ជារាងរាល់ថ្ងៃកាន់បិណ្ឌនៃបុណ្យភ្ជុំបិណ្ឌ គេសង្កេតឃើញថាបានឮបទស្មូតមួយដ៏គ្រលូច "ទំនួញប្រេត" នៅតាមវត្តអារាម ក្នុងព្រះរាជាណាចក្រកម្ពុជា ។ នៅក្នុងបទទំនួញប្រេត មានអត្ថន័យអប់រំកូនចៅ ដែលនៅកំពុងមានជីវិត ឲ្យស្គាល់ភារកិច្ច និង កិច្ចដែលត្រូវធ្វើពេលភ្ជុំបិណ្ឌជាមួយនឹងអ្នកមានគុណ។ ទំនួញប្រេត និពន្ធដោយលោក ពេជ្រ សុខា ជាចម្រៀងរៀបរាប់សុខទុក្ខ បុណ្យ បាប របស់ឪពុកម្តាយ ដែលបានកើតទៅជាប្រេតក្រោយពេលស្លាប់។ ប្រជាជនខ្មែរបានមានជំនឿថា នៅរដូវភ្ជុំបិណ្ឌ ជាពេលដែលពួកយមបាល បើកទ្វារនរកអនុញ្ញាតឲ្យប្រេតមានឱកាសឡើងមកទទួលទានរបស់កូនចៅ សាច់ញាតិ ឬ គ្រួសាររបស់ពួកគេ ។ ប្រជាជនខ្មែរធ្លាប់ឮបទស្មូតនេះនៅរដូវបុណ្យកាន់បិណ្ឌ ។ បទមួយទៀត មានចំណងជើងថា "ទំនួញប្រេត" ដូចគ្នាដែរ ប៉ុន្តែមិនមែនជាស្មូតទេអត្ថន័យក៏ខុសគ្នាដែរ ។


ដោយមិនសូវមានឯកសារច្រើនពីប្រវត្តិអ្នកនិពន្ធបទទំនួញប្រេតនេះឡើងមកឡើយ ដោយតាមការស្រាវជ្រាវបានបញ្ជាក់ថាលោកមានឈ្មោះពេជ្រ សុខា ដែលលោក កើតនៅឆ្នាំ១៩៤៩ នៅភូមិតាជោ ឃុំសង្កែ ស្រុករំដួល ខេត្តព្រៃវែង ខេត្តស្វាយរៀង ។លោកធ្លាប់ជាសិស្សលោកតាព្រឹទ្ធាចារ្យភិរម្យវោហារ ប្រាជ្ញ ឈួន ផ្នែកខាងចាបុីដងវែង គាត់ធ្លាប់បានច្រៀងចម្រៀង រឿងទុំទាវ អ្នកចម្រៀងអាយ៉ៃ និងជាអ្នកស្មូតបទទំនួញប្រែត ដ៏ល្បីរបស់ប្រទេសកម្ពុជា។ លោក ពេជ្រ សុខា បានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី គឹម ហន និងមានកូនចំនួន ៥នាក់ ប្រុស៤ ស្រី១ តែអនិច្ចាកូនស្រីដែលមាននិស្ស័យដូចលោកដែរនោះ បានស្លាប់ទៅហើយ។ លោក ពេជ្រ សុខា បានទទូលមរណភាពនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១០ វេលាម៉ោង ៤ ទៀបភ្លឺ ក្នុងអាយុ៦១ឆ្នាំ បន្ទាប់លោកដួលបោកក្បាលយ៉ាងធ្ងន់ធ្ងរ។ ថ្វីត្បិតតែលោកលាចាកលោកទៅហើយក៏ពិតមែន តែស្នាដៃរបស់លោកនៅតែដិតដាននៅក្នុងចិត្តរបស់ប្រជាជាតិស្ទើរតែទូទាំងប្រទេសកម្ពុជា។