ប្រធានាធិបតី​វេណេស៊ុយអេឡា លោក Nicolás Maduro បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា​កំពុង​តែស្វែងរក​ការ​ផ្លាស់ប្ដូរ​របប​ដឹកនាំ​របស់​លោក បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ពង្រាយ​កងទ័ព​ជើងទឹក​នៅ​សមុទ្រ​ការីបប៊ីន ដែល​ជា​ផ្លូវការ​គឺ​ដើម្បី​រារាំង​ក្រុម​ជួញដូរ​គ្រឿងញៀន។

លោក Maduro បាន​ហៅ​ការ​ពង្រាយ​នេះ​ថា​ជា "ការ​គំរាមកំហែង​ជា​ប្រវត្តិសាស្ត្រ" ហើយ​បាន​ប្តេជ្ញា​ថា​ប្រទេស​វ៉េណេស៊ុយអេឡា​គឺ "ត្រៀម​ខ្លួន​រួច​ជាស្រេច"។ រដ្ឋបាល​លោក Trump បាន​ចោទប្រកាន់​លោក Maduro ថា​ជា​មេ​ជួញដូរ​គ្រឿងញៀន ហើយ​ថែមទាំង​បាន​ផ្តល់​រង្វាន់ ៥០​លាន​ដុល្លារ​សម្រាប់​ការ​ចាប់​ខ្លួន​លោក​ទៀត​ផង។

មន្ត្រី​អាមេរិក រួម​ទាំង​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​លោក Sean Parnell បាន​និយាយ​ថា​ការ​ដាក់​ពង្រាយ​នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​ទូលំទូលាយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ជួញដូរ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​អាមេរិក និង​ក្នុង​តំបន់ ទោះបីជា​ពួកគេ​បាន​បដិសេធ​មិន​ពិភាក្សា​ពី​ប្រតិបត្តិការ​នាពេល​អនាគត​ក៏ដោយ។