[វ៉ាស៊ីឡា]៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា តៃវ៉ាន់បានយល់ព្រមទិញឧស្ម័នធម្មជាតិរាវ (LNG) ចំនួន ៣០% ពីគម្រោងអភិវឌ្ឍឧស្ម័នធម្មជាតិនៅរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះ រួមទាំងលក្ខខណ្ឌនៃការទិញ និងការវិនិយោគ មិនទាន់ត្រូវបានបញ្ជាក់ច្បាស់លាស់នៅឡើយទេ។

លោក ត្រាំ បានថ្លែងដូច្នេះក្នុងពេលចូលរួមជួបជុំមួយនៅរដ្ឋអាឡាស្កា កាលពីថ្ងៃអង្គារ ទី១៣ ខែតុលា។ នៅក្នុងព្រឹត្តិការណ៍ដដែល រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក ហូវើដ លូតនិក បាននិយាយថា តៃវ៉ាន់បានប្តេជ្ញាវិនិយោគទឹកប្រាក់ចំនួន ៤,៤ ពាន់លានដុល្លារ ដើម្បីចូលរួមអភិវឌ្ឍគម្រោងនេះ។

ទោះបីជាយ៉ាងនេះក្តី ក្រសួងសេដ្ឋកិច្ចតៃវ៉ាន់មិនទាន់ធ្វើអត្ថាធិប្បាយភ្លាមៗចំពោះការអះអាងនេះទេ។ ចំណែកនាយករដ្ឋមន្ត្រីតៃវ៉ាន់ លោក ជូ ជុងតៃ បានថ្លែងថា អាទិភាពរបស់រដ្ឋាភិបាលគឺធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល និងពង្រឹងសមត្ថភាពរបស់កោះនេះក្នុងការទប់ទល់នឹងហានិភ័យនានាដែលអាចប៉ះពាល់ដល់ការផ្គត់ផ្គង់។

កាលពីខែកុម្ភៈ មន្ត្រីតៃវ៉ាន់បានបង្ហាញផែនការបង្កើនការទិញឧស្ម័នធម្មជាតិពីសហរដ្ឋអាមេរិក ដើម្បីឱ្យការនាំចូលពីប្រទេសនេះមានចំណែកប្រហែលមួយភាគបីនៃការផ្គត់ផ្គង់ឧស្ម័ននាំចូលសរុបរបស់តៃវ៉ាន់ក្នុងឆ្នាំនេះ ព្រមទាំងកាត់បន្ថយការទិញពីប្រទេសផ្សេងៗ។

កាលពីឆ្នាំមុន ក្រុមហ៊ុនថាមពលរដ្ឋតៃវ៉ាន់ CPC Corp បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Alaska Gasline Development Corp ដើម្បីទិញឧស្ម័នធម្មជាតិរាវ និងវិនិយោគក្នុងគម្រោងនេះ។ អភិបាលរដ្ឋអាឡាស្កាក៏បានឱ្យដឹងដែរថា តៃវ៉ាន់បានចុះហត្ថលេខាលើលិខិតបង្ហាញចេតនាទិញឧស្ម័នធម្មជាតិរាវចំនួន ៦ លានតោនក្នុងមួយឆ្នាំពីគម្រោងនេះ។ ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតឺ ធ្លាប់បានលើកឡើងថា ការវិនិយោគនេះនឹងជួយធានាសន្តិសុខថាមពលរបស់កោះនេះ។

គម្រោង Alaska LNG ត្រូវបានរដ្ឋបាលលោក ត្រាំ ជំរុញយ៉ាងខ្លាំង ដោយសង្ឃឹមថានឹងពង្រីកការនាំចេញថាមពលអាមេរិកទៅកាន់ទីផ្សារអាស៊ី។ ប្រសិនបើសាងសង់រួចរាល់ គម្រោងនេះអាចនាំចេញឧស្ម័នធម្មជាតិរាវបានរហូតដល់ ២០ លានតោនក្នុងមួយឆ្នាំ។ បច្ចុប្បន្ន គម្រោងនេះមានកិច្ចព្រមព្រៀងទិញឧស្ម័នប្រមាណ ១៣ លានតោនក្នុងមួយឆ្នាំ ពីអ្នកទិញនៅអាស៊ី និងក្រុមហ៊ុនថាមពលបារាំង TotalEnergies។ ដើម្បីអាចរៀបចំហិរញ្ញប្បទានសម្រាប់គម្រោងនេះ អ្នកអភិវឌ្ឍន៍នៅតែត្រូវការកិច្ចព្រមព្រៀងទិញឧស្ម័នបន្ថែមចំនួន ៣ លានតោនក្នុងមួយឆ្នាំ ហើយកិច្ចព្រមព្រៀងទាំងនោះត្រូវមានកាតព្វកិច្ចផ្លូវច្បាប់ច្បាស់លាស់។ គម្រោងនេះក៏អាចជួយសម្រួលការដឹកជញ្ជូនឧស្ម័នពីសហរដ្ឋអាមេរិកទៅកាន់អាស៊ី ដោយកាត់បន្ថយរយៈពេលធ្វើដំណើរ និងថ្លៃដឹកជញ្ជូន តាមរយៈការមិនចាំបាច់ឆ្លងកាត់ព្រែកជីកប៉ាណាម៉ា ឬធ្វើដំណើរជុំវិញតំបន់ស្នែងអាហ្វ្រិក។

តៃវ៉ាន់កំពុងជំរុញការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ថាមពល និងបង្កើនការទិញទំនិញពីសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយអតិរេកពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន។ ទោះជាយ៉ាងណា ការអះអាងរបស់លោក ត្រាំ មិនទាន់បញ្ជាក់ថា កិច្ចព្រមព្រៀងទិញឧស្ម័ន និងការវិនិយោគរបស់តៃវ៉ាន់ត្រូវបានចុះហត្ថលេខាជាផ្លូវការរួចរាល់ហើយឬនៅនោះទេ។ ដូច្នេះ ការអនុវត្តគម្រោងនេះនឹងអាស្រ័យលើការបញ្ជាក់លក្ខខណ្ឌកិច្ចព្រមព្រៀង និងការធានាហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍនាពេលខាងមុខ។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters