ឌូបៃ៖ មន្ត្រីសន្តិសុខជាន់ខ្ពស់អ៊ីរ៉ង់ពីររូបបានឱ្យដឹងថា អ៊ីរ៉ង់បានរៀបចំផែនការលម្អិតដើម្បីវាយប្រហារខ្សែកាបទំនាក់ទំនងក្រោមសមុទ្រនៅតំបន់ឈូងសមុទ្រ ប្រសិនបើសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបើកការវាយប្រហារលើអ៊ីរ៉ង់ជាថ្មី។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ចុះផ្សាយនៅថ្ងៃទី២៣ ខែតុលា។ មន្ត្រីទាំងពីររូបបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយមិនបានបញ្ជាក់ពីទីតាំង និងវិធីសាស្ត្រជាក់លាក់ដែលអ៊ីរ៉ង់អាចប្រើក្នុងការវាយប្រហារនោះទេ។ ទោះជាយ៉ាងណា មន្ត្រីម្នាក់បានលើកឡើងថា អ៊ីរ៉ង់អាចរារាំងការជួសជុលខ្សែកាប បន្ទាប់ពីការវាយប្រហារ ដើម្បីអូសបន្លាយការរំខានដល់ប្រព័ន្ធទំនាក់ទំនង និងសេវាអ៊ីនធឺណិត។

មន្ត្រីរូបនេះបានព្រមានថា ប្រសិនបើអ៊ីរ៉ង់រងការវាយប្រហារ នោះនឹងគ្មានខ្សែបន្ទាត់ក្រហមទៀតឡើយ ដោយរាប់បញ្ចូលទាំងខ្សែកាបក្រោមសមុទ្រ និងមូលដ្ឋានយោធា រួមទាំងទីតាំងសម្ងាត់ផងដែរ។

កាលពីថ្ងៃពុធ លោក Yadollah Javani អនុប្រធានកិច្ចការនយោបាយនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បាននិយាយថា អ៊ីរ៉ង់អាចកំណត់គោលដៅលើខ្សែកាបអ៊ីនធឺណិតធំៗចំនួន៧ ដែលឆ្លងកាត់ក្រោមច្រកសមុទ្រ Hormuz ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ីរ៉ង់រងការវាយប្រហារ។

យោងតាមសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ខ្សែកាបក្រោមសមុទ្រដឹកជញ្ជូនប្រហែល៩៩% នៃចរាចរណ៍ទិន្នន័យអ៊ីនធឺណិតអន្តរជាតិ។ ប៉ុន្តែ លោក Alan Mauldin នាយកស្រាវជ្រាវនៃក្រុមហ៊ុន TeleGeography បានវាយតម្លៃថា ផលប៉ះពាល់ជាសកលពីការវាយប្រហារលើខ្សែកាបឆ្លងកាត់ច្រកសមុទ្រ Hormuz អាចមានកម្រិតតិចជាង១% នៃសមត្ថភាពបញ្ជូនទិន្នន័យអន្តរជាតិសរុប។

ច្រកសមុទ្រ Hormuz ស្ថិតនៅចន្លោះអ៊ីរ៉ង់ និងអូម៉ង់ ហើយជាផ្លូវទឹកយុទ្ធសាស្ត្រដែលតភ្ជាប់ឈូងសមុទ្រពែក្សទៅកាន់ឈូងសមុទ្រអូម៉ង់ និងសមុទ្រអារ៉ាប់។

