ឌូបៃ៖ ជាថ្មីម្តងទៀត រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាក់ជី (Abbas Araghchi) បានបញ្ជាក់ថា សំណើរបស់អ៊ីរ៉ង់សម្រាប់ការបើកច្រកសមុទ្រ Hormuz ឡើងវិញក្នុងរយៈពេល ៧ ថ្ងៃ នៅតែបើកចំហសម្រាប់សហរដ្ឋអាមេរិកពិចារណា ខណៈការចរចារវាងប្រទេសទាំងពីរនៅតែជាប់គាំង ដោយសារភាពខ្វែងគំនិតគ្នាលើលក្ខខណ្ឌសំខាន់ៗ។
អ៊ីរ៉ង់បានដាក់សំណើនេះនៅពាក់កណ្តាលខែកញ្ញា បន្ទាប់ពីបទឈប់បាញ់បណ្តោះអាសន្នបានដួលរលំ។ ក្រោយមក ទីក្រុងតេអេរ៉ង់បានទទួលស្គាល់ថា ខ្លួនបានទទួលការឆ្លើយតបពីទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បាននិយាយកាលពីសប្តាហ៍មុនថា ការចរចាមិនអាចឈានទៅមុខបាន ដោយសារអាមេរិកមិនបានឆ្លើយតបទៅនឹងលក្ខខណ្ឌទាំង ៧ ដែលអ៊ីរ៉ង់ដាក់សម្រាប់ការបើកច្រកសមុទ្រឡើងវិញ។

លោក អារ៉ាក់ជី បានថ្លែងថា ជំហររបស់អ៊ីរ៉ង់នៅតែផ្អែកលើសំណើរយៈពេល ៧ ថ្ងៃដែលបានដាក់ជូនសហរដ្ឋអាមេរិក។ លោកបន្ថែមថា ទីក្រុងតេអេរ៉ង់កំពុងពិនិត្យមើលការកត់សម្គាល់របស់ភាគីអាមេរិក ប៉ុន្តែសំណើរបស់អ៊ីរ៉ង់នៅតែមានសុពលភាព។ លោកក៏បានលើកឡើងថា ប្រសិនបើអាមេរិកមានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយបញ្ហានេះ នោះផ្លូវឆ្ពោះទៅរកការបើកច្រកសមុទ្រ Hormuz ឡើងវិញគឺមានភាពច្បាស់លាស់។
តាមលក្ខខណ្ឌរបស់អ៊ីរ៉ង់ ទីក្រុងវ៉ាស៊ីនតោនត្រូវលុបចោលការបិទខ្ទប់កំពង់ផែរបស់អ៊ីរ៉ង់ បញ្ចប់ការដាក់ទណ្ឌកម្មលើការនាំចេញប្រេងរបស់ខ្លួន និងបញ្ឈប់អរិភាពនៅគ្រប់សមរភូមិក្នុងតំបន់។ លោក អារ៉ាក់ជី បានបញ្ជាក់ថា ប្រសិនបើសហរដ្ឋអាមេរិកទទួលយកលក្ខខណ្ឌទាំងនេះ អ៊ីរ៉ង់នឹងបើកច្រកសមុទ្រឡើងវិញក្នុងរយៈពេល ៦ ថ្ងៃ ហើយចាប់ផ្តើមការចរចាឡើងវិញនៅថ្ងៃបន្ទាប់។ ទោះជាយ៉ាងណា បញ្ហាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅតែជាចំណុចខ្វែងគំនិតដ៏សំខាន់រវាងប្រទេសទាំងពីរ។ សហរដ្ឋអាមេរិកទាមទារឱ្យដោះស្រាយបញ្ហានេះតាំងពីដំណាក់កាលដំបូងនៃការចរចា។
កាលពីដើមខែនេះ អនុប្រធានាធិបតីអាមេរិក លោក ជេឌី វ៉ាន់ស៍ (J.D. Vance) បាននិយាយថា អ៊ីរ៉ង់ត្រូវកាត់បន្ថយសមត្ថភាពចម្រាញ់អ៊ុយរ៉ាញ៉ូមរបស់ខ្លួន ដើម្បីឆ្លើយតបនឹងការទាមទាររបស់អាមេរិក និងឈានទៅបញ្ចប់សង្គ្រាមដែលអូសបន្លាយជិត ៨ ខែ។
ផ្ទុយទៅវិញ អ៊ីរ៉ង់ចង់ឱ្យដំណាក់កាលដំបូងនៃការចរចាផ្តោតលើការបើកច្រកសមុទ្រ Hormuz ឡើងវិញ និងការស្តារសន្តិសុខតាមផ្លូវទឹកនេះជាមុនសិន។ មុនពេលសង្គ្រាមផ្ទុះឡើង ច្រកសមុទ្រដ៏សំខាន់នេះជាផ្លូវឆ្លងកាត់ប្រហែលមួយភាគប្រាំនៃពាណិជ្ជកម្មប្រេង និងឧស្ម័នធម្មជាតិរាវរបស់ពិភពលោក។ ការខ្វែងគំនិតគ្នារវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន មិនត្រឹមតែធ្វើឱ្យដំណើរការចរចាសន្តិភាពមានភាពស្មុគស្មាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនភាពមិនប្រាកដប្រជាចំពោះសន្តិសុខផ្លូវដឹកជញ្ជូនថាមពលសកលផងដែរ ខណៈការបើកច្រកសមុទ្រ Hormuz ឡើងវិញត្រូវបានចាត់ទុកថាជាកត្តាសំខាន់សម្រាប់ការស្តារលំហូរពាណិជ្ជកម្មប្រេង និងឧស្ម័នអន្តរជាតិ។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Arabnews