អ៊ីរ៉ង់បានជំរុញឱ្យរដ្ឋាភិបាល និងវិនិយោគិននៅតំបន់ឈូងសមុទ្រពែក្ស បញ្ឈប់ការផ្តល់ហិរញ្ញប្បទាន និងធនធានដល់ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត (AI) និងក្រុមហ៊ុនទិន្នន័យដែលខ្លួនចោទប្រកាន់ថា ពាក់ព័ន្ធនឹងប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ ការអំពាវនាវនេះធ្វើឡើងក្នុងពេលភាពតានតឹងក្នុងតំបន់នៅតែបន្តកើនឡើង ហើយមន្ត្រីអ៊ីរ៉ង់បានព្រមានថា ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងមជ្ឈមណ្ឌលទិន្នន័យអាចក្លាយជាគោលដៅ ប្រសិនបើសង្គ្រាមផ្ទុះឡើងជាថ្មី។
ប្រធានសភាអ៊ីរ៉ង់ លោក ម៉ូហាម៉ាត់ បាហ្គឺរ ហ្គាលីបាហ្វ (Mohammad Bagher Ghalibaf) បានសរសេរនៅលើបណ្តាញសង្គម X កាលពីថ្ងៃអាទិត្យថា «អាជ្ញាធរទិន្នន័យឈូងសមុទ្រពែក្ស» នឹងត្រូវបង្កើតឡើង។ លោកបានជំរុញឱ្យរដ្ឋាភិបាល មូលនិធិ និងក្រុមហ៊ុននានាក្នុងតំបន់ បញ្ឈប់ការផ្តល់ហិរញ្ញប្បទាន ការវិនិយោគ ដីធ្លី និងថាមពលដល់ក្រុមហ៊ុន AI ឬក្រុមហ៊ុនទិន្នន័យដែលលោកចោទថាជួយគាំទ្រសកម្មភាពយោធា និងការសម្លាប់កុមារ។ ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់លម្អិតអំពីរបៀបដំណើរការ អំណាច ឬវិធីអនុវត្តវិធានការរបស់អាជ្ញាធរដែលបានស្នើឡើងនេះទេ ជាពិសេសចំពោះក្រុមហ៊ុនដែលមានទីតាំងប្រតិបត្តិការនៅក្រៅប្រទេសអ៊ីរ៉ង់។

ការលើកឡើងនេះកើតឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានបង្កើនការព្រមានអំពីលទ្ធភាពកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅតំបន់ឈូងសមុទ្រពែក្ស។ កាលពីសប្តាហ៍មុន លោក ម៉ូហ្សេន រ៉េហ្សាអ៊ី (Mohsen Rezaei) មន្ត្រីជាន់ខ្ពស់ក្នុងក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់ បានព្រមានថា ខ្សែកាបទូរគមនាគមន៍ក្រោមបាតសមុទ្រ មជ្ឈមណ្ឌលទិន្នន័យ និងមជ្ឈមណ្ឌល AI អាចក្លាយជាគោលដៅ ប្រសិនបើជម្លោះយោធាជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលចាប់ផ្តើមឡើងវិញ។
លោកបានអះអាងថា ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទាំងនេះមានតម្លៃសរុបប្រមាណ ២ពាន់ពាន់លានដុល្លារ ហើយបានលើកឡើងពីទ្រព្យសម្បត្តិបច្ចេកវិទ្យារបស់អាមេរិកនៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម និងតំបន់ជុំវិញច្រកសមុទ្រហ័រមូសថា អាចស្ថិតក្នុងចំណោមគោលដៅនាពេលអនាគត។ ចំណែកលោក ហូសេន សារីយ៉ាតម៉ាដារី (Hossein Shariatmadari) និពន្ធនាយកកាសែត Kayhan ដែលមានទំនាក់ទំនងជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់ ក៏បានគាំទ្រការព្រមាននេះ ដោយជំរុញឱ្យប្រើប្រាស់បញ្ហាខ្សែកាបអុបទិកក្រោមបាតសមុទ្រ ដើម្បីដាក់សម្ពាធលើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។ លោកបានអះអាងថា ការខូចខាតខ្សែកាបទាំងនេះអាចរំខានដល់ប្រតិបត្តិការពាណិជ្ជកម្ម ធនាគារ យោធា និងប្រព័ន្ធ AI ជាង ៨០ភាគរយ។ ទោះជាយ៉ាងណា ការប៉ាន់ប្រមាណនេះមិនទាន់ត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យឡើយ។
ជាមួយគ្នានេះ ទីភ្នាក់ងារសារព័ត៌មាន Tasnim ដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានផ្សព្វផ្សាយអត្ថបទគាំទ្រការកំណត់គោលដៅលើមជ្ឈមណ្ឌល AI ដោយអះអាងថា ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធទាំងនេះអាចប៉ះពាល់ដល់ការប្រកួតប្រជែងបច្ចេកវិទ្យារវាងសហរដ្ឋអាមេរិក និងចិន រារាំងការវិនិយោគ និងបង្កសម្ពាធលើទីផ្សារភាគហ៊ុនអាមេរិក។
កន្លងមក អ៊ីរ៉ង់ក៏ធ្លាប់គំរាមក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់សហរដ្ឋអាមេរិកដែលកំពុងប្រតិបត្តិការនៅមជ្ឈិមបូព៌ាផងដែរ។ កាលពីថ្ងៃទី៣១ ខែមីនា កងឆ្មាំបដិវត្តន៍អ៊ីស្លាមបានបញ្ចេញបញ្ជីឈ្មោះក្រុមហ៊ុនចំនួន ១៨ រួមមាន Microsoft, Google, Meta, Apple, Oracle, Nvidia និងក្រុមហ៊ុន AI G42 ដែលមានមូលដ្ឋាននៅអេមីរ៉ាតអារ៉ាប់រួម ព្រមទាំងព្រមានថា ប្រតិបត្តិការរបស់ក្រុមហ៊ុនទាំងនេះក្នុងតំបន់អាចក្លាយជាគោលដៅ។ ការគំរាមកំហែងនេះក៏កើតឡើងបន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់នៅដើមខែមីនា ដែលបានបង្កការខូចខាតដល់មជ្ឈមណ្ឌលទិន្នន័យរបស់ក្រុមហ៊ុន Amazon Web Services នៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម និងបារ៉ែន។
ក្រុមហ៊ុន Amazon បានរាយការណ៍ថា មជ្ឈមណ្ឌលចំនួនពីររបស់ខ្លួននៅអេមីរ៉ាតអារ៉ាប់រួមត្រូវបានវាយប្រហារដោយផ្ទាល់ ខណៈការវាយប្រហារនៅក្បែរមជ្ឈមណ្ឌលមួយក្នុងប្រទេសបារ៉ែនក៏បានបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនដែរ។ ផលប៉ះពាល់រួមមានការខូចខាតសំណង់ ការរំខានថាមពល និងការដាច់សេវាកុំព្យូទ័រលើប្រព័ន្ធអ៊ីនធឺណិត។
បច្ចុប្បន្ន តំបន់ឈូងសមុទ្រពែក្សបានក្លាយជាមជ្ឈមណ្ឌលវិនិយោគដ៏សំខាន់សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ជាពិសេសលើសេវាកុំព្យូទ័រលើប្រព័ន្ធអ៊ីនធឺណិត និងបញ្ញាសិប្បនិម្មិត។ ប្រទេសអេមីរ៉ាតអារ៉ាប់រួមជាប្រទេសមួយដែលទាក់ទាញការវិនិយោគយ៉ាងច្រើនលើមជ្ឈមណ្ឌលទិន្នន័យ ខណៈខ្សែកាបអុបទិកក្រោមបាតសមុទ្រមានតួនាទីសំខាន់ក្នុងការដឹកជញ្ជូនទិន្នន័យអន្តរជាតិ និងគាំទ្រប្រតិបត្តិការធនាគារ ពាណិជ្ជកម្ម និងទំនាក់ទំនងរបស់រដ្ឋាភិបាល។
សរុបមក ការអំពាវនាវរបស់ប្រធានសភាអ៊ីរ៉ង់ និងការព្រមានជាបន្តបន្ទាប់ពីមន្ត្រីអ៊ីរ៉ង់បង្ហាញថា ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបញ្ញាសិប្បនិម្មិតកំពុងក្លាយជាចំណុចប្រឈមថ្មីមួយក្នុងភាពតានតឹងជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ ប្រសិនបើជម្លោះយោធាផ្ទុះឡើងជាថ្មី ផលប៉ះពាល់អាចរាលដាលលើសពីវិស័យយោធា ដោយគំរាមកំហែងដល់សេវាអ៊ីនធឺណិត ប្រព័ន្ធហិរញ្ញវត្ថុ ការវិនិយោគ និងសកម្មភាពសេដ្ឋកិច្ចនៅទូទាំងតំបន់ឈូងសមុទ្រពែក្ស។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Iranintl