ទន្ទឹមនឹងនេះ មន្ត្រីសន្តិសុខជាន់ខ្ពស់អ៊ីរ៉ង់ លោក Mohsen Rezaei ក៏បានព្រមានកាលពីដើមខែនេះថា មជ្ឈមណ្ឌលទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិតដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រ អាចក្លាយជាគោលដៅក្នុងករណីមានជម្លោះយោធាជាថ្មី។ លោក Alex Vatanka នាយកកម្មវិធីសិក្សាអំពីអ៊ីរ៉ង់នៅវិទ្យាស្ថានមជ្ឈិមបូព៌ា ក្នុងទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ការគំរាមកំហែងនេះមានគោលបំណងទប់ស្កាត់ការផ្ទុះសង្គ្រាមជាថ្មី និងដាក់សម្ពាធលើទីក្រុងវ៉ាស៊ីនតោន តាមរយៈការបង្កើនការព្រួយបារម្ភរបស់រដ្ឋាភិបាលក្នុងតំបន់ និងក្រុមហ៊ុនអាមេរិកចំពោះសុវត្ថិភាពនៃការវិនិយោគរបស់ពួកគេ។

អ្នកវិភាគបានព្រមានថា ការកាត់ផ្តាច់ខ្សែកាបក្រោមសមុទ្រជាច្រើនអាចធ្វើឱ្យសេវាអ៊ីនធឺណិតយឺត និងរំខានដល់ប្រតិបត្តិការហិរញ្ញវត្ថុ ពាណិជ្ជកម្មអេឡិចត្រូនិក និងសេវាកុំព្យូទ័រពពក។ ការស្តារបណ្តាញទំនាក់ទំនងឡើងវិញក៏អាចមានការលំបាកក្នុងអំឡុងពេលសង្គ្រាម ដោយសារការចំណាយលើការធានារ៉ាប់រងកើនឡើង និងការពន្យារពេលក្នុងការទទួលបានការអនុញ្ញាតឱ្យចូលទៅកាន់ដែនទឹកដែលរងផលប៉ះពាល់។ អ្នកជំនាញមួយចំនួនក៏បានលើកឡើងថា សមុទ្រក្រហមអាចជាតំបន់ងាយរងគ្រោះសំខាន់ជាងច្រកសមុទ្រ Hormuz ជាពិសេសប្រសិនបើអ៊ីរ៉ង់ទទួលបានការគាំទ្រពីក្រុមហ៊ូទីនៅប្រទេសយេម៉ែន។ សមុទ្រក្រហមជាផ្លូវសំខាន់សម្រាប់បញ្ជូនទិន្នន័យរវាងអឺរ៉ុប អាហ្វ្រិកខាងកើត និងអាស៊ី។

កាលពីខែមីនា ការវាយប្រហាររបស់អ៊ីរ៉ង់បានប៉ះចំទីតាំងពីររបស់ក្រុមហ៊ុន Amazon Web Services នៅប្រទេសអេមីរ៉ាតអារ៉ាប់រួម និងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធនៅជិតទីតាំងមួយរបស់ក្រុមហ៊ុននេះក្នុងប្រទេសបារ៉ែន។ ក្នុងអំឡុងពេលនោះ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ក៏បានចាត់ទុកក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយចំនួន រួមមាន Microsoft, Google, Apple និង Nvidia ជាគោលដៅស្របច្បាប់ផងដែរ។

ដើម្បីកាត់បន្ថយហានិភ័យ ប្រទេសក្នុងតំបន់ឈូងសមុទ្រ និងក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកកំពុងបង្កើនការវិនិយោគលើបណ្តាញតភ្ជាប់តាមផ្លូវគោក ដើម្បីផ្តល់ផ្លូវជំនួសសម្រាប់ការបញ្ជូនទិន្នន័យ។ ក្នុងនោះ ក្រុមហ៊ុន Microsoft គ្រោងវិនិយោគជាង៤០០លានដុល្លារ លើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តាមសមុទ្រ និងផ្លូវគោកនៅមជ្ឈិមបូព៌ា រហូតដល់ឆ្នាំ២០៣០។ ក្រសួងការបរទេសអាមេរិក និងក្រសួងការបរទេសអ៊ីរ៉ង់ មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយរបស់រ៉យទ័រជុំវិញការគំរាមកំហែងនេះទេ ខណៈរដ្ឋាភិបាលនានានៅតំបន់ឈូងសមុទ្រក៏មិនទាន់មានប្រតិកម្មភ្លាមៗដែរ។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters