចក្នុងតំបន់។

ប្រែសម្រួលដោយ៖ វី យៀក

ប្រភព៖ Reuters