លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកអាចចាកចេញពីសង្គ្រាមជាមួយអ៊ីរ៉ង់នៅពេលនេះ ដោយអះអាងថា សមត្ថភាពយោធា និងថ្នាក់ដឹកនាំរបស់អ៊ីរ៉ង់ត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ លោកបានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់នឹងមិនអាចទទួលបានអាវុធនុយក្លេអ៊ែរឡើយ។ ថ្លែងនៅក្នុងការជួបជុំយុទ្ធនាការមួយនៅរដ្ឋកែនសាស់ លោក ត្រាំ បានលើកឡើងថា សហរដ្ឋអាមេរិកអាចបញ្ចប់ការចូលរួមក្នុងសង្គ្រាមនៅពេលនេះបាន ប៉ុន្តែលោកនៅតែប្រកាន់ជំហរថា អ៊ីរ៉ង់មិនត្រូវមានអាវុធនុយក្លេអ៊ែរឡើយ។
លោក ត្រាំ បានអះអាងថា អ៊ីរ៉ង់លែងមានកងទ័ពជើងទឹក និងកងទ័ពអាកាសដែលមានសមត្ថភាពប្រតិបត្តិការដូចមុនទៀតហើយ ខណៈប្រព័ន្ធរ៉ាដា និងប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសនេះត្រូវបានបំផ្លាញ។ លោកក៏បាននិយាយថា យន្តហោះចម្បាំងអ៊ីរ៉ង់ចំនួន ២២៩ គ្រឿង ត្រូវបានបំផ្លាញ និងនៅរាយប៉ាយតាមផ្លូវរត់យន្តហោះ។

ទាក់ទងនឹងការដឹកនាំរបស់អ៊ីរ៉ង់ លោក ត្រាំ បានអះអាងថា ថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនកម្រិតត្រូវបានបាត់បង់ ហើយលោកមិនប្រាកដថា តើនរណាកំពុងតំណាងឱ្យអ៊ីរ៉ង់ក្នុងការចរចានោះទេ។ លោកក៏បានអះអាងដែរថា មេដឹកនាំដែលនៅសេសសល់បានស្នើឱ្យលោកធានាសុវត្ថិភាពរបស់ពួកគេ ដើម្បីកុំឱ្យពួកគេត្រូវបានសម្លាប់ដូចមេដឹកនាំមុនៗ។
ក្នុងអំឡុងសុន្ទរកថា លោក ត្រាំ ក៏បានលើកឡើងពីការស្លាប់របស់លោក កាសេម សូឡៃម៉ានី (Qassem Soleimani) មេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់ ដែលត្រូវបានសម្លាប់ក្នុងប្រតិបត្តិការវាយប្រហាររបស់សហរដ្ឋអាមេរិកក្នុងអាណត្តិដំបូងរបស់លោក។ លោកបានភ្ជាប់ករណីនេះទៅនឹងការស្លាប់របស់ពលរដ្ឋអាមេរិកដោយសារគ្រាប់បែកដែលប្រើប្រាស់ក្នុងការវាយប្រហារតាមដងផ្លូវក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។ ក្រៅពីបញ្ហាយោធា លោក ត្រាំ ក៏បានរិះគន់ការបង្ក្រាបក្រុមអ្នកប្រឆាំងដោយអាជ្ញាធរអ៊ីរ៉ង់ផងដែរ។ លោកបានអះអាងថា អាជ្ញាធរអ៊ីរ៉ង់បានសម្លាប់បាតុករយ៉ាងហោចណាស់ ៧៥,០០០ នាក់ក្នុងរយៈពេល ៨ ខែចុងក្រោយនេះ។ លោកបានលើកឡើងថា ការប្រើប្រាស់អាវុធប្រឆាំងនឹងបាតុករធ្វើឱ្យប្រជាពលរដ្ឋពិបាកចេញមកតវ៉ា។
លោក ត្រាំ ក៏បានលើកឡើងពីការប្រហារជីវិតកីឡាកាសអ៊ីរ៉ង់ លោក សាឡេ ម៉ូហាម៉ាឌី (Saleh Mohammadi) ដោយពណ៌នាលោកថាជាកីឡាករវ័យក្មេងដែលមានសមត្ថភាពលេចធ្លោ។ លោកបានរិះគន់ការប្រហារជីវិតនេះ និងបានលើកឡើងពីការព្យួរកអ្នកទោសជាសាធារណៈនៅក្នុងប្រទេសអ៊ីរ៉ង់។
លោក ម៉ូហាម៉ាឌី ត្រូវបានប្រហារជីវិតកាលពីខែមីនា រួមជាមួយលោក មេហ៍ឌី ហ្គាសេមី (Mehdi Ghasemi) និងលោក សាអ៊ីដ ដាវូឌី (Saeed Davoudi) បន្ទាប់ពីអាជ្ញាធរអ៊ីរ៉ង់ចោទប្រកាន់អ្នកទាំងបីថាបានសម្លាប់មន្ត្រីប៉ូលិសពីរនាក់ក្នុងអំឡុងការតវ៉ាទូទាំងប្រទេស។ កន្លងមក លោក ត្រាំ ក៏ធ្លាប់បាននិយាយជាសាធារណៈអំពីករណីនេះ និងបានហៅលោក ម៉ូហាម៉ាឌី ថាជា «កីឡាករកាសឆ្នើម» ផងដែរ។
ទោះជាយ៉ាងណា ការអះអាងរបស់លោក ត្រាំ អំពីការខូចខាតសមត្ថភាពយោធារបស់អ៊ីរ៉ង់ ចំនួនអ្នកស្លាប់ក្នុងការតវ៉ា និងស្ថានភាពថ្នាក់ដឹកនាំអ៊ីរ៉ង់ គឺជាការលើកឡើងរបស់លោកក្នុងសុន្ទរកថា ដែលត្រូវការការផ្ទៀងផ្ទាត់ពីប្រភពឯករាជ្យបន្ថែម។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Iranintl